ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងអំបិលអន្តរក្រសួង បានថ្លែងថា ក្រុមគណៈកម្មការនឹងជំរុញ ឲ្យសហគមន៍ មជ្ឈមណ្ឌលផលិត និងនៅតាមសហគ្រាសកែច្នៃអំបិល ត្រូវអនុវត្តន៍ការដាក់បញ្ចូល ជាតិអ៊ីយ៉ូត ដោយគោពរទៅតាមស្តង់ដារឲ្យបានគ្រប់ៗគ្នាស្របទិសដៅចង់បានរបស់ក្រសួងដើម្បីបង្កើនគុណភាពខ្ពស់ ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
នេះជាមតិដ៏មានអត្ថន័យរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន គណៈកម្មការអន្តរក្រសួងដែល បានលើកឡើង ក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសទាក់ទិននិងការគ្រប់គ្រងអំបិល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ។លោកទេសរដ្ឋមន្ត្រីលើកឡើងថា ដោយសារបច្ចុប្បន្នការផលិតអំបិលនៅមានបច្ចេកទេសទាប ហើយការគ្រប់គ្រងដាក់បញ្ចូលសារធាតុអ៊ីយ៉ូត នៅតាមមជ្ឈមណ្ឌលផលិត និងនៅតាមសហគ្រាស កែច្នៃអំបិលម៉ត់ដែលមានជាង២០មូលដ្ឋាននៅទូទាំងប្រទេស មានការខ្វះខាតជាច្រើន លើការដាក់ បញ្ចូលសារធាតុអ៊ីយ៉ូតទៅតាមស្តង់ដារនេះ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងបន្តទៀតថា អំបិលគឺជាទំនិញយុទ្ធសាស្ត្រ ដែលក្រសួង កំពុងជម្រុញ មានអគ្គនាយកដ្ឋានចុះពិនិត្យនិងស្រាវជ្រាវ ឈានទៅដល់ការគ្រប់គ្រងស្រែអំបិលឡើង វិញ ដោយមានសមសភាពក្រុមការងារចម្រុះអន្តរក្រសួងចុះជួយ ដើម្បីពង្រីកដល់មូលដ្ឋានអ្នកផលិត អំបិល ក្នុងនោះក្រុមបច្ចេកទេសត្រូវចុះពិនិត្យមើលបន្ថែមទៀត លើការដាក់បញ្ចូលជាតិអ៊ីយ៉ូតលើ អំបិលគ្រួស ពិសេសការចុះពិនិត្យដល់សហគ្រាសអ្នកកែច្នៃអំបិលម៉ត់ ដែលជាអ្នកប្រតិបត្តិផ្ទាល់ ឲ្យពួគគាត់គោរពទៅតាមស្តង់ដារ នៃការដាក់បញ្ចូលសាធាតុអ៊ីយ៉ូតទៅក្នុងអំបិលនេះ និងជម្រុញឲ្យ ចុះពិនិត្យកន្លែងលក់ផ្សេងៗទៀត នៅតាមទីផ្សារ។
ជាមួយនិងការដាក់បញ្ចូលសារធាតុអ៊ីយ៉ូតទៅក្នុងអំបិលនេះដែរ លោកវិជ្ជ ចាន់ ពង្សវឌ្ឍនា អនុ ប្រធានការិយាល័យអនាម័យ និងបរិស្ថាន នៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងឲ្យដឹងថា កន្លង មកនេះ ការដាក់បញ្ចូលសារធាតុអ៊ីយ៉ូតទៅក្នុងអំបិល គឺនៅមានកម្រិតដូចជា ការដាក់បញ្ចូលជាតិ អ៊ីយ៉ូតមិនគោរពទៅតាមស្តង់ដារ ការវេចខ្ចប់អនុវត្តន៍មិនបានត្រឹមត្រូវ ជាពិសេសបណ្តាក្រុមហ៊ុនមួយ ចំនួនមិនបានអនុវត្តន៍ក្នុងការដាក់បញ្ចូលសារធាតុអ៊ីយ៉ូតនេះ។
លោកវិជ្ជ. ចាន់ ពង្សវឌ្ឍនា បានលើកឡើងបន្តទៀតថា បើយោងតាមការស្រាវជ្រាវសម្ងាត់របស់ អង្គការ UNICEF តាមរយៈនៃការពិនិត្យទឹកនោមប្រជារាស្ត្រខ្មែរ បានបង្ហាញថា ឆ្នាំ២០១៤-២០១៥ មានប្រជារាស្ត្រខ្មែរ នឹងខ្វះសារធាតុអ៊ីយ៉ូតឡើងវិញ គឺកើតឡើងដោយសារការដាក់បញ្ចូលសារធាតុ មិនបានត្រឹមត្រូវទៅតាមស្តង់ដារនេះ ៕
កម្ពុជាជំរុញដល់បណ្ដាក្រុមអ្នកផលិតអំបិល ត្រូវដាក់បញ្ចូលជាតិអ៊ីយ៉ូតតាមស្តង់ដារ
0 Comments