Ad Code

​សេដ្ឋវិទូ ៖ ៥​ចំណុច ដែល​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧

ភ្នំពេញ ៖ ខណៈ​ធនាគារពិភពលោក បាន​ព្យាករណ៍​ពី​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណើរ នៃ​ការ​ធ្លាក់​ចុះ​កំណើន​នា​ឆ្នាំនេះ និង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខ សេដ្ឋវិទូ​នានា​បាន​លើក​ទ្បើង​នូវ​វិធីសាស្ត្រ​មួយចំនួន ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ទ្បើង​វិញ។


សេដ្ឋវិទូ​ឯករាជ្យ​លោក ស្រី ច​ន្ឋី បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​សប្តាហ៍​មុន ដោយ​ធ្វើការ​ពន្យល់​ថា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​បាន​៧​ភាគរយ និង​លើស​៧​ភាគរយ​ដូច​កាលពី​ឆ្នាំមុន កម្ពុជា​ត្រូវធ្វើ​ពិពិធ​កម្ម​របស់​ខ្លួន ៖


ទី​១ ការ​ធ្វើ​ឲ្យ​មូលដ្ឋាន​ផលិតកម្ម សេវាកម្ម និង​ឧស្សាហកម្ម​របស់​យើង​ឲ្យ​មាន​ចម្រុះ​ភាព​។ កម្ពុជា​កុំ​ពឹងផ្អែក​តែ​ទីផ្សារ​ចិន សហរដ្ឋអាមេរិក និង​អឺរ៉ុប តែ​ត្រូវធ្វើ​ការពង្រីក​ការ​នាំ​ចេញទៅ​ជប៉ុន ឥណ្ឌា និង​ប្រទេស​ក្នុង​តំបន់ ព្រោះ​កម្ពុជា​បាននឹងកំពុង​ចាប់​ផ្តើម​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ក្នុង​តំបន់។


ទី​២ កម្ពុជា​គួរ​ចាប់ផ្តើម​ធ្វើ​បដិ​ដុល្លារ​នីយកម្ម ដើម្បី​កុំ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ ព្រោះ​បើ​ប្រាក់​ដុល្លារ​ទ្បើង​ថ្លៃ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ប្រាក់​ដុល្លារ​អាច​ជួប​បញ្ហា។


ទី​៣ កម្ពុជា​គួរ​គិតគូរ​ពី​តំលៃ​ប្រេង ព្រោះ​តំលៃ​ប្រេង​របស់​យើង​បច្ចុប្បន្ន មិន​ឆ្លុះបញ្ចាំង​ពី​ទីផ្សារ​អន្តរជាតិ​នោះ​ទេ។


ទី​៤ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នានា ឲ្យ​បាន​ដល់​ជនបទ​កាន់​តែមាន​ភាព​ងាយស្រួល និង​សម្រួលការ​ដឹកជញ្ជូន​ទំនិញ ដើម្បី​ឲ្យ​តំលៃ​ដឹកជញ្ជូន​របស់​យើង​មាន​តំលៃ​ទាប។


ទី​៥ ត្រូវ​បណ្តុះបណ្តាល និង​ពង្រឹង​ធនធានមនុស្ស​របស់​យើង ទាំង​បរិមាណ​និង​គុណភាព និង​ថែរក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព​សង្គម ន​យោន​បាយ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​មកពី​បរទេស​បន្ថែមទៀត​។​


ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវ​បាន​គេ​បន្ទោស​ទៅលើ​ឥទ្ធិពល នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន វត្តមាន​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​នឹង​ទប់ស្កាត់​សន្ទុះ​នៃ​ការនាំចេញ​សម្លៀកបំពាក់​របស់​កម្ពុ​ជា។


យោង​តាម​របាយការណ៍​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ចេញផ្សាយ​កាលពី​ថ្ងៃទី​៧ មករា​កន្លងមក​បាន​ឲ្យ​ដឹង​ថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៦ នឹង​មាន ៦,៩ ភាគរយ ជាមួយនឹង​ការព្យាករណ៍​កំណើន ៦,៨ ភាគរយ​សម្រាប់​ឆ្នាំ ២០១៧ និង​ឆ្នាំ​២០១៨។ កំណើន​របស់​កម្ពុជា​នឹង​ស្ថិត​ក្រោម​កម្រិត​៧​ភាគរយ​នេះ ដោយសារតែ​កត្តា​ផ្សេងៗ ដូចជា​តម្លៃ​ទំនិញ​កសិកម្ម​កាន់តែ​ធ្លាក់ចុះ ការ​កើន​ឡើង​តម្លៃ​រូបិយប័ណ្ណ​និង​កំណើន​ជា​មធ្យម​នៃ​វិស័យ​ទេសចរណ៍។


លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ទទួលស្គាល់ថា កម្ពុជា​ពិតជា​ត្រូវ​ខិតខំ​មែនទែន និង​ត្រូវ​ប្រឹងប្រែង​ទាំងអស់គ្នា​ទើប​អាច​សម្រេច​បាន​កំណើនសេដ្ឋកិច្ច ៧ ភាគរយ បើ​ពុំ​នោះ​ទេ​កម្ពុជា​នឹង​អាចមាន​កំណើនសេដ្ឋកិច្ច​ក្រោម ៧ ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំនេះ​និង​ឆ្នាំ ២០១៧ ខាងមុខ​។


លោក​បន្ត​ថា កម្ពុ​ជា​មាន​បញ្ហា​ប្រឈម​ច្រើន​ទាំង​ផ្ទៃក្នុង និង​ការប្រកួតប្រជែង​ពី​ខាងក្រៅ។កត្តា​ខាងក្នុង​គឺ​កម្ពុជា​ហាក់​មិន​មាន​ចំណុចខ្លាំង​ណាមួយ ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គេ​នោះ​ទេ សម្រាប់​កំលាំង​ពលកម្ម​ថោក ពេលនេះ​មិន​ថោក​នោះ​ទេ ដូច្នេះ​បើ​ចង់​លើក​កំពស់​ជីវភាព​កម្មករ ត្រូវ​ដំ​ទ្បើង​ប្រាក់ខែ វា​នឹង​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​យើង​ចុះ​ខ្សោយ​។ ដូច្នេះ​កម្ពុជា​ត្រូវ​កាត់បន្ថយ​ការិយាល័យ​និយម​បញ្ចុះ​តំលៃ​អគ្គិសនី និង​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ដឹកជញ្ជូន។


លោក​បន្ត​ថា ចំណែក​កត្តា​ខាងក្រៅ​គឺ​កម្ពុជា​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ភូមា ដូច្នេះ​កម្ពុជា​ត្រូវតែ​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់ ហើយ​យើង​ត្រូវតែ​ធ្វើការ​រួមគ្នា ព្រោះ​យើង​ជិះទូក​តែមួយ​ជាមួយគ្នា ដូច្នេះ​ត្រូវតែ​រួមគ្នា ហើយ​ការ​ដំទ្បើង​ប្រាក់​បៀរ​វត្សរ៍​របស់​កម្មករ​ត្រូវតែ​ធ្វើ​ស្របគ្នា​នឹង​ផលិតភាព​របស់​ពួកគាត់៕


T-01-11-16-u-full



​សេដ្ឋវិទូ ៖ ៥​ចំណុច ដែល​អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​និង​២០១៧

Post a Comment

0 Comments

Close Menu