Ad Code

អង្គទូត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ពិធីជប់លៀង ​អបអរសាទរ​ការ​បង្កើត​សហគមន៍​អាស៊ាន​

ភ្នំពេញ ៖ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​សកល​២០១៦ និង​ការ​បង្កើត​សហគមន៍​អាស៊ាន​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​រៀបចំ​ពិធីជប់លៀង​មួយ ដោយមាន​ការចូលរួម​ពី​ប្រធាន​បេសកកម្ម​បរទេស​ប្រចាំ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជា​តំណាង​ជាតិ​សម្រាប់​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ជាតិ​សម្រាប់​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន និង​លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ ហើយ​ពិធី​នោះ​បាន​រៀបចំ​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​អាំង​ទែរ​កុងទីណង់តាល់។


ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​នៅក្នុង​ពិធីជប់លៀង​នោះ​ថា ឆ្នាំ​២០១៦ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​នៃ​ការ​ចាប់ផ្តើម “​សហគមន៍​អាស៊ាន​” តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ មក ហើយ​ឯកឧត្ដម​បាន​លើកឡើង ​ពី​ការវិវត្តន៍​របស់​អាស៊ាន​ក្នុង​រយៈពេល​៤៩ ឆ្នាំ​កន្លង​មក​នេះ ដែល​រួមមាន​៖ នៅ​ថ្ងៃទី​៨ សីហា ១៩៦៧ រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​៥ ប្រទេស បាន​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​បាងកក ហើយ​បាន​ប្រកាស​បង្កើត​សមាគម​សម្រាប់​កិច្ច​សហប្រតិបត្តិការ​តំបន់​ក្នុង​រង្វង់​បណ្តា​ប្រទេស​អាស៊ី​-​អាគ្នេយ៍ ដែល​មាន​ឈ្មោះថា “​សមាគម​ប្រជា​ជាតិ​អាស៊ី​-​អាគ្នេយ៍ ឬ​អាស៊ាន​”​។ ឯកឧត្ដម​បន្ត​ថា អាស៊ាន​មាន​គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង​ការអភិវឌ្ឍន៍​វប្បធម៌​ក្នុង​តំបន់ តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​មូលដ្ឋានគ្រឹះ​សម្រាប់​សហគមន៍​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ ប្រកបដោយ​វិបុលភាព និង​សន្តិភាព​មួយ​។ បច្ចុប្បន្ន ទស្សនវិស័យ​ដែល​នាំ​ទៅដល់​សហគមន៍​អាស៊ាន​នេះ បាន​ក្លាយ​ជា​ការ​ពិតហើយ​។


តាម​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អះអាង​ថា ក្នុង​ខែវិច្ឆិកា​ប្រមុខ​ដឹកនាំ​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​”​សេចក្តីប្រកាស​ទីក្រុង កូឡាឡាំពួរ ស្តីពី​ការ​បង្កើត​សហគមន៍​អាស៊ាន​” នា​កិច្ចប្រជុំ​កំពូល​លើក​ទី​២៧ នៅ​ទីក្រុង​កូឡាឡាំពួរ​។ ការ​បង្កើត​សហគមន៍​អាស៊ាន គឺជា​ចំណុច​ខ្ពស់​បំផុត​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​អស់​រយៈពេល​ជិត​៥​ទសវត្ស ដែល​ជា​មាគ៌ា​ដ៏​វែង​មួយ ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​បច្ចុប្បន្ន​នេះ​។ អាស៊ាន​ដែល​មាន​ប្រជាជន​ចំនួន​៦២២​លាន​នាក់ កំពុង​ព្យាយាម​កសាង​ចក្ខុវិស័យ​មួយ អត្តសញ្ញាណ​មួយ សហគមន៍​មួយ មានបំណង​ប្រាថ្នា​បង្កើត​ឡើង​នូវ​សហគមន៍​មួយ​ដែល​ប្រជាជន​យើង​បន្ត​ចូលរួម និង​ទទួល​បាន​ផល​ពេញលេញ។


ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​ថា សហគមន៍​អាស៊ាន​ ដែល​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា ​ជា​អង្គការ​តំបន់​ដ៏​រឹងមាំ និង​ជោគជ័យ​បំផុត​មួយ និង​ដែល​មាន​ប្រទេស​ជា​សមាជិក ចំនួន​១០ ចងភ្ជាប់​គ្នា​ដោយ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព នៅ​អាស៊ីអាគ្នេយ៍ នឹង​ក្លាយ​ជា​អង្គ​ការដែល​ផ្អែកលើ​គោលការណ៍ និង​មាន​ទស្សនវិស័យ​សម្លឹង​ទៅ​ពិភព​ខាងក្រៅ​។ ក្នុង​ដំណើរ​ឆ្ពោះ​ទៅមុខ សហគមន៍​អាស៊ាន​នឹង​ដើរ​តាម​ចក្ខុវិស័យ​ឆ្នាំ​២០២៥​របស់​ខ្លួន ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ប្រមុខ​ដឹកនាំ​អាស៊ាន ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីក្រុង​កូឡាឡាំពួរ​។ ឯកឧត្ដម​លើកឡើង​ដែរ​ថា ក្នុងនាម​ជា​សហគមន៍​មួយ អាស៊ាន​បាន​នាំមក​នូវ​ផ្លែផ្កា​នៃ​ដំណើរការ​សមាហរណកម្ម ដែល​ផ្តល់នូវ​កាលានុវត្តនភាព​ថ្មី ជា​មួយ​នឹង​លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវាកម្ម មូលធន និង​ពលករ​ជំនាញ ក្នុង​គោលដៅ​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាជន​អាស៊ាន​។ លើ​ផ្នែក​សេដ្ឋកិច្ច អាស៊ាន​នឹង​ព្យាយាម​ឱ្យ​ក្លាយ​ជាទី​ផ្សារ​តែមួយ​និង​មូលដ្ឋាន​ផលិតកម្ម ដែល​ជា​តំបន់​សេដ្ឋកិច្ច មានការ​ប្រកួតប្រជែង​ខ្ពស់ ថាមវន្ត និង​ការ​ច្នៃ​ប្រឌិត ស្រប​ពេល​ជា​មួយ​គ្នានេះ ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​សមភាព​នៃ​ប្រទេស​សមាជិក ដើម្បី​សមាហរ័ណ​យ៉ាង​ពេញលេញ​ទៅ​ក្នុង​សេដ្ឋកិច្ច​សកល​។


ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្តែង​ការ​ជឿជាក់​ថា សហគមន៍​អាស៊ាន នឹង​ទាក់ទាញ​ការ​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​ថែមទៀត ដែល​នឹង​បង្កើន​សន្ទុះ​នៃ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​បន្ថែម​សម្រាប់​ប្រជាជន ក៏ដូចជា​នឹង​រួមចំណែក​លុបបំបាត់​ភាព​ក្រីក្រ​។


សហគមន៍​អាស៊ាន នឹង​លែង​ជា​សមាគម​ធូរ​លុង​នៃ​ប្រទេស​១០ សម្រាប់​ឲ្យ​មន្ត្រី​ធ្វើការ​ពិភាក្សា ចេញ​សេចក្ដី​ប្រកាស សេចក្តី​ថ្លែងការណ៍​ផ្សេងៗ តែ​ជា​សហគមន៍​មួយ​ប្រកបដោយ​សេចក្តី​សង្ឃឹម​និង​មោទនភាព​។ សម្រាប់​ដៃគូ​សន្ទនា​របស់​ខ្លួន សហគមន៍​អាស៊ាន នឹង​ផ្ដល់​ឱកាស​សហប្រតិបត្តិ​ការ​ផ្សេងៗ​ទៀត​ដូចជា ទីផ្សារ​ធំ​ជាង​មុន បើកទូលាយ​ជាង​មុន និង​ផ្អែកលើ​គោលការណ៍ និង​តំបន់​ដែល​មាន​ភាព​ត​ភ្ជាប់​កាន់តែ​ល្អ​មួយ ដោយសារ​ការ​រីកចម្រើន ​នៃ​ការ​តភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន តាមរយៈ​វិស័យ​អប់រំ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​គ្នា​។ ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​ជិត​៥០ ឆ្នាំ​របស់​ខ្លួន អាស៊ាន​បាន​ឆ្លងកាត់​របត់ ​នៃ​ការ​ផ្លាស់ប្ដូរ​ថ្មី​ជាច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​។ តាមរយៈ​ការ​ឆ្លងកាត់​បញ្ហា​ប្រឈម​ផ្សេងៗ​ប្រកបដោយ​ឯកភាព សាមគ្គីភាព ភាព​ស្អិត​រមួត និង​សមត្ថភាព​ឆ្លើយតប​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធភាព អាស៊ាន​កាន់​តែខ្លាំង​ជាង​មុន និង​កាន់តែ​រឹងមាំ​ជាង​មុន​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​ជោគជ័យ​យ៉ាង​ច្រើន ដែល​នាំ​ទៅដល់​សហគមន៍​អាស៊ាន​ដូច​សព្វ​ថ្ងៃនេះ​។


រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លើកឡើង​ទៀត​ថា សហគមន៍​អាស៊ាន គឺជា​ដំណើរការ​មួយ មិនមែនជា​បំណង ឬ​ទី​បញ្ចប់​មួយ​ឡើយ​។ ប្រមុខ​ដឹកនាំ​អាស៊ាន នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧​ក៏បាន​ចុះហត្ថលេខា​លើ សេចក្តីថ្លែងការណ៍​កូឡាឡាំពួរ ស្តីពី​អាស៊ាន​ឆ្នាំ​២០២៥: រីកចម្រើន​ទៅមុខ​ទាំង​អស់គ្នា សម្រាប់​ជា​ផែនការ​តម្រង់​ទិសដៅ​អនាគត ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ដើម្បី​ពង្រឹង​សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ នៅ​រយៈពេល​១០​ឆ្នាំ​ខាងមុខ​។ អាស៊ាន​ឆ្នាំ​២០២៥ នេះ គឺជា​ផែនទី​ចង្អុល​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​បាន “​សហគមន៍​អាស៊ាន​មួយ ដែល​មាន​ភាព​ស្អិត​រមួត​ផ្នែក​នយោបាយ សមា​ហរណកម្ម​សេដ្ឋកិច្ច ការទទួលខុសត្រូវ​ផ្នែក​សង្គម ផ្អែកលើ​គោលការណ៍ ហើយ​និង​យកចិត្តទុកដាក់​ចំពោះ​ប្រជាជន និង​យក​ប្រជាជន​ជាធំ។


ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ដែរ​ថា ស្ថិត​ក្នុង​យុគសម័យ​នៃ​សាកល​ភាវូប​នីយកម្ម អាស៊ាន​ចំ​បាច់​ត្រូវជា សហគមន៍​បើកចំហ និង​សម្លឹង​ទៅ​ខាង​ក្រៅ​។ ហេតុនេះ ទើប​អាស៊ាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​លើក​កម្ពស់​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ដៃគូ​សន្ទនា និង​ដៃ​គូរ​ខាងក្រៅ​ផ្សេងទៀត​។ ដើម្បី​ក្លាយ​ជា​សហគមន៍​មួយ​រឹងមាំ​និង​ជោគជ័យ​បាន អាស៊ាន​គួរ​បន្ត​ដោះស្រាយ បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​សកល​ដែល​កំពុង​កើតមាន និង​ក្នុង​ពេល​ ដែល​មាន​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃ​និម្មាបនកម្ម​តំបន់ និង​ក្នុងពេលដែល​ពិភពលោក​ដែល​កំពុង​កើតមាន​ភាព​វឹកវរ​បច្ចុប្បន្ន​៕
Nita-12-A-49-Full


Nita-12-A-50-Full


Nita-12-A-51-Full


Nita-12-A-52-Full


Nita-12-A-53-Full



អង្គទូត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ពិធីជប់លៀង ​អបអរសាទរ​ការ​បង្កើត​សហគមន៍​អាស៊ាន​

Post a Comment

0 Comments

Close Menu