កំពង់ចាម ៖ ប្រាសាទនគរបាជ័យ គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមានចម្ងាយតែជាង២គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពង់ចាម ដោយភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរទៅទស្សនាសំណង់ប្រាសាទបុរាណដ៏ល្អឯកនេះបានតាមមធ្យោបាយរថយន្តគ្រប់ប្រភេទលើបណ្ដោយផ្លូវជាតិលេខ៧ ឆ្ពោះទៅដល់ទីតាំងប្រាសាទតែម្ដង។
ប្រាសាទនគរបាជ័យចែកចេញជាផ្នែករបស់វាមានដូចជា ទន្លេអុំ ដែលស្ថិតនៅខាងកើតនៃប្រាសាទ មានទំហំ៤០០ម៉ែត្រគុណនឹង៥០០ម៉ែត្រ ដែលមានចម្ងាយប្រមាណ៣០០ម៉ែត្រពីប្រាសាទរួមទាំងថែវទាំងបួនដែលមានរំលេចដោយក្បូរក្បាច់ដ៏វិចិត្រ បានធ្វើឲ្យក្រុមអ្នកទេសចរដែលបានទៅដល់ទីនោះចាប់អារម្មណ៍យ៉ាងខ្លាំង។
នៅប្រាសាទនគរបាជ័យថែវទី១គេឃើញមានទំហំ៤២១គុណ៣៧១ម៉ែត្រ ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀមមានកម្ពស់២,៩ម៉ែត្រ និងកម្រាស់២,៤ម៉ែត្រ រីឯទទឹងច្រកចូលវិញមានប្រវែង២ម៉ែត្រ ក៏ប៉ុន្តែថែវនេះបច្ចុប្បន្នត្រូវបានបាក់បែកអស់មួយចំនួនធំហើយៗនៅក្នុងបរិវេណ នៃថែវទី១នេះដែរ គេឃើញមានរូបសំណាកតោចំនួន៦ស្ថិតនៅមាត់ច្រកចូលទៅថែវទី២ និងមានរូបនាគ៨ ដែលស្ថិតនៅពីក្រោយតោទាំង៦ និងមានអសុរា២ឆរនៅអមច្រកចូលទាំងសងខាងថែមទៀតផង។ ដោយឡែកនៅថែវទី២នៃប្រាសាទនគរបាជ័យគេឃើញរួមមាន រូបសំណាកតេជោដំឌិនចំនួន២រូប អសុរាចំនួន២ ដែលមានកម្ពស់១,៦០ម៉ែត្រ និងមានឃើញស្រះទឹកចំនួន២ដែលស្រះទឹកទាំង២នេះមិនចេះរីងស្ងួតនោះទេ ចំណែកឯថែវទី៣វិញ យើងឃើញមានកម្រាស់ក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូលនៅចំកណ្តាលទាំង៤ទិសនិងនៅថែវទី៣រួមមាននៅចំពីមុខច្រកចូលមានរូបព្រះនារាយណ៍ដៃ៨ និងផ្នែកខាងឆ្វេងដៃមានរូបព្រះនារាយណ៍ដៃ៤។ បន្ទាប់ពីយើងទាំងអស់គ្នាដើរទស្សនាប្រាសាទនគរបាជ័យប្រកបទៅដោយភាពជក់ចិត្តនោះ លុះមកដល់ថែវទី៤គេឃើញមានការរៀបចំដោយថ្មបាយក្រៀមដាច់ៗពីគ្នាជាបន្ទប់ៗ ហើយថែវទី៤នេះមានលក្ខណៈខុសប្លែកពីថែវទី១ ទី២ និងទី៣ ព្រោះថែវទី៤ មានច្រកចូល៨ទិស នៅពេលចូលទៅដល់កំពូល នៃប្រាសាទនេះគេសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្ដាលសាងសង់ឡើងអំពីថ្មភក់ដែលមានព្រះគង់ព្រះភ្នែនបែរចេញទៅរកទិសទាំង៤។ បើតាមឯកសារដែលបានចងក្រងទុកប្រាសាទនគរបាជ័យត្រូវបានកសាងឡើងនៅអំឡុងពាក់កណ្ដាលសតវត្សទី១១ ក្នុងរជ្ជកាលស្តេចឩភ័យ្យ និងសូរ្យវរ្ម័នទី២ក្នុងឥទ្ធិពលសេវៈនិយម។
នៅប្រាសាទនគរបាជ័យមានវត្តមួយឈ្មោះថា «វត្តនគរបាជ័យ» មានទីតាំងធំទូលាយមិនចាញ់ប្រាសាទនានាដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងនោះឡើយ ជាពិសេសប្រសិនបើយើងក្រឡេកចោលភ្នែករំពៃគយគន់នៅតំបន់ជុំវិញប្រាសាទបុរាណនេះវិញ ឃើញថាមានទេសភាពនិងខ្យល់អាកាសបរិសុទ្ធគួរឲ្យចាប់ចិត្តខ្លាំងណាស់ ហើយទីនេះដែរ ក៏ជាទីប្រជុំជនមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងមកពីខេត្តក្រុងផ្សេងៗផងដែរ។
ប្រាសាទនគរបាជ័យ ត្រូវបានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្ថាប័ននានាសហការគ្នាថែរក្សាដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីធ្វើយ៉ាងណារក្សាប្រាសាទបុរាណនេះឲ្យនៅគង់វង្សបានរហូតតទៅយូរអង្វែងបង្អួតពីភាពរុងរឿងនៃវប្បធម៌ខ្មែរលើឆាកអន្តរជាតិ។ ដោយសារតែភាពអស្ចារ្យរបស់ប្រាសាទនគរបាជ័យមានលក្ខណៈប្លែកគួរឲ្យចាប់អារម្មណ៍ និងស្ញប់ស្ញែងនោះ ទើបបានជាបច្ចុប្បន្នមានអ្នកទេសចរជាតិ និងបរទេសជាច្រើនបានធ្វើដំណើរទៅទស្សនាប្រាសាទបុរាណដែលបានបន្សល់ទុកដោយស្នាដៃស្ថាបត្យកម្មបុព្វបុរសខ្មែរយើង និងបានស្ងើចសរសើរពីភាពល្អឥតខ្ចោះដែលមាននៅប្រាង្គប្រាសាទនគរបាជ័យនេះមិនដាច់ពីមាត់ផងដែរ៕
ទស្សនាក្បូរក្បាច់ចម្លាក់ និងថែវទាំងបួន នៃប្រាង្គប្រាសាទនគរបាជ័យ
0 Comments