សៀមរាប ៖ បុរសញៀនថ្នាំម្នាក់បានជិះម៉ូតូធ្វើសកម្មភាព បម្រុងយកដាវកាប់គេ ខណៈរូបគេបែកថ្នាំខ្លាំង ហើយក៏ត្រូវបានអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួន ពីបទកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទប្រើប្រាស់ដោយ គ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ ប្រើប្រាស់ដោយនគរបាល ឬយោធា។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចក៏នាំមកសួរនៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
ហេតុការណ៍ចុះបង្ក្រាបជនសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៩ខែមករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសំណាក់ យីហោ ចំការត្នោត ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមការឲ្យដឹងពីលោកអនុសេនីយ៍ឯក អ៊ុយ ចយ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបបានប្រាប់ថា ក្រោយពីមានពលរដ្ឋរាយការណ៍ថា មានយុវជនញៀនថ្នាំម្នាក់ជិះម៉ូតូយកដាវបម្រុងធ្វើសកម្មភាពកាប់គេ កាប់ឯងរួចមក កម្លាំងជំនាញបានចុះទៅបង្ក្រាបរហូតធ្វើការឃាត់ខ្លួនបានភ្លាមៗពីករណីកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទប្រើប្រាស់ ដោយគ្មានសិទ្ធិនូវយានយន្ត ដែលមានសញ្ញាសម្គាល់ ប្រើប្រាស់ដោយ នគរ បាល ឬយោធា។ លោកបន្តថា ជនសង្ស័យ មានឈ្មោះ សួន លីនដា ហៅពាវ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកបន្តទៀតថា ជាមួយនឹងឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានដកហូតបានវត្ថុតាងរួមមានៈម៉ូតូរបស់ជនសង្ស័យ ដែលធ្វើសកម្មភាពម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខ.ម ០២ ១.៦៦៦៦ (ក្លែងក្លាយ)ដាវឈើចំនួន១ដើម ប្រវែង ០,៨០ម៉ែត្រ ដើម្បីទៅទារប្រាក់ថ្លៃលក់ទិញគ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យត្រូវបាន កម្លាំងជំនាញរៀបចំកសាងសំណុំ រឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
បុរសម្នាក់ប្រើដាវបម្រុងកាប់គេ ត្រូវបានអាវុធហត្ថខេត្តឃាត់ខ្លួន
0 Comments