សៀមរាប ៖ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប្រាសាទ, ព្រៃឈើនិងសហគមន៍មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ជាក់ស្តែងនៅក្នុងកិច្ចប្រជុំICC.Angkorក៏បានសម្រេចផងដែរថា នៅក្នុងឧទ្យានអង្គរមានធាតុសំខាន់បំផុត ចំនួន០៣ គឺប្រាសាទតំណាងឲ្យ (វប្បធម៌) ធម្មជាតិ(ដើមឈើសត្វព្រៃទឹក។ល។)និងសហគមន៍(ប្រជាជនទំនៀមទម្លាប់ប្រពៃណី)ដែលអាជ្ញាធរជាតិអប្សរាត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យខ្លាំង។
ក្នុងចំណោមធាតុទាំងបីនេះ ដើមឈើបានធ្វើឲ្យឧទ្យានអង្គរមានសោភណភាពស្រស់ស្អាត និងជារនាំងការពារប្រាសាទផងដែរ។ ប៉ុន្តែដោយសារកត្តាធម្មជាតិនិងមនុស្សបានធ្វើឲ្យដើមឈើធំៗខ្លះមានជំងឺដែលចាំបាច់ត្រូវធ្វើការព្យាបាលឱ្យទាន់ពេលដើម្បីឲ្យដើមឈើលូតលាស់ល្អ មានសុខភាពរឹងមាំឡើងវិញ។
ក្នុងបទបង្ហាញដល់អង្គពិធី នាឱកាសបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ កាលពីថ្ងៃទី៣១ ធ្នូម្សិលមិញនេះ លោក ទូច តេត្រា ប្រធានការិយាល័យគ្រប់គ្រងទេសភាពវប្បធម៌នៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាដើមឈើក៏ដូចមនុស្សដែរ វាត្រូវការអុកស៊ីសែន ការសម្រាក ចំណីអាហារ ទឹក មានជំងឺ និងត្រូវការព្យាបាលដូចគ្នា។
លោកក៏បានលើកឡើងផងដែរអំពីដើមឈើមានជំងឺត្រូវព្យាបាល គឺដើមឈើដែលមានរបួសដោយការកាប់ចាំងដំដែកគោលឬសរសេរអក្សរពីលើដែលធ្វើឱ្យឆ្លងមេរោគ។ ដើមឈើខ្លះក៏មានដំបៅដែលបង្កឡើងដោយផ្សិត ការពុកតួដើមឈើ និងពុកគល់។ ដើមឈើដែលដំបៅឫសដោយសកម្មភាពមនុស្សជាន់ពីលើជារៀងរាល់ថ្ងៃឬមានវត្ថុធ្ងន់ៗសង្កត់លើ។ ដើមឈើដំបៅគល់ដោយការចោះយកជ័រ និងដើមឈើ ដែលមានក្រណាត់រុំជុំវិញដើម។
លើសពីនោះ លោកតេត្រាបញ្ជាក់ថា ដើមឈើក៏មានជំងឺស្ត្រេសដែរ។ ជំងឺនេះបង្កឡើងដោយចាក់ដីហាប់ណែន ចាក់បេតុងពីលើឬចាក់ដីលុបគល់ ដែលមានជម្រៅជ្រៅនិងការដាក់ពន្លឺភ្លើងអគ្គិសនីខ្លាំងជិតដើមឈើជារៀងរាល់ថ្ងៃដែលបង្កផលប៉ះពាល់ដល់ដំណេករបស់ដើមឈើ។
ចំណែកវិធីសាស្ត្រក្នុងការព្យាបាល ត្រូវអនុវត្តទៅតាមប្រភេទជំងឺផ្សេងៗគ្នា។ ចំពោះឈើដែលពុកគល់ ឬដើម ត្រូវកោសនិងលាងសម្អាតសាច់ឈើពុកឬដុះផ្សិតឲ្យស្អាតបន្ទាប់មកបាញ់ឬលាបជ័រទឹកនៅលើផ្ទៃដែលបានសម្អាតហើយនោះ។ជំងឺខ្លះត្រូវបិទប្រហោងតូចៗ ដោយប្រើល្បាយដីដំបូកក៏បានដោយក្រមួនក៏បានតាមលទ្ធភាពដែលយើងមានហើយត្រូវធ្វើចង្អូរបង្ហូរទឹកនិងដី ចេញផង។
ចំណែកដើមឈើខ្លះទៀត ដែលមានឫសធំៗចេញផុត ពីដីជាពិសេសក្នុងតំបន់ប្រាសាទដែលមានភ្ញៀវទស្សនាច្រើនដើរកាត់អង្គុយពីលើហើយបង្កឲ្យមានជំងឺនោះយើងធ្វើកម្រាលឈើឬជណ្ដើរឈើកុំឲ្យមនុស្សឈរឬដើរពីលើតទៅទៀត។ ចំណែកជំងឺស្ត្រេសវិញ ត្រូវព្យាបាលដោយយកពន្លឺអគ្គិសនីចេញឬបន្ថយពន្លឺឲ្យមកនូវកម្រិតទាប។ ការឈូសឆាយធ្វើឲ្យដីធូរឬគាស់យកបេតុងចេញ ដាក់ជី ដាំស្មៅពីលើ ។ល។ កាប់រណ្តៅជុំវិញគល់ឈើ ស្រោចទឹក ដាក់ជី។
គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាដ៏វិសេសនេះ ត្រូវបានបង្ហាត់បង្រៀនដោយអ្នកជំនាញមកពីប្រទេសឥណ្ឌា ហើយក្នុងឆ្នាំ២០១៥នេះអាជ្ញាធរជាតិអប្សរាព្យាបាលជំងឺដើមឈើបានចំនួន៨៤១ដើមនៅតាមប្រាសាទនានានិងផ្លូវវង់ទស្សនានៅក្នុងឧទ្យានអង្គរ៕
ដើមឈើនៅតំបន់ឧទ្យានអង្គរ ត្រូវបានព្យាបាល និងថែទាំ
0 Comments