Ad Code

បើក​រ៉ឺម៉ក​គេច​ពី​ម៉ូតូ​ទៅ​បុក​ឡាន​ចត​ស្ងៀម ​រួច​រត់គេច​ខ្លួន ​ត្រូវ​គេ​ចាប់​មកវិញ​

ភ្នំពេញ ៖ បុរស​ជា​អ្នក​បើក​រ៉ឺម៉ក​ដឹក​បន្លែ​ ខណៈ​ពេល​កំពុង​បើកបរ​សុខៗ​បាន​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ប៉ុន្តែ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​គេ​ចត​នៅ​ស្ងៀម​តាម​ចិញ្ចើម​ផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាង​ដំណំ ​បន្ទាប់ពី​បុក​ហើយ​ ជន​បង្ក​បាន​ព្យាយាម​រត់គេច​ពី​ចំណុច​កើត​ហេតុ​ ប៉ុន្តែ​ដោយ​សារ​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​បុក​នោះ​ជា​របស់​ម្ចាស់​ក្លិប ​ទើប​គេ​ប្រើ​សន្តិសុខ​យាម​ក្លិប​មី​ត​ណាយ​នោះ​ឲ្យ​ដេញ​ចាប់​បាន​មកវិញ ហើយ​មានការ​ឈ្លោះប្រកែក​ប្ដឹងផ្ដល់​គ្នា​ ដោយ​ចោទប្រកាន់​គ្នា​ថា​ក្រុម​សន្តិសុខ​នោះ​វាយ​អ្នក​បើក​រ៉ឺម៉ក។


ករណី​នេះ​កើតហេតុ​នៅវេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ​ថ្ងៃទី​១ ​ខែ​មករា ឆ្នាំ​២០១៦ ​នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ក្លិប​មី​ត​ណាយ​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ រ៉ឺម៉ក​ដឹក​បន្លែ​បង្ក​បើកបរ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ពី​កើត​ទៅ​លិច ហើយ​រថយន្ដ​របស់​ម្ចាស់​ក្លិប​ចត​នៅ​ស្ងៀម​តាម​ចិញ្ចើម​ផ្លូវ។


តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​រ៉ឺម៉ក​ដឹក​បន្លែ​បើក​ពី​កើ​តទៅ​លិច បាន​បើក​គេច​ម៉ូតូ​មួយគ្រឿង ​ហើយ​បាន​រេ​ទៅបុក​រថយន្ត​បណ្តាលឲ្យ​ខ្ទេច​មួយ​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងមុខ​ពេញទំហឹង។ បន្ទាប់មក​ អ្នក​បើក​រ៉ឺម៉ក​ដឹក​បន្លែ​ឃើញ​ហេតុការណ៍​ដូច្នេះ ក៏​បាន​ចុះ​ពីលើ​រ៉ឺម៉ក​រត់គេច​ខ្លួន​ចូលក្នុង​បុរី​ភូមិ​ត្រពាំង​ថ្លឹង​ ហើយ​អ្នករស់នៅ​ក្នុង​បុរី​ស្មានថា​ជា​ចោរ​ដែល​គេច​ពី​ណា​មក​បាន​ចាប់​ឃាត់​ជន​បង្ក​ខាងលើ​ប្រគល់ឲ្យ​សន្តិសុខ​ក្លិប​វិញ​ហើយ​យក​ជន​បង្ក​ទៅ​កន្លែង​កើតហេតុ​វិញ។​


ប្រភព​បន្ដ​ថា​ នៅពេល​មកដល់​កន្លែងកើតហេតុ​ បងប្អូន​ជន​បង្ក​បាន​ចោទ​ប្រកាន់​ថា​ សន្តិសុខ​ក្លិប​បាន​វាយ​ជន​បង្ក​ដោយ​ដំបង​ ទើប​បណ្តាលឲ្យ​រងរបួស​រហូត​ឈានដល់​អ្នកបើក​រ៉ឺម៉ក​ទៅ​ដាក់ពាក្យ​បណ្តឹង​ចោទ​ថា​ សន្តិសុខ​ក្លិប​ជា​អ្នក​វាយ​ពួកគាត់។


ប្រភព​បន្តថា​ ចំពោះ​ករណី​នេះ​ភាគី​ខាង​សន្តិសុខ​ក្លិប​បាន​បដិសេធ​បណ្ដឹង​ខាង​ភាគី​អ្នក​បើក​រ៉ឺម៉ក​ថា​មិនបាន​វាយ​ឡើយ ​ហើយ​ខាង​សន្តិសុខ​បាន​ប្រាប់​ថា ​បងប្អូន​ខាង​ម្ចាស់​រ៉ឺម៉ក​ពេល​ឃាត់​មក​ដល់​មុខ​ក្លិប​ហើយ ​ពួកគេ​ជេរ​ប្រមាថ​ទៅលើ​ថៅកែ​ស្រី​ជា​ម្ចាស់​ក្លឹប​ទៀតផង និង​បាន​និយាយ​អួតអាង​ថា​ ឡាន​ខូច​បន្តិច​ប៉ុណ្ណឹង​អញ​លក់​ដី​តែ​មួយ​អារ​សង​មិន​អស់​លុយ​អញ​ផង។


ក្រោយពេល​កើតហេតុ​ ភាគី​ខាង​រ៉ឺម៉ក​ និង​ខាង​រថយន្ត​មិនបាន​ចរចា​ជាមួយគ្នា​នៅ​ទី​នោះ​ទេ​ដោយ​ឲ្យ​សមត្ថកិច្ច​យក​រថយន្ត​ និង​រ៉ឺម៉ក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕


Pisey-2016-01-02-full-a21


Pisey-2016-01-02-full-a24



បើក​រ៉ឺម៉ក​គេច​ពី​ម៉ូតូ​ទៅ​បុក​ឡាន​ចត​ស្ងៀម ​រួច​រត់គេច​ខ្លួន ​ត្រូវ​គេ​ចាប់​មកវិញ​

Post a Comment

0 Comments

Close Menu