កំពង់ស្ពឺ ៖ អាវុធខ្លី២ដើម ដែលជនសង្ស័យបានឆ្លើយថា បានទិញពី ឈ្មោះ ហេង សុភក្រ័ ភេទប្រុស អាយុ ៣១ឆ្នាំ ជាមន្ត្រីយោធា បញ្ជាការដ្ឋានការពារអាកាស ក្នុងតម្លៃ ១០០០ដុល្លារ ជាង២ឆ្នាំមកហើយ ពេលនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ក្រោយពីចាប់បានបក្សពួកក្រុមប្លន់ទាំង៦នាក់ មកផ្ដន្ទាទោស។ ស្នងការនគរបាល បានបើកប្រតិបត្តិការ ក្នុងករណីប្លន់ជំរិតទាប្រាក់ជាង២ម៉ឺនដុល្លារ លើស្ត្រីទិញលក់ស្រូវ នៅស្រុកឧដុង្គកន្លងមក។
រំលឹកកាលពីថ្ងៃទី ៣១-១២-២០១៥ វេលាម៉ោង១២និង៣០នាទី នៅចំណុចព្រៃខ្មោច ផ្លូវខ្នង ទំនប់ត្រពាំងវែង ខាងជើងវត្តអង្គ្រងប្រហែល ៥០០ម៉ែត្រ ភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីចាប់ឃុំឃាំង និងបង្ខាំង ដោយខុសច្បាប់(ជំរិតយកប្រាក់) លួចស្ថានទម្ងន់ ទោស បង្កដោយជនសង្ស័យ ០១នាក់ និងបក្ខពួកមួយចំនួន អាវុធខ្លី០១ដើម។ ជនរងគ្រោះឈ្មោះ ផុង គី ភេទស្រីអាយុ៥០ឆ្នាំ នៅភូមិក្រាំងខ្នុរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មុខរបរលក់ដូរ ស្លាកស្នាម វាយនិងអាវុធរបួសថ្ងាសខាងមុខ និងស្នាមរលាត់ក្បាលជង្គង់ឆ្វេង។ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះ ទៅប្រមូលស្រូវពីប្រជាពលរដ្ឋ ដែលទិញបណ្ដាក់ នៅភូមិចាកអោក និងភូមិបឹងហ៊ីង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមាន ជនល្មើស ០១ នាក់ ពាក់អាវក្រណាត់ដៃវែងឆ្នូតបញ្ឈរចម្រុះពណ៌ ពាក់មួកសំបុកចាបពណ៌ក្រហម អាវុធខ្លី១ដើម ស្ទាក់ចាប់ជនរងគ្រោះអូសយកទៅមកចងក្នុងព្រៃ ដោះយកគ្រឿងអលង្ការ និងលុយ ក្នុងកាបូប ហើយចាប់ចងព័ទ្ធស្លាបសេក យកកៅអៀកបិទមាត់ និងក្រណាត់រុំមុខជិត ដោយជន ល្មើសម្នាក់នោះអង្គុយផឹកស្រាបៀ និងយាមនៅទីនោះរង់ចាំមេរបស់វាមក។ រហូតដល់ម៉ោង ១៨ និង ០០នាទី ជនល្មើសបានប្រើប្រាស់ទូរស័ព្ទជនរងគ្រោះ ឲ្យទូរស័ព្ទមកបងប្អូនទារយកប្រាក់ចំនួន ២ ម៉ឺន ដុល្លារមកឲ្យ នៅក្នុងព្រៃ ដោយទុករយៈពេល ៣០នាទី។
ក្រោយមកជនល្មើសមានបក្ខពួកដែលជាមេ ខ្លោងមកដល់ក៏នាំគ្នាដើរចេញមកក្រៅ គោលបំណងចាំទទួល ប្រាក់ពីបងប្អូនជនរងគ្រោះ ។ រីឯជនរង គ្រោះប្រឹងរើបំរាស់របូតចំណងជើងដើរកាត់ព្រៃរកប្រជាពលរដ្ឋ ជួយហើយរាយការណ៍មកសមត្ថកិច្ច។
សម្ភារៈបាត់បង់ ខ្សែដៃប្លាកទីន ០២ ខ្សែទម្ងន់ ១៥ ជី ខ្សែករមាស ០១ ខ្សែទម្ងន់ ០៥ ជី ចិញ្ចៀន ០១វង់ លុយដុល្លារ ២០៣ដុល្លារ លុយខ្មែរ ៥០ម៉ឺនរៀល និងទូរស័ព្ទម៉ាកណូគា ២ គ្រឿង ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ អាវុធខ្លី៥៩ចំនួន ០១ ដើម គ្រាប់ ០៥ -មួកសំបុកចាប ០១ពណ៌ក្រហម -កាតកូសស្មាត ០១ ដុល្លារលេខកូដ ៦២៤៤៤៥០៩៩៧៣៩៦ (របស់ជនល្មើស) និង ម៉ូតូម៉ាកគុបសេ ៩០ ពណ៌ខៀវរបស់ជនរងគ្រោះ។
លោកឧត្ដមសេនីយ៍ទោ ឡឹក វណ្ណៈ អនុប្រធាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា នៅថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៦ ក្រោយពីទទួលរបាយការណ៍ពីលោកអធិការនគរបាលស្រុក ឧដុង្គ បានសហការ និងកម្លាំង ដោយមានការចង្អុលបង្ហាញពីលោកស្នងការ-ស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងអាជ្ញាធរមូលដ្ឋាន ចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ។
