Ad Code

ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ពិភាក្សា​ជំរុញ​សកម្មភាព​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា

ភ្នំពេញ ៖ ស្ថាប័ន​ពាក់ព័ន្ធ​នានា មកពី​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត បាន​ពិភាក្សា​អំពី​តួនាទី​របស់​ផ្នែក​ពាក់ព័ន្ធ​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​អំពី​សក្ដានុពល ​នៃ​វិស័យ​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា សំដៅ​ជំរុញ​សកម្មភាព​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជាឲ្យ​មាន​ការ​រីកចម្រើន ស្របតាម​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើក​ឡើង​ក្នុង​ឱកាស​បូកសរុប​លទ្ធផល​ការងារ​ក្រសួងទេសចរណ៍​ឆ្នាំ​២០១២-២០​១៣ និង​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឆ្ពោះ​ទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥។


ការពិភាក្សា​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១៦​នេះ នៅ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ក្រោម​ការរៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​អង្គការ​ផលិត​ភាព​អាស៊ី​(APO)។​


លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ថ្លែង​បញ្ជាក់​ថា អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ឱកាស​បូកសរុប​លទ្ធផល​ការងារ​ក្រសួងទេសចរណ៍​ឆ្នាំ​២០១២-២០១៣ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ទេសចរណ៍​កម្ពុជា ឆ្ពោះ​ទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ នៅ​បុរី​កោះ​ពេជ្រ ដែលឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ «​លើកទឹកចិត្ត​ការ​អភិវឌ្ឍ​កសិ​-​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ទន្លេ​មេគង្គ និង​ទន្លេបាសាក់ ដែល​មាន​សក្ដានុពល​ផ្នែក​វប្បធម៌​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ ភ្ជាប់​ជាមួយនឹង​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​» ខណៈ​ដែល​កំពុង​មាន​ការ​រីកចម្រើន​លើ​វិស័យ​ទេសចរណ៍​នោះ ការ​ផ្សារភ្ជាប់​គ្នា​រវាង​វិស័យ​ទាំងពីរ គឺ​ពិត​ជា​មាន​សារសំខាន់ និង​ផ្តល់នូវ​សារប្រយោជន៍​ច្រើន​គាំទ្រ​ដល់​នយោបាយ​ពិពិធ​កម្ម​របស់​រាជរដ្ឋាភិបាល សំដៅ​ទាញយក​ផល​ប្រយោជន៍​ថែមទៀត​ពី​វិស័យ​ទេសចរណ៍​ឲ្យបាន​ជា​អតិបរមា និង​បង្កើន​ប្រាក់ចំណូល​ដោយ​ផ្ទាល់​ដោយ​ដៃ​ប្រជាកសិករ។


លោក​បន្តថា​ ទន្ទឹមនឹង​ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​សម្បូរ​បែប និង​មាន​កំណើន​ដ៏​ឆាប់រហ័ស នៃ​លំហូរ​ភ្ញៀវ​ទេសចរណ៍ កម្ពុជា​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ទាមទារឲ្យ​យើង​រៀបចំ​ផែនការ​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ ច្បាស់លាស់ និង​ហ្មត់ចត់ ដោយ​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ឆ្លុះបញ្ចាំង​ពី​ការងារ​របស់​យើង ដោយ​ផ្អែក​លើ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេ​ចនាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​នោះ​មានការ​ផ្សារភ្ជាប់​វិស័យ​កសិកម្ម ជា​មួយ​នឹង​វិស័យ​ទេសចរណ៍ និង​ការ​គាំទ្រ​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក។


លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បន្ថែម​ថា តាម​ការសិក្សា​បង្ហាញ​ថា ភាគច្រើន​នៃ​ភ្ញៀវ​ទេសចរ ដែល​ធ្វើដំណើរ​ជុំវិញ​ពិភពលោក ជា​អ្នក​ដែល​ចូលចិត្ត​ស្វែងរក​ចំណេះដឹង និង​មានការ​ពេញ​ចិត្ត​ក្នុង​ការ​ប្រឡូក​ដោយ​ផ្ទាល់ ជាជាង​គ្រាន់តែ​មក​ទស្សនា​កម្សាន្ត​ក្នុង​កំឡុងពេល​វិស្សមកាល​របស់​ពួកគេ។ ក្នុងន័យនេះ ​ក​សិ​-​ទេសចរណ៍ គឺ​សំដៅ​ដល់​ទម្រង់​ពិសេស​មួយ​នៃ​ទេសចរណ៍ ដែល​ភ្ញៀវ​ទេសចរណ៍​ ត្រូវ​បាន​នាំទៅ​ទស្សនា​កម្សាន្ត និង​ស្វែងយល់​ពី​សកម្មភាព​ធ្វើ​កសិកម្ម គឺ​ការ​ធ្វើ​ស្រែ​ចម្ការ ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ និង​សិប្បកម្ម​ជាដើម ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នៅ​ក្នុង​តំបន់​ណាមួយ ដោយ​អាចជា​ដំណើរ​កម្សាន្ត​វិល​ល្ងាច ឬ​ស្នាក់នៅ​គោលដៅ​នោះ ហើយ​ភ្ញៀវ​ទេសចរ​អាច​ទិញ​ផលិតផល​ទាំងនោះ​ពី​ប្រជាកសិករ​ដោយផ្ទាល់ និង​អាច​ចូលរួម​ក្នុង​សកម្មភាព​បេះ​ផ្លែឈើ ផ្តល់​ចំណី​សត្វ ស្វែងយល់ និង​រៀន​របៀប​ធ្វើ​កសិកម្ម ឬ​សិប្បកម្ម ពិសេស​ភ្ញៀវ​តែង​ស្នាក់នៅ​ជាមួយ​ប្រជាកសិករ​តាម​កសិដ្ឋាន ឬ​ចម្ការ ព្រមទាំង​បរិភោគ​អាហារ​ជាមួយ​កសិករ​ផ្ទាល់​តែម្ដង​។​


របាយការណ៍​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​១១​ខែ​ ឆ្នាំ​២០១៥​នេះ ​ចំនួន​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​កើន​ឡើង​ដល់​៤,២​លាន​នាក់ ក្នុង​អត្រា​កំណើន​៥% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤។ ដោយឡែក​ឆ្នាំ​២០១៤​កន្លងទៅនេះ​ សម្រេច​កំណើន​ទេសចរ​ក្នុង​អត្រា ៧% ជាមួយនឹង​ការមកដល់​នៃ​ទេសចរ​អន្តរ​ជាតិប្រមាណ ៤,៥​លាន​នាក់​។​


របាយការណ៍​ក៏បាន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០១៥ កម្ពុជា​នឹង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​៤,៨​លាន​នាក់ និង​ឆ្នាំ​២០២០ ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​អាច​កើន​ដល់​៧,៥​លាន​នាក់ នាំមក​នូវ​ចំណូល​សរុប​ប្រមាណ​៥.០០០​លាន​ដុល្លារ​អាមេរិក និង​បង្កើត​នូវ​ឱកាស​ការងារ​ជូន​ប្រជាជន​ដោយ​ផ្ទាល់​បាន​ជិត​១​លាន​នាក់៕
Pisey-2016-01-11-full-C91




ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ពិភាក្សា​ជំរុញ​សកម្មភាព​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា

Post a Comment

0 Comments

Close Menu