Ad Code

ឃីម សា​វ៉េ​ត ផ្ដួល ផង់ សុ​ភ័ស្ស​ ទឹក​៣ ខណៈ ​ឯម ​លី​ថូ ​ផ្ដួល​ ម៉ន ​លី​ហួរ ​ទឹក​៣​ដែរ​

*ពុទ្ធ ហ៊ុ​ច ឯម សុធី ​និង រឿង ​សោ​ភ័​ណ្ឌ ​ឈ្នះ​ថៃ​ដូចគ្នា​




ម៉ន លី​ហួរ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កង​ទ័ព​ជើង​គោក​ត្រូវ​បាន ​ឯម លី​ថូ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ក្នុង​ការ​ប្រកួត​គ្នា ​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​រសៀ​ល​ថ្ងៃអាទិត្យ​ ទី​១០ ខែមករា ឆ្នាំ​២០១៦។



ឯម លី​ថូ អ្នក​ប្រដាល់​ជើងចាស់ ដែល​គេ​មិន​រំពឹង​ថា​នឹង​ឈ្នះ​ ម៉ន លី​ហួរ ម្ចាស់​ជើងឯក​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៥៧​គីឡូក្រាម​នោះ បែរជា​ផ្ដួល ​លី​ហួរ​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយសារ​ស្នៀត​ជង្គង់​របស់​គេ​អុក​ចូល​ចុងដង្ហើម បណ្ដាល​ឲ្យ​ លី​ហួរ ​ដេក​លែង​ក្រោក។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​



លី​ហួរ ជួប​ជាមួយ​ លី​ថូ ​នេះ ហាក់ដូចជា​ចាញ់​ច្រាប​វាយ​ចេញ​អត់​រួច​តែម្តង​ធ្វើ​ឲ្យ ​លី​ថូ គេ​រឹតតែ​វាយ​សង្គ្រុប​ចាប់​អុក​ជង្គង់​រហូត​ទាល់តែ​សន្លប់​តែម្តង។​



ចំណែក ផង់ សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ក៏​ត្រូវ ​ឃីម សា​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ដែរ។ ក្នុង​ការ​ប្រកួត​ពីរ​ទឹក​ដំបូង អ្នក​ប្រដាល់​ទាំងពីរ​បាន​វាយ​គ្នា​យ៉ាង​ស៊ីសាច់ហុតឈាម ដោយ​ប្ដូរ​កណ្ដាប់ដៃ កែង​ និង​ជង្គង់​គ្នា​ទៅវិញទៅមក តែ​ពុំ​មាន​អ្នកណា​មានប្រៀប​ជាង​អ្នកណា​នោះ​ឡើយ។​



ឈាន​ចូល​មកដល់​ទឹក​ទី​៣ សុ​ភ័ស្ស គេ​ភ្លាត់ស្នៀត​ធ្វើ​ឲ្យ ​សា​វ៉េ​ត ដាល់​ចំ​គល់​ថ្គាម​មួយ​ដៃ​ឆ្វេង បណ្តា​ល​ទោស​ឲ្យ​ សុ​ភ័ស្ស ​ដួលសន្លប់​លើ​រេញ។ នេះ​ជា​ការ​ជួបគ្នា​លើកដំបូង សម្រាប់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។​



ចាន់ រក្សា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា គេ​ក៏​ផ្ដួល​ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ឲ្យ​​សន្លប់​ក្នុង​ទឹក​ទី​៣​ដែរ។ ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។ ឈាន រស្មី វាយ​អន់​មែនទែន ដោយ​ត្រូវ​ ចាន់ រក្សា វាយ​ដួល​ក្នុង​ទឹក​ទី​១ ប៉ុន្តែ​ក្រោយពី​រាប់​ដល់​៨ រស្មី គេ​បន្ត​ការប្រកួត​ទៀត។



មកដល់​ទឹក​ទី​៣ រស្មី ក៏​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តង​ទៀត បន្ទាប់ពី​ត្រូវ​កណ្ដាប់ដៃ​របស់ រក្សា វាយ​ចំ​ក​ណ្ដា​ល​មុខ​នោះ​។ ឈាន រស្មី ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​លែង​ឲ្យ​ប្រកួត​ក្នុង​ទឹក​ទី​៣ ក្រោយពី​រក្សា​វាយ​ដួល​ជា​ថ្មី​ទៀត​នោះ។​



យឹម លី​មិត្ត អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១ បាន​ប្រកួត​ឈ្នះ សុខ លាភ អ្នក​ប្រដាល់​ក្លិប​មជ្ឈ​មណ្ឌល​កីឡា​ខ​.​ភ​.​ម ដោយ​ពិន្ទុ ខណៈ​ ​ម៉ន វីវ៉ា ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក វាយ​ឈ្នះ ​ចាន់ សឿន​ស៊ិន ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ៕


*ជម្រុះ​ខ្សែក្រវាត់​LEO​ វគ្គ​៣ ​ជុំ​ទី​២



ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ ​Leo​ វគ្គ​៣ ​ទម្ងន់​៦៧​គ​.​ក្រ សប្ដាហ៍​ទី​២ ថ្ងៃអាទិត្យ​ ទី​១០ ខែមករា ឆ្នាំ​២០១៦ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ វី សេរី​ចាន់​ឌី​ន​ អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​បំបាក់ ហាក់ ប៉ាន់​ធី​ អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ឯ មួយគូ​ទៀត​នោះ ចៅ ផល​ឌឿ ​អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ក៏បាន​ផ្ដួល ​ផាន់ ចំ​ណាន អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤​ដែរ។​