ភ្លាមៗកម្លាំងនគរបាលបានកំណត់មុខសញ្ញា ជាមេខ្លោងចំនួន ០២ នាក់ និងបក្ខពួកមួយចំនួន ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ បន្ថែម ១ - ឈ្មោះ ថា ធីម ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកឧដុង្គ។ វត្ថុតាងខោអាវដែលដកហូតពីផ្ទះ ជនរងគ្រោះបញ្ជាក់ថាៈ ជាខោអាវដែលស្លៀកពាក់ ពេលធ្វើសកម្មភាព ហើយឈ្មោះ ថា ធីម ទទួលស្គាល់ថា ជាខោអាវរបស់ខ្លួន។
លោកឧត្ដមសេនីយ៍ទោបានបន្តថា ដោយបានអង្កេតតាមរយៈស្ដាប់សំឡេងនិយាយទូរស័ព្ទ ពេលគំរាមទារប្រាក់ដែលសមត្ថកិច្ចបានឆែក និងស្តាប់សំឡេងតាមទូរស័ព្ទដែល សមត្ថកិច្ចឲ្យនិយាយស្តាប់ ពេលឃាត់ខ្លួនបាន គឺបញ្ជាក់ថា ជាសំឡេងរបស់ឈ្មោះ ថា ធីម ដូចគ្នា។ ឈ្មោះ រិន សំអាន ហៅ តៀល ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកឧដុង្គ ក៏មានសាក្សីបញ្ជាក់ថា បានរួមដំណើរជាមួយឈ្មោះ ថា ធីម នៅម្តុំកន្លែងកើតហេតុ ។
ឈ្មោះ អ៊ឹម សុខឡេង ហៅគ្រុយ ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំចាន់ សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ អ្នកបានចូលរួមផឹកស៊ី និងអោយម៉ូតូឈ្មោះ ស៊ុំ ចាន់ណា ហៅ យក្ស ជិះគេចខ្លួន ជនសង្ស័យទាំង ០៣ នាក់នេះ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលា ដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធី និងបានឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺរួចហើយ។ លោកឧត្ដមសេនីយ៍ត្រី សោម ប៉ូរ៉ា ស្នងការរងទទួលព្រហ្មទណ្ឌនគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងថានៅថ្ងៃទី ០៨ខែ ០១ឆ្នាំ ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បន្តស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យដែលជាមេខ្លោងចំនួន ០៣ នាក់ និងក្នុងរង្វង់កិច្ចប្រតិបត្តិការ ១- ឈ្មោះ សឿន ស៊ី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺឃាត់ខ្លួននៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះ ស៊ុំ ចាន់ណា ហៅយក្សភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្តុកតោល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួននៅចំណុចផ្លូវបេតុងម៉ៃដាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យរាជធានី ភ្នំពេញដកហូតវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកNightawk (ណាយហត) សេ២៥០ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ1J-0149 លេខតួ-ម៉ាស៊ីន ៣០៧៧៦៨៨។ ៣-ឈ្មោះ ស៊ឹម សេម ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរ កសិករ លំនៅភូមិខ្សាច់ពូន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួននៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមការស្រាវសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ០២ នាក់ ឈ្មោះ សឿន ស៊ី