ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស និងលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នេះបានបើកកិច្ចប្រជុំមួយលើគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវាត់ក្រុងទី២ ដើម្បីឲ្យគម្រោងនេះដំណើរការទៅមុខឲ្យបានលឿន ទៅតាមគោលការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានមានប្រសាសន៍លើកឡើង កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦កន្លងមកនេះ ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវអាកាស៥មករា។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំប្រជុំគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវាត់ក្រុងទី២។
មន្ត្រីរូបនោះក៏បានបញ្ជាក់ផងដែរថា តាមគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និង វិថីហាណូយ មានប្រវែង ៦១១ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ។ ចំពោះផ្លូវខ្សែក្រវាត់ក្រុងទី២ មានប្រវែង ១៦,៦៧ គីឡូម៉ែត្រចាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីដល់ផ្លូវជាតិលេខ២ មានទទឹង ២៣ម៉ែត្រ ដោយចាក់ជាបេតុងកម្រាស់ ២០ស.ម លូសងខាងទំហំ ១,៥ម៉ែត្រ ដែលផ្លូវនេះត្រូវឆ្លងកាត់ភូមិសាស្ត្រ៣ ខណ្ឌ គឺខណ្ឌសែនសុខ មានជ័យ និងខណ្ឌដង្កោ៕
អាជ្ញាធររាជធានីភ្នំពេញនិងក្រសួងសាធារណការប្រជុំគម្រោងសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ និងផ្លូវក្រវាត់ក្រុងទី២
0 Comments