Ad Code

យុវជន​កម្ពុជា​ត្រៀមខ្លួន​ដូចម្ដេច ​ដើម្បី​ចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដំណាច់ឆ្នាំ​២០១៥​នេះ​

ភ្នំពេញ ​៖ ប្រទេស​អាស៊ាន​ទាំង​១០​នឹង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ដំណាច់ឆ្នាំ ២០១៥ ដែល​ជា​ទីផ្សារ​រួម​មួយ​សម្រាប់​ដោះដូរ​ផលិតផល​ក្នុង​ប្រទេស​អាស៊ាន​។ ​ពាក់ព័ន្ធ​បញ្ហា​សមាហរណកម្ម​សេដ្ឋ​កិច្ច​អាស៊ាន​នេះ ប្រជាជន​កម្ពុជា ពិសេស​យុវជន​ត្រូវ​ត្រៀមលក្ខណៈ​បែប​ណា​ ដើម្បី​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ក្នុង​តំបន់។​



លោក សៀង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា អាស៊ាន បាន​ថ្លែងប្រាប់​វិទ្យុ​បរទេស​ជា​ភាសា​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការចូលរួម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​ធ្វើ​ឲ្យ​យុវជន​កម្ពុជា​មានការ​ភ្ញាក់​រលឹក​ច្រើនណាស់ ​ហើយ​បាន​នាំ​គ្នា​ខិតខំ​ប្រឹងប្រែង​ស្រវាស្រទេញ​រក​រៀនសូត្រ​ប្រឹង​សម្លឹង​មើលទៅ​ខាងក្រៅ នេះ​ជា​កត្តា​វិជ្ជមាន​មួយ​អាច​ឲ្យ​យុវជន​កម្ពុជា​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​យុវជន​។ ការ​ធ្វើ​សមាហរណកម្ម​នេះ​គឺ​មាន​អានុភាព​ធំ​ណាស់ ​ដែល​អាច​ឲ្យ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន ពោល​គឺ​ពេល​ដែល​យើង​ចូល សហគមន៍​តែមួយ​បែបនេះ គឺ​យើង​មាន​ឱកា​ស​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ពី​ក្រៅ​អាស៊ាន ដែល​យើង​អាច​បង្កើន​ការងារ​ក្នុង​ប្រទេ​ស ទទួល​បាន​ទាំង​បច្ចេកវិទ្យា​ និង​ការ​បណ្ដុះបណ្ដាល ព្រោះ​ពេល​ដែល​មាន​វិនិយោគ​ចូល​មក​គេ​ត្រូវ​មាន​ផលិតកម្ម​របស់​គេ​ ដែល​មាន​ថ្លៃដើម​ទាប​អាច​ផលិត​ក្នុង​បរិមាណ​ធំ​ ដើម្បី​គេ​អាច​ទទួលផល​លា​ភ​ពី​សេដ្ឋកិច្ច​។​



លោក សៀង សុ​បញ្ញា បាន​លើក​ឡើង​ថា និយាយ​ជា​រួម​យុវជន​អាស៊ាន​មាន​ច្រើន ដោយឡែក​យុវជ​ន​កម្ពុជា​ក៏​មាន​ចំនួន​ច្រើន​ណាស់​ដែរ បើ​យើង​ពិនិត្យមើល​ស្ថិតិ​យុវជន​អាយុ​ក្រោម​២៥​ឆ្នាំ មាន​ចំនួន ៥២ ភាគរយ ចំណែក​យុវជន​អាយុ​ក្រោម​៣៥​ឆ្នាំ វិញ​មាន​ប្រមាណ ៧០ ភាគរយ ដូច្នេះ​ទំហំ​យុវជន​យើង​មាន​ច្រើនណាស់ ដែល​ទំហំ​នេះ​ក្នុង​រយៈពេល​២០​ឆ្នាំ​ខាងមុខ កម្លាំង​នេះ​ជា​កម្លាំង​ជំនាន់​ក្រោយ​នៅក្នុង​ទីផ្សារ​ការងារ​របស់​អា​ស៊ាន​ពេញទំហឹង​។ ​នេះ​ជា​ចំណុច​ល្អ​របស់​កម្ពុជា ​ដែល​មាន​ប្រជាពល​រដ្ឋ​វ័យក្មេង​ច្រើន​ក្នុង​ការ​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​។​



