បន្ទាយមានជ័យ ៖ ទីតាំងកុងត្រូលត្រួតពិនិត្យរបស់គយសាខាខេត្តបន្ទាយមានជ័យមួយកន្លែងស្ថិតនៅលើកំណាត់ផ្លូចជាតិលេខ៥ ទល់មុខផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេស ក្នុងភូមិសាស្ត្រសង្កាត់និមិត្តក្រុងប៉ោយប៉ែត ដែលរងការរិះគន់ខ្លាំង លើការកំណត់យកលុយពីឈ្មួញ ឬ ក្រុមរថយន្តដឹកទំនិញគេចពន្ធ និង ជាខែឬជើងត្រូវបានលោកប្រធានសាខាគយ និង រដ្ឋាករថ្មីដកទៅដាក់ទីតាំងចាស់ចំណុចសាលាក្រហមតែធ្វើសកម្មភាពដដែរ។
លោក ឆែ សុធា ប្រធានសាខាគយ និង រដ្ឋាករខេត្តបន្ទាយមានជ័យដែលបានប្រកាសចូលកាន់ដំណែងកាលពីថ្ងៃទី២៣ ខែធ្នូ ២០១៥ មិនទាន់បានមួយខែផងជំនួសលោក ថោង សុខាំភូដែលរងការរិះគន់ខ្លាំងពី សារព័ត៌មានរឿងដាក់កុងត្រូលច្រើនកន្លែងយកលុយពីឈ្មួយនាំទំនិញគេចពន្ធបានឲ្យដឹងថា មូលហេតុដែលលោកដកប៉ុស្តិ៍ត្រួតពិនិត្យពីទីតាំងខាងលើមកដាក់ទីតាំងសាលាក្រហមក្នុងឃុំសំរោង ស្រុកអូរជ្រៅ ជាប់ព្រំប្រទល់ទីរួមខេត្ត ដោយសារតែទីតាំងនោះវានៅជិតព្រំដែនមិនអាចគ្រប់គ្រងទំនិញនានាដែលនាំចូលពីប្រទេសថៃតាមច្រករបៀងហើយដោយពិនិត្យឃើញថា ទីតាំងសាលាក្រមជាទីតាំងងាយនឹងគ្រប់គ្រងបទល្មើស ទើបលោកស្នើទៅអាជ្ញាធរខេត្តលោកក៏ឯកភាព យើងក៏សម្រេចដាក់តែម្តង។ ចំពោះប៉ុស្តិ៍ត្រួតពិនិត្យផ្សេងទៀតលោកសូមមិននិយាយតាមទូរស័ព្ទ។
សូមបញ្ជក់ថា មុនលោក ឆែ សុធា មកកាន់តំណែងជាមេគយនៅខេត្តបន្ទាយមានជ័យគឺជំនាន់លោក ថោង សុខាំភូ បានកើតឡើងនៅបញ្ហាតវ៉ាបិទផ្លូវពីសំណាក់ក្រុមអ្នករត់តាក់ស៊ី ដឹកផ្លែឈើ និងទំនិញគេចពន្ធជាច្រើនលើកច្រើនសាទៅលើកុងត្រូលគយច្រើនកន្លែង ព្រមទាំងកុំឲ្យបង់លុយលើការដឹកផ្លែឈើ ឬ ទំនិញតិចតួច។
កុងត្រូលគយជាច្រើនកន្លែងលើកំណាត់ផ្លូវជាតិលេខ៥ពីមាត់ច្រកអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមខេត្តបន្ទាយមានជ័យ នៃក្រុងសិរីសោភណ្ឌ លើចំងាយផ្លូវមិនដល់៥០គីឡូម៉ែត្រមានប៉ុស្តិ៍គយដល់ទៅប្រាំកន្លែង ធ្វើសកម្មភាពត្រួតពិនិត្យឲ្យឈ្មួញដឹកទំនិញគេចពន្ធបង់លុយឲ្យ និង បង់ក្បាលឡានថ្លៃបាយរាល់ទំនិញមានពន្ធ។ ការបង់លុយនេះខ្លះបង់ជាជើងនិងខ្លះទៀតបង់គិតជាខែពី១៥០ដុល្លារទៅ២០០ដុល្លារ។
ជាមួយគ្នានេះបន្ទាប់ពីមានការផ្លាស់ប្តូរប្រធានសាខាគយថ្មីប្រជាពលរដ្ឋក៏ដូចជាឈ្មួញ ឬ ក្រុមអ្នកដឹកទំនិញសង្ឃឹមថា លោកប្រធានថ្មីមិនប្រព្រឹត្តអំពើពុករលួយតាមរយៈការត្រូវរ៉ូវយកលុយខុសច្បាប់ពីការនាំទំនិញគេចពន្ធឡើយ៕
មេគយថ្មីខេត្តបន្ទាយមានជ័យដកកុងត្រូលមុខផ្លូវហាដែលរងការរិះគន់ច្រើនទៅដាក់ទីតាំងថ្មី
0 Comments