ក្រុមគ្រួសារភ័យខ្លាចបានគ្រវីទង់.ស នៅពេលពួកគេបានងើបចេញពីផ្ទះ ដែលក្លាយជាកម្ទេចកម្ទីនៅក្នុងទីក្រុង Ramadi របស់ប្រទេសអ៊ីរ៉ាក់ ដែលជាកន្លែងកងទ័ពរដ្ឋាភិបាល នៅតែកំពុងប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាមនៅថ្ងៃសុក្រមានរយៈពេលប្រាំថ្ងៃ បន្ទាប់ពីកងទ័ពបានកាន់កាប់ឡើងវិញនៃភាគកណ្ដាលទីក្រុងនេះ។
ទីក្រុងដែលស្ថិតនៅតាមដងទន្លេ Euphrates ស្ថិតនៅភាគខាងលិចទីក្រុង Baghdad មួយនេះគឺជាទីក្រុងធំបំផុត ដែលត្រូវបានវាយយកមកវិញពីក្រុមរដ្ឋឥស្លាម ហើយវាជាការកាន់កាប់មកវិញជាលើកដំបូងចាប់តាំងពីវាបានធ្លាក់ចូលដៃពួកសកម្មប្រយុទ្ធកាលពី១៨ខែមុន។
នៅពេលកងទ័ពអ៊ីរ៉ាក់បានវាយលុកក្នុងទីក្រុងរងការបំផ្លាញបំផ្លាញមួយនេះ មានស្ត្រីវ័យចំណាស់ម្នាក់បានចេញពីផ្ទះដោយលើកទង់.សចងនៅចុងបន្ទះឈើមួយ។ ភ្លាមៗនោះនាងត្រូវបានធ្វើតាមបែបនេះដោយក្មេងៗ ស្ត្រីរបួសនៅលើរទេះរុញម្នាក់ និងក្រុមបុរស ដែលបីក្មេងតូចៗ។ ពួកគេបានគ្រញែងខ្លួន នៅពេលដែលស្នូរផ្ទុះត្រូវបានឮនៅពីចម្ងាយ។
បុរស ដែលត្រូវបានជួយសង្គ្រោះម្នាក់បានប្រាប់ Reuters ថា “ក្រុមរដ្ឋឥស្លាមមិនមែនសាសនាមូស្លីមទេ ពួកគេគឺជាសត្វតិរច្ឆាន”។ លោកបាននិយាយទាំងទឹកភ្នែកថា “យើងសូមអរគុណដល់កងកម្លាំងសន្តិសុខរបស់យើង ពួកគេបានជួយសង្គ្រោះយើង”។
ដោយឡែកបុរសម្នាក់ទៀតបានប្រាប់ទូរទស្សន៍ Reuters ថា ក្រុមអ្នកប្រយុទ្ធបានសម្លាប់មនុស្សចំនួនប្រាំពីរនាក់ ដែលបានបដិសេធមិនចូលជាមួយពួកគេទៅស្រុកផ្សេងទៀត។
លោកវរសេនីយ៍ត្រី Salam Hussein បានប្រាប់ទូរទស្សន៍ Reuters ថា ពួកសកម្មប្រយុទ្ធកំពុងប្រើប្រាស់ក្រុមគ្រួសារធ្វើជាខែលមនុស្ស។ លោកបាននិយាយថា មកទល់ពេលនេះមានជាង ៥២ គ្រួសារត្រូវបានជួយសង្គ្រោះនៅក្នុងទីក្រុងនេះ។
មន្ត្រីយោធាម្នាក់ទៀត ដែលបានទាក់ទងតាមទូរស័ព្ទពីសមរភូមិបានឲ្យដឹងថា កងកម្លាំងសន្តិសុខបានប្រើប្រាស់ប្រដាប់បំពងសំឡេង ដើម្បីជំរុញឲ្យជនស៊ីវិលធ្វើដំណើរឆ្ពោះទៅរកកងទ័ពមុនពេលអំពាវនាវឲ្យមានការវាយប្រហារតាមអាកាសពីក្រុមចម្រុះ ដែលដឹកនាំដោយអាមេរិកនៅលើប្លុកលំនៅដ្ឋាន នៅតែកាន់កាប់ដោយពួកសកម្មប្រយុទ្ធ។
មន្ត្រីនោះបាននិយាយថា វត្តមានរបស់ជនស៊ីវិលគឺជាការពន្យារពេលដល់ការវាយលុករបស់កងទ័ពឆ្ពោះទៅភាគខាងកើតពីភាគកណ្ដាល ដែលពួកគេបានចាប់យកកាលពីថ្ងៃអាទិត្យជាកន្លែងរដ្ឋាភិបាលខេត្តមានទីតាំងស្ថិតនៅ ។ លោកបានបញ្ជាក់ថា យន្តហោះចម្បាំងមិនបានធ្វើការវាយប្រហារគោលដៅណាមួយទេ នៅភាគកណ្ដាលទីក្រុង Ramadi លុះត្រាណាតែពួកគេប្រាកដថា គ្មានជនស៊ីវិលនៅក្បែរនោះ៕
Reuters
ក្រុមគ្រួសារភ័យខ្លាចបានងើបចេញពីគំនរបាក់បែក បន្ទាប់ពីការប្រយុទ្ធនៅទីក្រុង Ramadi
0 Comments