ទាក់ទង​ទៅ​នឹង​បញ្ហា​យុវជន​ដែល​ត្រូវ​ប្រឈម ​និង​ការ​ធ្វើ​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ា​ន​គឺជា​បញ្ហា​សំខាន់​មួយ ព្រោះថា​ មេដឹកនាំ​អាស៊ាន​ជំនាន់​នេះ​កំពុងតែ​រៀបចំ​ការងារ​របស់​ខ្លួន​ ដើម្បី​អ្នក​ជំនាន់​ក្រោយ​គឺ​យុវជន​នេះឯង ដូច្នេះ​យុវជន​ត្រូវតែ​ស្វែងយល់​នូវ​អ្វី​ដែល​មេដឹកនាំ​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ត្រូវធ្វើ ​ដើម្បី​ទាញ​យក​មរតក​ពី​មេដឹកនាំ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កន្លងមក​។ ជាច្រើន​ឆ្នាំ​កន្លង​មក​មេដឹកនាំ​អាស៊ាន​បាន​ខិតខំ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សមាហរណកម្ម​អាស៊ាន​នេះ​ក្លាយជា​សមាហរណកម្ម​មួយ​​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន ​ដែ​ល​គេ​ដឹង​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ាន​មាន​ប្រជាពលរដ្ឋ​ជាង​៦០០​លាន​នាក់​។​


មានការ​ចោទ​ជា​សំណួរ​សួរ​ថា នៅ​ប្រទេស​កម្ពុជា​ប្រជាជន​ក្រីក្រ​មាន​ច្រើន​ដូច្នេះ​យុវជន​អាច​ជួប​ប្រទះ​ផល​លំបាក​ក្នុង​ការ​ទទួលយក​អ្វី​ដែល​ថ្មី ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​រួម​ក្នុង​អាស៊ាន​នេះ​។​



លោក សៀង សុ​បញ្ញា បាន​ប្រៀបធៀប​ថា មនុស្ស​ដែល​មាន​សុខភាព​ល្អ​ និង​មនុស្ស​មាន​ជំងឺ​មាន​ការ​ខុសគ្នា​គឺ​នៅពេល​គេ​ឲ្យ​បាយ​មួយ​ចាន ​ឬ​សម្ល​មួយ​ចាន​ដូចគ្នា ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ គាត់​ទទួលទាន​ឆ្ងាញ់​ ហើយ​គាត់​អាច​ស្រូប​យក​ជីវជាតិ​បាន​ច្រើន​ទៀត​ជាង​អ្នក​ដែល​ឈឺ​។ ​នេះ​ជា​ឧទាហរណ៍​ជាក់ស្ដែង​​ទាំងអស់គ្នា​ត្រូវ​ដឹង​បញ្ហា​នេះ ​និង​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា​ ដើម្បី​ពង្រឹង​គុណ​ភាព​លើ​ការ​បណ្ដុះបណ្ដាល ការអប់រំ ព្រមទាំង​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​ថែមទៀត​។ ​ដូច្នេះ​យើង​ត្រូវ​មាន​សុទិដ្ឋិនិយម គឺថា​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​ ឬ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នេះ​នឹង​ផ្ដល់​ឱកាស​ច្រើន​ដល់​យុវជន​របស់​យើង​។



