ទូរទស្សន៍ក្នុងស្រុកចំនួន២ បានទទួលសិទ្ធិផ្សាយផ្ទាល់ពីការប្រកួតបាល់ទាត់មិត្តភាពបែបមនុស្សធម៌រវាងក្រុម Cambodian All Stars ជាមួយក្រុមជើងខ្លាំង២មកពីលីកកំពូលរបស់ប្រទេសថៃ គឺ SCG Muangthong United និងក្រុម Buriram United នៅក្នុងខែមករា ឆ្នាំ ២០១៦ នេះ។
សម្រាប់ការប្រកួតរវាងក្រុម Cambodian All Stars ជាមួយក្រុម Muangthong United នឹងធ្វើឡើងនៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈដែរប៉ុស្ដិ៍ ទូរទស្សន៍បាយ័នព័ត៌មាន (BTV News) ទទួលសិទ្ធិទាំងស្រុងក្នុងការផ្សាយផ្ទាល់ពីការប្រកួតនេះ។
ចំណែកប្រកួតបន្ទាប់នៅរវាងក្រុម Cambodian All Stars ជាមួយក្រុម Buriram United នឹងធ្វើឡើងនៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៦ លើទីលានពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ដូចគ្នា ស្របពេលដែរប៉ុស្ដិ៍ទូរទស្សន៍ថ្មីថ្មោង PNN ទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់វិញម្ដង។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយក្លិបទាំង២នេះបង្កើតជាការប្រកួតមិត្តភាពឡើងក្នុងគោលបំណង២សំខាន់ៗ គឺទី១ ប្រាក់ចំណេញដែលបានពីការលក់សំបុត្រនឹងផ្ដល់ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយទី២ គឺជាការរឹតចំណងមិត្តភាពការទូតលើកទី ៦៥ ឆ្នាំរវាងកម្ពុជានិងថៃដែលជាប្រទេសក្បែររបងគ្នា។
លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹករបស់ក្រុម Cambodian All Stars បានប្រមូលផ្ដុំកីឡាករក្នុងបញ្ជីរបស់ខ្លួនទាំង២១នាក់នៅល្ងាចថ្ងៃច័ន្ទ ទី ១១ ខែ មករា ឆ្នាំ ២០១៦ ម្សិលមិញដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះក្នុងប្រកួតមិត្តភាពអន្តរជាតិទាំង២ខាងលើ៕
ប៉ុស្ដិ៍ BTV News ផ្សាយផ្ទាល់ Cambodian All Stars ប្រកួតជាមួយ Muangthong ហើយប៉ុស្ដិ៍ PNN ផ្សេងពេលប៉ះ Buriram United
0 Comments