ភ្នំពេញ ៖ ទោះបីជាមានការខិតខំប្រឹងប្រែងលុបបំបាត់សេវាសុខាភិបាលខុសច្បាប់យ៉ាងណាក៏ដោយ ក៏នៅមានសេវាថែទាំ និងពិគ្រោះព្យាបាលខុសច្បាប់ ជិត១ពាន់កន្លែងទៀតនៅទូទាំងប្រទេសដែលបញ្ហានេះជំរុញឲ្យស្ថាប័នពាក់ព័ន្ធនានា រួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យអស់ទាំងស្រុង ដើម្បីការពារសុខភាពប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មការនេះបានឲ្យដឹងថា បច្ចុប្បន្ននេះនៅសល់សេវាថែទាំ និងពិគ្រោះព្យាបាលខុសច្បាប់ សរុបចំនួន៩៧៣កន្លែង ដែលក្នុងនោះអ្នកដើរចាក់ថ្នាំ អត់ច្បាប់មានចំនួន៦៨៤កន្លែង ក្រោយពីបានលុបបំបាត់អស់ចំនួន១.៣៦៨កន្លែងរួចមក។
របាយការណ៍ដដែលបានបន្តថា បច្ចុប្បន្ននេះ ប្រជាជនយើងបាននិងកំពុងមកប្រើប្រាស់ សេវាសុខាភិបាលសាធារណៈ មានការកើនឡើងជាលំដាប់។
ដូច្នេះវាជាកិច្ចការ ដែលត្រូវយកចិត្តទុកដាក់ ធ្វើជាបន្តទៀតដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត តាមយន្តការវិមជ្ឈការ និងវិសហវិមជ្ឈការ ដែលក្រសួងសុខាភិបាល បានចូលរួមអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធ្វើវិមជ្ឈការ និងវិសហវិមជ្ឈការនេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះ សរុបទូទាំងប្រទេសមានសេវាថែទាំ ពិគ្រោះព្យាបាលចំនួន១០៤៩៥ ក្នុងនេះមាន៨.១៥៤កន្លែង ដែលមានច្បាប់ អត់ច្បាប់៩៧៣កន្លែង និងលុបបំបាត់បាន១.៣៦៨កន្លែង នៅក្នុងឆ្នាំ២០១៥នេះ។ រីឯមន្ទីរសម្រាកព្យាបាលជំងឺមានចំនួនសរុបទូទាំងប្រទេស៤៣១កន្លែង ក្នុងនេះមាន៤២៨កន្លែង ដែលមានច្បាប់ មិនទាន់មានច្បាប់៣កន្លែង ដែលកំពុងតែសុំច្បាប់ ដូច្នេះស្ទើរតែ១០០%ដែលមានច្បាប់នៅក្នុងឆ្នាំ២០១៥។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវធ្វើការប្តឹងទៅអាជ្ញាធរ ដែលនៅជិតខ្លួន ប្រសិនបើរកឃើញថាមានអ្នកលក់ថ្នាំពេទ្យ ឬឱសថស្ថាន បានធ្វើការសកម្មភាពផ្សំថ្នាំព្យាបាលជំងឺ និងចែកចាយឱសថក្លែងក្លាយជូនឲ្យប្រជាពលរដ្ឋដើម្បីព្យាបាលជំងឺ។
លោករដ្ឋមន្ត្រីបានជំរុញឲ្យប្រជាពលរដ្ឋត្រូវធ្វើការប្តឹងទៅក្រសួងសុខាភិបាល មន្ទីរសុខាភិបាល ឬប្តឹងទៅនគរបាល ឬអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ប្រសិនបើកន្លែងលក់ឱសថធ្វើការខុសតួនាទីនេះ។ ការជំរុញឲ្យប្រជាពលរដ្ឋបង្កើនប្តឹងនោះ បានធ្វើឡើងបន្ទាប់ពីមានក្រុមពេទ្យលក់ឱសថគ្មានសញ្ញាប័ត្រ ហើយមានចំណេះបន្តិចបន្តួចបន្លំខ្លួនកេងចំណេញផ្សំថ្នាំដោយគ្មាន ភាពច្បាស់លាស់។
លោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ចាត់ទុកថា ជាទូទៅប្រជាពលរដ្ឋភាគច្រើនគឺមិនបានយល់ដឹងអំពីផលិតផលក្លែងក្លាយនោះទេ ហើយបញ្ហានោះវាបានធ្វើឲ្យមានការខាតបង់ប៉ះពាល់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការដាក់ទោសទណ្ឌចំពោះជនល្មើសលក់ចែកចាយឱសថក្លែងក្លាយ គឺនៅភាពតិចតួច ពោលគឺតាមមាត្រា១២ថ្មី ច្បាប់ស្ដីពីគ្រប់គ្រងឱសថ គឺជនល្មើសត្រូវជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងមានពិន័យជាប្រាក់ពី២០លានទៅ៥០លានរៀល ហើយច្បាប់នោះ លោកក៏បានស្នើឲ្យក្រុមការងារជំនាញធ្វើការពិចារណាឡើងវិញ៕
កម្ពុជា នៅសល់សេវាថែទាំ និងពិគ្រោះព្យាបាលខុសច្បាប់ជិត១ពាន់កន្លែង នៅទូទាំងប្រទេស
0 Comments