នេះ​ជា​ការ​ប្រកួត​ជម្រុះ​លើក​ទី​១ របស់​អ្នក​ប្រដាល់​ទាំង​៤​នាក់​នេះ។ ជាមួយនឹង​ជ័យជំនះ​នេះ វី សេរី​ចាន់​ឌី​ន និង​ ចៅ ផល​ឌឿ ពួកគេ​រកបាន​៣​ពិន្ទុ​ម្នាក់​ហើយ ខណៈ​ ​ហាក់ ប៉ាន់​ធី​ និង ​ផាន ចំណាន ទទួល​បាន​១​ពិន្ទុ​ម្នាក់។​



ចំពោះ​ការប្រកួត​គូ​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ ពេជ្រ ប៊ុន​ឆេន អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម ប្រកួត​ចាញ់ ម៉ឺន ដា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២ ហើយ ចាន់ ហា​ញ ក្លិប​និរោធ​មាន​ជ័យ វាយ​ស្មើ​ពិន្ទុ​ជាមួយ​ ធន់ វ​ណ្ណះ អ្នក​ប្រដាល់​មកពី​ក្លិប​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរ​ភូមិ​ន្ទ។


*សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​ ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ ​ពុទ្ធ ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង ឯម ​សុធី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ ដោយ​ពិន្ទុ​ដូចគ្នា នៅក្នុង​ការ​ជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្ត​ភាព​អន្តរជាតិ លើ​ស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ទី​១០ ខែមករា​ ឆ្នាំ២០១៦ នេះ​ដែរ ។​



ពុទ្ធ ហ៊ុ​ច ដែល​មាន​បទពិសោធន៍​ជោគជាំ​ជាមួយ​ប្រដាល់​នោះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Chhorh Chai Petch Pracha ដោយ​ពិន្ទុ បន្ទាប់ពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។ ពួកគេ​ប្រកួត​ក្នុង​ទម្ងន់ ៦៩ គីឡូក្រាម។



ចំណែក អ្នក​ប្រដាល់ ​ឯម សុធី ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ ឈ្មោះ ​Norng Lek Luk.Champachai ដោយ​ពិន្ទុ​ដែរ ក្នុង​ការ​ប្រកួត​សងសឹក​។ កាលពី​ជួបគ្នា​លើក​មុន សុធី បាន​វាយ​ចាញ់ ​Norng Lek​ ដោយ​ពិន្ទុ ឥឡូវ​ សុធី ​សងសឹក​ Norng Lek​ យកឈ្នះ​ដោយ​ពិន្ទុ​វិញ។​



​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សំណាង សិលា អ្នក​ប្រដាល់​ស្រករ​ក្រោយ​នៃ​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ ដែល​ឡើង​ប្រកួត​សងសឹក អ្នក​ប្រដាល់​ជើងចាស់​ សេង ហៀ​ង ក្លិប​សុភា​នូ​មាន​ជ័យ​នោះ ធ្វើ​មិនបាន​សម្រេច​នោះ​ឡើយ ដោយ​វាយ​ចាញ់​ សេង ហៀ​ង ក្នុង​ទឹក​ទី​៥។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​



ដោយឡែក អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍ បាន​ផ្ដួល​អ្នក​ប្រដា​ល់​ថៃ​ Thorng Thai ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ កាលពី​យប់​ថ្ងៃ​សៅរ៍ ​ទី​០៩ ខែមករា លើស​ង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​នេះ​ដែរ។



សោ​ភ័​ណ្ឌ បាន​ប្រើ​កណ្ដាប់ដៃ​ឆ្វេង ដាល់​ចំ​គល់​ថ្គាម​អ្នក​ប្រដាល់​ថៃ ​Thorng Thai ​មួយ​ដៃ​ពេញ​តែម្តង បណ្ដាល​ឲ្យ​ Thorng Thai​ នេះ ដួលសន្លប់​លែង​ក្រោក។​ សោ​ភ័​ណ្ឌ​ និង​អ្នក​ប្រដាល់​ថៃ ​Thorng Thai​នេះ ជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។


​លីន អ៊ី​ស្សខយ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ដែល​ជា​អ្នក​ប្រដាល់​ជើងចាស់​នោះ​ត្រូវ​ ឯម វុត្ថា ​អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ដាល់​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​។​ អ្នក​ប្រដាល់​ទាំងពីរ​នេះ ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។​



ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ដែល​ទើប​ឈ្នះ​ពានរង្វាន់​បាយ័ន​ក្នុង​ប្រភេទ ទម្ងន់​៥៧​គីឡូក្រាម បាន​វាយ​ចាញ់​ ជ័យ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​ខេត្តពោធិ៍សាត់ ដោយ​ពិន្ទុ។​


ឯម ម៉ូ​លី អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ប្រកួត​ឈ្នះ​ជើង​ថ្មី បឺត ចើ​ត អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕​


11-1-2016l5


11-1-2016l4


11-1-2016l3


11-1-2016l2


11-1-2016l1


11-1-2016l




ឃីម សា​វ៉េ​ត ផ្ដួល ផង់ សុ​ភ័ស្ស​ ទឹក​៣ ខណៈ ​ឯម ​លី​ថូ ​ផ្ដួល​ ម៉ន ​លី​ហួរ ​ទឹក​៣​ដែរ​

Post a Comment

0 Comments

Close Menu