និងឈ្មោះ ស៊ុំ ចាន់ណា បានសារភាពថា រូបខ្លួន និងបក្ខពួកខាងលើ ពិតជាបានធ្វើសកម្មភាពចាប់ជនរងគ្រោះ ជំរិតយកប្រាក់ និងដោះយកគ្រឿង អលង្ការពិតប្រាកដមែន ។ ដោយឈ្មោះ ស៊ុំ ចាន់ណា ប្រើប្រាស់អាវុធខ្លីម៉ាកកា ៥៩ ពាក់មួកសំបុក ចាបពណ៌ក្រហម ជាអ្នកឈរស្ទាក់ផ្លូវចាប់ជនរងគ្រោះអូសចូលព្រៃចងព័ទ្ធស្លាបសេក ដោះយកគ្រឿង អលង្ការ និងប្រើទូរស័ព្ទជនរងគ្រោះគំរាមទារប្រាក់ចំនួន ២ ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ឈ្មោះ សឿន ស៊ី ប្រើប្រាស់អាវុធកា ៥៤ យាមឃ្លាំមើលខាងក្រៅជាមួយ បក្ខពួក។
ដោយមានការធ្វេសប្រហែស ជនសង្ស័យបានធ្វើឲ្យជនរងគ្រោះរត់រួច ហើយក៏នាំគ្នា គេចខ្លួនព្រមទាំងយកវត្ថុតាងលាក់ទុកនៅក្បែរកន្លែងកើតហេតុ។
នៅថ្ងៃទី ០៩-០១-២០១៦ កំបាំងសមត្ថកិច្ចនគរបាល បាននាំជនសង្ស័យទាំង ០២ នាក់ ទៅចង្អុយបង្ហាញកន្លែងលាក់វត្ថុតាង ដែលដកហូតបាន អាវុធកា ៥៤ មួយដើមបង់ ០១ គ្រាប់ ០១ អាវពាក់ធ្វើសកម្មភាព ០២ និងដកហូតបានគ្រឿងអលង្ការរួមមានៈ ខ្សែកប្លាកទីន ០១ខ្សែ ខ្សែដៃប្លាក ទីន០១ខ្សែ និងចិញ្ចៀន ០១វង្ស ជារបស់ជនរងគ្រោះ។
ក្រៅពីករណីខាងលើនេះ ជនសង្ស័យឈ្មោះ សឿន ស៊ី បានសារភាពថាៈ ខ្លួនបានធ្វើ សកម្មភាពប្លន់ នៅក្នុងផ្ទះចំណុចភូមិចំបក់រុន ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃមិន ចាំ មុនបុណ្យភ្ជុំ ឆ្នាំ ២០១៥ ជាមួយបក្ខពួកម្នាក់ទៀត ដោយរើកកាយយកបានតែលុយបានតែចំនួន ២០ម៉ឺនរៀល ។ ក្នុងករណីខាងលើនេះ កម្លាំងសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យសរុប ០៦ នាក់ មេខ្លោង ០២ នាក់ ទី១-ឈ្មោះ សឿន ស៊ី ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិត្រពាំងវែង ឃុំដំណាក់រាំង ស្រុកឧដុង្គ។ ២-ឈ្មោះ ស៊ុំ ចាន់ណា ហៅ យក្ស ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិស្តុកតោល ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
អ្នករួមគំនិត ០៣នាក់ៈ ១-ឈ្មោះ ថា ធីម ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិអង្គ្រង ឃុំដំណាក់រាំង ស្រុកឧដុង្គ។ ២-ឈ្មោះ រិន សំអាន ហៅ តៀល ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិអង្គ្រង ឃុំដំណាក់រាំង ។ ៣ -ឈ្មោះ អ៊ឹម សុខឡេង ហៅ គ្រុយ ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិត្រពាំងអំពិល ឃុំចាន់ សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឃាត់ក្នុងរង្វង់កិច្ចប្រតិបត្តិការ បាន០១ ឈ្មោះ ស៊ឹម សេម ភេទប្រុសអាយុ៣២ឆ្នាំ នៅភូមិខ្សាច់ពូន ឃុំដំណាក់រាំង ស្រុកឧដុង្គ តែក៏ជាបក្សពួកខាងលើដែរ។
វត្ថតាងដកហូតរួមមាន អាវុធខ្លី ០២ដើម ម៉ាក ៥៤ និង ៥៩ អាវប្រឡាក់ឈាម ០១ មួកសំបុកចាប់ ០១ ពណ៌ក្រហម ម៉ូតូ ០២ គ្រឿង ម៉ាកណៃហត ពណ៌ខ្មៅ និងអេសអិល ពណ៌ទឹកប្រាក់ខ្សែកប្លាកទីន១ខ្សែ ខ្សែដៃប្លាកទីន ០១ខ្សែ ចិញ្ចៀនប្លាកទីន ១វង់ ជារបស់ជនរងគ្រោះដែលនិងត្រូវប្រគល់ជូនជនរងគ្រោះវិញនា ពេលខាងមុខនេះ៕
បង្ហាញមុខជនពាក់ព័ន្ធ ក្នុងករណីប្លន់ជំរិតទារប្រាក់ជាង២ម៉ឺនដុល្លារពីស្ត្រីទិញស្រូវ
0 Comments