​យុវជន​កម្ពុជា​មាន​ឱកាស​ច្រើន ដូចជា​យុវជន​នៅ​ភ្នំពេញ ​និង​តាម​ទីប្រជុំជន​ធំៗ​នានា​គាត់​មាន​សមត្ថ​ភាព​គាត់​អាច​ទទួល​បាន​នូវ​ឱកាស​ការងារ​កាន់តែ​ល្អ​នៅពេល​អនាគត​ ហើយ​អាច​សម្លឹង​មើល​ការងា​រ​នៅ​ក្រៅ​ប្រទេស​ទៀត​។​ ចំពោះ​អ្នកជំនាញ​ដែល​យើង​ខ្វះខាត​នៅ​កម្ពុជា​នេះ យើង​សង្ឃឹមថា ​​នឹង​ត្រូវ​បាន​បំពេញបន្ថែម​នូវ​មុខជំនាញ​ពី​ខាងក្រៅ​ ដែល​អាច​ធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​របស់​យើង​អាច​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ល្អ​។​


​ចំពោះ​យុវជន​តាម​ជនបទ​ដែល​ខ្វះ​ឱកាស​គឺជា​ការ​ប្រឈម​នឹង​ជា​កង្វល់​របស់​យើង​ទាំង​អស់គ្នា ទាំង​ថ្នាក់ដឹកនាំ ទាំង​អ្នកស្រាវជ្រាវ តែ​យើង​គ្មានអ្វី​ក្រៅពី​ការជំរុញ​ឲ្យ​យុវជន​ព្យាយាម ទី​១ ខិតខំ​ប្រឹង​ប្រែ​ង​រៀនសូត្រ កុំ​បោះបង់ចោល​ការសិក្សា ហើយ​ពេល​បន្ត​សិក្សា​នៅ​ថ្នាក់ឧត្ដម​សិក្សា គាត់​ត្រូវ​ស្វែងរក​ជំនាញ​សម្រាប់​ខ្លួន ព្រោះថា​ពលកម្ម​ជំនាញ​វិជ្ជាជីវៈ​នេះ​គឺជា​ការងារ​ដ៏​សំខាន់​មួយ​ដែរ​ព្រោះ​នៅ​តាម​ប្រទេស​ជឿនលឿន​មួយចំនួន អ្នក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ គេ​អាច​ទៅ​ធ្វើ​ការងារ​ដូចជា ជាងភ្លើង ត​ទឹក ជួសជុល ដែល​អាច​ទទួល​បាន​ប្រាក់កម្រៃ​ខ្ពស់​ដែរ​។​ ដូច្នេះ​យុវជន​ទាំងអស់​ត្រូវតែ​ចាប់​យក​ជំនាញ​ណាមួយ​ឲ្យ​បាន​សម្រាប់​ខ្លួនឯង​និង​អាច​ចូលរួម​ជាមួយ​គេ​បាន​ដោយ​ស្មើមុខ ​និង​ទទួល​បាន​ភាព​រីករាយ​ទាំងអស់គ្នា​ក្នុង​ដំណាក់កាល​សមាហរណកម្ម​នេះ​។ យើង​ត្រូវ​ក្ដោប​យក​ឱកា​ស​និង​ពង្រឹងសមត្ថភាព​ខ្លួនឯង​ឲ្យ​ពេញ​បរិបូរណ៍ ព្រោះថា​ កាលានុវត្ត​ភាព​នានា​របស់​អាស៊ាន​គឺ​សម្រាប់​យុវជន​របស់​យើង​ជំនាន់​នេះ​ និង​ជំនាន់​ក្រោយ​។​


​លោក សៀង សុ​បញ្ញា បាន​ឲ្យ​ដឹង​ថា នៅក្នុង​ក្របខណ្ឌ​អាស៊ាន​មាន​សសរស្ដម្ភ​មួយ​របស់​អាស៊ាន​គឺ​សង្គម​វប្បធម៌ នៅក្នុង​សង្គម​វប្បធម៌​នេះ​គឺ​មាន​ការ​គិតគូរ​ទៅលើ​អ្នក​ដែល​បាត់បង់​ឱកាស​។​ ប៉ុន្តែ​ក្រៅ​ពី​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​សកម្មភាព​វិនិយោគ សកម្មភាព​សេដ្ឋកិច្ច​នេះ អ្នក​អត់​ជំនាញ​គឺ​អាច​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ ឬ​ធ្វើ​វិស័យ​ផ្សេងៗ​ទៀត ជាក់ស្តែង​ទីផ្សារ​កសិកម្ម​មាន​ភាព​ទូលំទូលាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន ដូច្នេះហើយ​ផលិតផល​កសិកម្ម​របស់​គាត់​ក៏​ងាយស្រួល​ក្នុង​ការ​លក់​បាន​ខ្ពស់​ធ្វើ​ឲ្យ​ចំណូល​របស់​គាត់​មានការ​កើនឡើង​។​

