Ad Code

សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​លោក សួន សេរី​រដ្ឋា ឲ្យ​ចូល​បំភ្លឺ​បណ្តឹង​នៅ​ថ្ងៃទី​១៣​មករា​ខាងមុខ

ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះហៅ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ឲ្យ​ចូល​បំភ្លឺ​បណ្តឹង​របស់​ខ្លួន ដែល​បាន​ប្តឹង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ខាងមុខ នេះ​បើ​យោង​តាម​ដីកា ដែល​ទើប​ទទួលបាន។


កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​យកពាក្យ​បណ្តឹង​ព្រហ្មទណ្ឌ ដែល​មាន​កម្មវត្ថុ​ប្តឹងលោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ពី​បទ​បរិហារកេរ្តិ៍​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការរើសអើង ទៅ​ដាក់នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​នៅក្នុង​បណ្តឹង​នេះ បាន​ទាមទារ​ឲ្យ​មាន​សំណង​ជម្ងឺ​ចិត្ត​ចំនួន​៥០០ លាន​រៀល។


តាម​ដីកា​កោះហៅ ចុះហត្ថលេខា​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ដែល​ទើប​ទ​ទួល​បាន​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹង​ថា “​អញ្ជើញ​ឈ្មោះ សួន សេរី​រដ្ឋា ជាដើម​បណ្តឹង​រដ្ឋប្បវេណី មាន​អាស័យ​ដ្ឋាន​ផ្ទះ​លេខ​២៤៤ ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ វេ​លា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​បណ្តឹង​របស់​ខ្លួន ហើយ​សាមី​ខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទង​ និង​ រឿង​ខាងលើ​មក​ជា​មួយ​ផង​ប្រសិនបើ​មាន​”។


ចំណែក​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​០៤ ខែមករា ថា “​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នេះ ខ្ញុំ​ទទួល​លិខិត​កោះហៅ របស់លោក មាស ច័ន្ទ​ពិសិដ្ឋ ហៅ​ឲ្យ​ខ្ញុំ​ចូល​បំភ្លឺ​នៅ​តុលាការ​សាលាដំបូង​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ២០១៦ (​ដីកា​សរសេរ​២០១៥) ករណី​ខ្ញុំ​ប្តឹង​លោក ហោ ណាំហុង​”​។ តាម​លោក សួន សេរី​រដ្ឋា អះអាងថា លោក​នឹង​ឡើង​ទៅ​តុលាការ​តាម​ការ​កោះហៅ​នោះ​។ តែ​លោក សួន សេរី​រដ្ឋា ឡកឡឺយ​ឲ្យ​លោក មាស ច័ន្ទ​ពិសិដ្ឋ​ថា “​តែ​មិន​ដឹង​ថា ព្រះរាជ​អាជ្ញា​រង មាស ច័ន្ទ​ពិសិដ្ឋ អាច​បង្វិល​ពេលវេលា​ថយក្រោយ​យ៉ាងម៉េច​បាន​ឲ្យ​មាន​ថ្ងៃទី​១៣ មករា ២០១៥ ?”។


ទាក់ទង​និង​ការ​កោះហៅ​នេះ កម្ពុ​ជាថ្មី​មិនអាច​សុំ​ការ​បញ្ជាក់​ពី​លោក ការ សា​វុ​ត្ថ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានទេ ប៉ុន្តែ​លោក​មេធាវី​ធ្លាប់​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ស្វាគមន៍​បណ្តឹង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ប្តឹង​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យមាន​ការរើសអើង​។ លោក​មេធាវី ការ សា​វុ​ត្ថ បញ្ជាក់​ថា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គ្មាន​តម្រុយ​ពិរុទ្ធភាព​ពី​បទ​បរិហារកេរ្តិ៍ និង ញុះញង់​ឲ្យមាន​ការរើសអើង​នោះ​ទេ ពីព្រោះ​លោក​ឧបនាយករដ្ឋមន្ត្រី​និយាយ​តាម​សាលក្រម​របស់​តុលាការ​ប៉ុណ្ណោះ​៕



សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​លោក សួន សេរី​រដ្ឋា ឲ្យ​ចូល​បំភ្លឺ​បណ្តឹង​នៅ​ថ្ងៃទី​១៣​មករា​ខាងមុខ

Post a Comment

0 Comments

Close Menu