បាត់ដំបង ៖ សពបុរសម្នាក់ ដែលជាពលករបម្រើការជាកម្មករនៅក្នុងប្រទេសថៃ ហើយត្រូវបានប្រពន្ធចាក់សម្លាប់កាលពីពេលថ្មីៗនេះ នៅមិនទាន់អាចបញ្ជូនចេញមកកាន់ស្រុកកំណើតវិញបានទេ ដោយសារតែក្រុមសាច់ញាតិកំពុងតែរត់ការច្បាប់មិនទាន់បាន នេះបើតាមការលើកឡើងរបស់មន្ត្រីនៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីម្សិលមិញ។
គួរបញ្ជាក់ដែរថា យោងតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសថៃបានឲ្យកម្ពុជាថ្មីដឹងថា នៅវេលាម៉ោង១២ កណ្ដាលអធ្រាត្រនាយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ក្នុងទីតាំងអាគារស្នាក់នៅមួយកន្លែងរបស់កម្មករដែលបម្រើការងារជាកម្មករកសាង ស្ថិតក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ព្រមទាំងមានក្រុមតម្រួតថៃចុះមកព្រោងព្រាតផង ដោយសារតែមានជម្លោះមួយបានកើតឡើងរវាងប្ដី-ប្រពន្ធមួយគូ ដែលជាពលករខ្មែរទៅស្នាក់នៅ និងធ្វើការនៅទីនោះ។
ប្រភពដដែលបានបន្តថា ការភ្ញាក់ផ្អើលនេះគឺដោយសារតែគេឃើញបុរសជាប្ដីបានដួលដេកនៅក្នុងថ្លុកឈាមទៅហើយ ដោយដើមហេតុបណ្ដាលមកពីបុរសជាប្ដីបានដើរផឹកស៊ីឡើងស្រវឹងជោកជាំទៅហើយនោះ លុះពេលត្រឡប់មកវិញក៏បានទៅសុំលុយប្រពន្ធ ដើម្បីយកទៅដើរផឹកស៊ីបន្ត ប៉ុន្តែស្ត្រីជាប្រពន្ធគ្មានលុយឲ្យក៏បានកើតជាជម្លោះតែម្តង នេះទំនងដោយសារតែទ្រាំមិនបានទើបស្ត្រីជាភរិយាទាញយកកូនកាំបិតចាក់ទៅលើស្វាមីជាច្រើនកាំបិតស្លាប់ក្នុងថ្លុកឈាមតែម្តង។
បុរសដែលរងគ្រោះនោះមានឈ្មោះ រ៉ុង ង៉ាត់ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានទៅធ្វើការជាមួយប្រពន្ធ ដែលមានឈ្មោះ ឡុក តាប់ នៅឯខេត្តសមុទ្រប្រាកាន ប្រទេសថៃ ជាយូរមកហើយ។ ក្រោយពេលកើតហេតុភ្លាមៗ ស្ត្រីដែលជាឃាតករត្រូវបានក្រុមតម្រួតថៃឃាត់ខ្លួនបាន ដោយបាននាំយកទៅកាន់ស្ថានីយតម្រួតក្នុងតំបន់នោះហើយ ដើម្បីបញ្ជូនយកទៅឃុំខ្លួនជាបណ្ដោះអាសន្ន។
បើតាមសាច់ញាតិបានបញ្ជាក់ថា សពមិនទាន់អាចនាំចេញមកបានទេ ដោយសារតែរត់ច្បាប់មិនទាន់បាន ដូច្នេះគឺមានតែត្រូវរង់ចាំតែប៉ុណ្ណោះ ព្រោះពេលនេះសពត្រូវបានភាគីថៃរក្សាទុកនៅកន្លែងតម្កល់សពហើយ ដើម្បីរង់ចាំក្នុងការបញ្ជូនទៅកាន់ស្រុកកំណើតវិញ នៅឯខេត្តបាត់ដំបង។
ដោយឡែក លោក យ៉ាល់ ប៊ុនពៅ មន្ត្រីនៃការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានលើកឡើងថា លោកបានធ្វើការទាក់ទងទៅភាគីថៃហើយ ដោយគេបានបញ្ជាក់ថា សពប្រហែលជាអាចយកចេញបាននៅថ្ងៃច័ន្ទខាងមុខនេះ ដូច្នេះសាច់ញាតិត្រូវរង់ចាំទទួលយកសពនាពេលនោះនៅក្នុងទីតាំងវត្តប៉ាឡេល័យ៕
សពពលករខ្មែរដែលត្រូវប្រពន្ធចាក់ស្លាប់នៅប្រទេសថៃ អាចថ្ងៃច័ន្ទទើបនាំចេញបាន
0 Comments