​ ​

​ម្យ៉ាងទៀត ប្រជាជន​អាច​ធ្វើ​ទេសន្តរប្រវេសន៍ ​ដើម្បី​ធ្វើ​ការងារ​នៅ​ប្រទេស​អាស៊ាន ព្រោះ​អាស៊ាន​មាន​យន្តការ​ក្នុង​ការ​ការពារ​ទេសន្តរប្រវេសន៍ ដោយ​អាស៊ាន​មាន​លក្ខខណ្ឌ​ការពារ​ទេសន្តរប្រវេសន៍​នេះ​ផង​ដែរ ព្រោះ​មេដឹកនាំ​អាស៊ាន​ដែល​ចរចា​បង្កើត​សហគមន៍​អាស៊ាន​នេះ​មិនមែន​ចង់​ឲ្យ​យើង​ដើរ​ថយក្រោយ​ទេ។​

​ ​

​ទាក់ទង​នឹង​ការប្រើប្រាស់​ភាសា​នោះ លោក សៀង សុ​បញ្ញា បាន​គូស​បញ្ជាក់​ថា អាស៊ាន​មាន​បញ្ហា​ប្រឈម​មួយ​គឺ​ប្រទេស​១០ មាន​ភាសា​១០ វប្បធម៌​សាសនា​ក៏​ច្រើន របៀបរបប​នយោបាយ​ក៏​ខុសគ្នា​ច្រើន​ដែរ កម្រិត​អភិវឌ្ឍ​សេដ្ឋកិច្ច​ក៏​មាន​កម្រិត​ខុសគ្នា​ច្រើន​ដែរ ដូច្នេះ​ក្នុង​អាស៊ាន​មាន​ភាសា​ផ្សេងៗ​គ្នា​ច្រើន ប៉ុន្តែ​បញ្ហា​ភាសា​នេះ​ត្រូវ​បាន​ចែង​ក្នុង​មាត្រា​៤០​ធម្មនុញ្ញ​របស់​អាស៊ាន ដែល​និយាយ​ថា ភា​សា​ផ្លូវការ​របស់​អាស៊ាន គឺ​ភាសា​អង់គ្លេស ប៉ុន្តែ​ក្រៅពី​ភាសា​អង់គ្លេស យុវជន​របស់​យើង​គួរ​ចាប់​យក​ភាសា​ណាមួយ​ទៀត​របស់​អាស៊ាន អាស្រ័យ​លើ​ការ​ជ្រើសរើស​។​

​ ​ ​

ចំពោះ​ពលកម្ម​ជំនាញ​សម្រាប់​យុវជន​កម្ពុជា ក្រសួង​អប់រំ ក្រសួង​ការងារ​ក៏បាន​បណ្ដុះបណ្ដាល​ ជំនា​ញ​វិជ្ជាជីវៈ​ច្រើន​ដែរ​ និង​បង្កើន​គុណភាព​ក្នុង​ការ​បណ្ដុះបណ្ដាល​។ ​ដូច្នេះ​ការអប់រំ​ត្រូវការ​ទាមទារ​ពេ​ល​វេលា​មួយចំនួន​ខិតខំ​ទាំងអស់គ្នា​ធ្វើ​យ៉ាង​ណា​ឲ្យ​យុវជន​ទាំងអស់គ្នា​មាន​ជំនាញ​អាច​ប្រកួត​ប្រជែ​ង​បាន​ និង​អាច​ធ្វើការ​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​នៅ​ក្រៅ​អាស៊ាន​។​



