ព្រះសីហនុ ៖ លោក យូ ដាណាង ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងឆ្នាំ២០១៥នេះ ប្រជាពលរដ្ឋបានយករថយន្តរបស់ខ្លួនគ្រប់ប្រភេទមកឆៀកនៅមន្ទីរសាធារណការខេត្តព្រះសីហនុមានការកើនឡើងចំនួន ៦០% ក្នុងនោះ មានរថយន្តទេសចរណ៍គ្រប់ប្រភេទចំនួន២.៧៩២គ្រឿង រថយន្តដឹកទំនិញគ្រប់ប្រភេទចំនួន២.៤២៩គ្រឿង និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទចំនួន៦៩៨គ្រឿង។ ក្រៅពីការងារឆៀកបម្រើសេវាជូនប្រជាពលរដ្ឋ ការិយាល័យដឹកជញ្ជូនខេត្តព្រះសីហនុក៏បានធ្វើការផាកពិន័យលើរថយន្តទេសចរណ៍គ្រប់ប្រភេទចំនួន ១.១៣៣គ្រឿង រថយន្តដឹកទំនិញគ្រប់ប្រភេទចំនួន ៤១២គ្រឿង និងរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទចំនួន១៥២គ្រឿង។
លោកប្រធានការិយាល័យដឹកជញ្ជូនខេត្តបានឲ្យដឹងថា ប្រជាពលរដ្ឋបាននាំគ្នាយករថយន្តមកឆៀកនៅមន្ទីរសាធារណការខេត្តព្រះសីហនុមានការកើនឡើង ដោយសារក្រសួងបានធ្វើការពិន័យលើរថយន្តមានកម្រិតអាចឲ្យអ្នកប្រើប្រាស់ទទួលយកបាន ពួកគាត់នាំគ្នាយករថយន្តមកឆៀកនៅការិយាល័យដឹកជញ្ជូនខេត្តព្រះសីហនុកាន់តែច្រើន ម្យ៉ាងការឆៀករថយន្តនៅរាជធានីភ្នំពេញមានការលំបាកដោយសារមានរថយន្តច្រើនបន្តកន្ទុយគ្នា ស្របពេលដែលពួកគាត់មកលេងកម្សាន្ដខេត្តព្រះសីហនុ ពួកគាត់យករថយន្តមកឆៀកនៅខេត្តព្រះសីហនុមានចំនួនច្រើនឡើងជាងឆ្នាំ២០១៤កន្លងមក យើងសង្ឃឹមថា នៅឆ្នាំ២០១៦ ខាងមុខនេះ ប្រជាពលរដ្ឋនឹងយករថយន្តរបស់ខ្លួនមកឆៀកកាន់តែច្រើនឡើងបន្ថែមទៀត។
លោក យូ ដាណាង បានបន្តថា ក្រៅពីការងារឆៀករថយន្ត ការិយាល័យដឹកជញ្ជូនក៏បានធ្វើការចុះបញ្ជីទោចក្រយានយន្តបានចំនួន ១.៦៩៥គ្រឿង រថយន្តទេសចរណ៍បានចំនួន ២០៥គ្រឿង រថយន្តដឹកអ្នកដំណើរចំនួន ១១៧គ្រឿង រថយន្តដឹកទំនិញធុនធំ ៣០៦គ្រឿង រថយន្តដឹកទំនិញធុនតូច ១១៣គ្រឿង និងរថយន្តធុនធំ០៦គ្រឿងផ្សេងទៀត។
លោកបានឲ្យដឹងបន្តទៀតថា ការិយាល័យដឹកជញ្ជូនខេត្តព្រះសីហនុបានចេញប័ណ្ណបើកបរ ប្រភេទ B បានចំនួន ១.៦៥៣ប័ណ្ណ ប្រភេ C ចំនួន ៨៧ប័ណ្ណ ប្រភេទ D2 ចំនួន ២១៦ប័ណ្ណ និងប្រភេទ CE ចំនួន ៣០០ប័ណ្ណ។ ការិយាល័យដឹកជញ្ជូនបានចេញប័ណ្ណអាជីវកម្មរថយន្តធុនតូច ក្រោម ២០កៅអីបានចំនួន ៩៦គ្រឿង រថយន្តទម្ងន់ក្រោម ៥តោនបានចំនួន ៥២០គ្រឿង និងរថយន្តធំលើសពី ៥តោនចំនួន ១៣៨គ្រឿង។
លោក យូ ដាណាង ប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការខេត្តព្រះសីហនុបានបន្តថែមទៀតថា នៅចុងខែធ្នូ ឆ្នាំ២០១៥នេះ ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានចេញចរាចរណ៍ណែនាំឲ្យគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេសចាប់អនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងត្រូវអនុវត្តនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកមកធ្វើស្លាកលេខរថយន្ត ទោចក្រយានយន្ត និងមកប្រឡងយកប័ណ្ណបើកបរយ៉ាងច្រើននៅការិយាល័យដឹកជញ្ជូនខេត្តព្រះសីហនុ។
លោក យូ ដាណាង បានបញ្ជាក់ថា ចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន គឺមាន៣ចំណុច ដូចជា នៅពេលបញ្ជូនឯកសារទៅកាន់មន្ត្រីជំនាញនៅរាជធានីភ្នំពេញក្នុងការស្នើសុំស្លាកលេខរថយន្ត ទោចក្រយានយន្តមានការយឺតយ៉ាវ នៅពេលផ្ញើមកការិយាល័យដឹកបញ្ជូនខេត្តព្រះសីហនុវិញ ទី២ ការបង់ពន្ធប្រថាប់ត្រា និងទី៣ ការចេញប័ណ្ណសំគាល់មានការយឺតយ៉ាវ ក៏ប៉ុន្តែយើងនឹងជំរុញការផ្តល់ប័ណ្ណបើកបរ និងការសុំស្លាកលេខយានយន្តគ្រប់ប្រភេទឲ្យកាន់តែបានលឿនបន្ថែមទៀត ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុកាន់តែល្អប្រសើរ៕
ប្រជាពលរដ្ឋចូលមកឆៀករថយន្តមានការកើនឡើង ៦០% ក្នុងឆ្នាំ២០១៥នេះ
0 Comments