ទាក់ទង​នឹង​ជំនាញ​ដែល​អាច​ធ្វើ​ចល័ត​កម្ម​ក្នុង​តំបន់​អាស៊ាន​សម្រាប់​ទីផ្សារ​ការងារ​អាស៊ាន​គឺ​មាន​មុខជំនាញ​ចំនួន​៨​ ដែល​មាន​កិច្ចព្រមព្រៀង​អាស៊ាន​គឺ​

១-​វិស្វកម្ម ២-​ស្ថាបត្យកម្ម ៣-​ទន្តពេទ្យ ៤-​គិលានុបដ្ឋាក ៥-​វេជ្ជបណ្ឌិត​ ៦-​ការវាស់វែង​ដីធ្លី​ ​៧-​គណ​នេយ្យ និង​ទី​៨-​ទេសចរណ៍។ ​ជំនាញ​នេះ​អាច​ចល័ត​បាន​ក្នុង​តំបន់​អាស៊ាន​នា​ចុងឆ្នាំ​២០១៥ ដូច្នេះ​យុវជន​ត្រូវ​ខិតខំ​ប្រឹងប្រែង​ឲ្យ​មាន​សមត្ថភាព ​ដើម្បី​ធ្វើការ​បាន​តាម​កិច្ចព្រមព្រៀង​ ឬ​មានការ​ព្រម​ព្រៀង​ទ្វេភាគី​ក្នុង​ដៃគូ​នៃ​ប្រជាជន​អាស៊ាន​។​

​ ​

សមាគម​អាស៊ាន​បង្កើត​ឡើង​ ដើម្បី​យុវជន​ទាំងអស់​ ប៉ុន្តែ​យើង​សង្កេត​ឃើញ​ថា យុវជន​កម្ពុជា​មួយ​ចំនួន​ហាក់បីដូចជា​មើលឃើញ​អាស៊ាន​នៅ​ឆ្ងាយ​ណាស់​ដូច្នេះ​អ្នកជំនាញ ក៏ដូចជា​រាជរដ្ឋាភិបាល​សំណូមពរ​ឲ្យ​យុវជន​របស់​យើង​ព្យាយាម​ស្វែងយល់​ពី​កាលានុវត្ត​ភាព​នានា​របស់​អាស៊ាន ​ដែល​អាស៊ាន​ផ្ដល់​ឲ្យ​យើង​ពិសេស​ក្នុង​ក្របខណ្ឌ​ជំនាញ​ទាំង​៨ មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង៕​

​ ​

លោក សៀង សុ​បញ្ញា បាន​អំពាវនាវ​ឲ្យ​យុវជន​ត្រូវ​ព្យាយាម​ចាប់​យក​ជំនាញ​ណាមួយ​ឲ្យ​បាន​ច្បាស់​និង​ភាសា​អង់គ្លេស ​ដែល​ជា​យាន​ចាំបាច់​។​ យុវជន​ត្រូវ​ខិតខំ​សម្លឹង​មើល​ក្របខណ្ឌ​ក្នុង​តំបន់ ​និង​ក្រៅ​តំបន់​គឺ​មិនមែន​មើល​តែ​ឱកាស​ការងារ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ លោក​បាន​បញ្ជាក់​ថា អាស៊ាន​មាន​សារៈសំខាន់​ណាស់ កត្តា​ទី​១ និយាយ​ពី​ផលទុន​សរុប​របស់​អាស៊ាន​មាន​ប្រមាណ​៣​លាន​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ាន មាន​ទុន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​៦​លើ​ពិភពលោក​។ និយាយ​ពី​ដៃគូ​ពាណិជ្ជកម្ម​វិញ​ទាំង​ដៃគូ​ក្នុង​អាស៊ាន ​និង​ដៃគូ​របស់​អាស៊ាន​គឺ​អាស៊ាន​កាន់តែ​មាន​តួនាទី​សំខាន់​ទៅ​ៗ៕


30-12-2015f



យុវជន​កម្ពុជា​ត្រៀមខ្លួន​ដូចម្ដេច ​ដើម្បី​ចូលរួម​ក្នុង​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នៅ​ដំណាច់ឆ្នាំ​២០១៥​នេះ​

Post a Comment

0 Comments

Close Menu