Ad Code

សំរាម​ជា​អាវុធ​មុខ​២​ ​បើ​យើង​មិន​យក​ចិត្ត​ទុកដាក់​ និង​ចាប់អារម្មណ៍​ក្នុង​ការ​សំអាត



បន្ទាយមានជ័យ​ ៖ ​​លោក យឹម​លី​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន​ថា​ ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​នាំគ្នា​សំអាត​បរិស្ថាន​នៅ​ជុំវិញ​ផ្ទះ​ព្រោះ​សំរាម​គឺជា​អាវុធ​មុខ​២​មាន ​ប្រយោជន៍ ​ក៏​បង្ក​​គ្រោះថ្នាក់​ដល់​មនុស្ស​​សត្វ រុក្ខជាតិ​ផង​ដែរ​ បើ​យើង​មិន​ចាប់អារម្មណ៍ ​និង​យកចិត្តទុកដាក់​ក្នុង​ការ​សំអាត។

លោក​មាន​ប្រសាសន៍​បែប​នេះ ​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន ​ដែល​ប្រព្រឹត្តទៅ​នៅ​ព្រឹក ថ្ងៃទី​៥ ​ខែមិថុនា ឆ្នាំ​២០១៨​នៅ​សាលាបឋមសិក្សា ​និង​អនុវិទ្យាល័យ​កំពង់ស្វាយ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ដោយ​មាន​ការចូលរួម​លោក​អ៊ុំ​ រាត្រី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត មន្ត្រីរាជការ ការិយាល័យ អង្គភាព​ជុំវិញ​ក្រុង​ប្រជា​ការពារ​ភូមិ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ​ចំនួន​ជិត​៣០០​នាក់​នាក់​។​

លោក យឹម​លី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​គេ​ធ្វើ​ពិធី​​​នេះ​ដើម្បី​ដាស់សតិ​អារម្មណ៍​ប្រជាពលរដ្ឋ យុវជន យុវនារី​ឲ្យ​បានដឹង​ឲ្យ​កាន់​ច្បាស់​ថា​ សំរាម​គេ​សំដៅលើ​វត្ថុ​រឹង រាវ ដូចជា​វត្ថុ​សល់​ពី​មនុស្ស​ហូប​​មាន​ដូចជា បន្លែបង្ការ សល់​ពី​ម្ហូប ពិសេស​​សំបក​ស្នោ​ និង​ចង្កឹះ ដែល​គេ​ផលិត​សុទ្ធតែ​ដាក់​ជាតិគីមី​យកទៅដាក់​នំចំណី​ឲ្យ​យើង​ហូប​នៅ​ពេល​ដែល​យក​វា​ទៅ​ហូប​អាច​ក្លាយទៅជា​ជំងឺ​ដ៏​កាច​សាហាវ​នៅក្នុង​ខ្លួន​យើង។

លោក​យឹម​ លី​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ឆ្នាំ​កន្លង​មក​ ដោយសារតែ​មន្ត្រី​បរិស្ថាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​បោសសំអាត​នៅ​ជុំវិញ​ផ្ទះ ​និង​នៅ​ជុំវិញ​ផ្លូវ​សាធារណៈ​ទើប​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ក្រុង​សិរីសោភ័ណ​មានការ​យល់ដឹង​ច្រើន ចេះ​សំអាត​នៅ​ទីធ្លា​ផ្ទះ ចេះ​វេច​ខ្ចប់​សំណល់​រឹង​រាវ ចែក​ពី​គ្នា​ដាច់​ ហើយ​យក​ទៅដាក់​ក្នុង​ធុងសំរាម​មាន​របៀប​រៀប​រយ​ ទើប​កន្លងមក​ទៅ​ក្រុង​សិរីសោភ័ណ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ទៀតផង​ដែរ។

លោក​យឹម​លី​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​បរិស្ថាន គឺជា​បញ្ហា​ប្រឈម​ដ៏​ចំបង​មួយ ដែល​ពិភពលោក​កំពុងមាន​ការព្រួយបារម្ភ និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង បញ្ហា​ទាំងនោះ​រួមមាន កំណើនប្រជាជន កំណើន​តម្រូវការ ការកាប់បំផ្លាញ​ព្រៃឈើ ការបំពុល​ទឹក ការបំពុល​ខ្យល់ ការបំពុល​ដី ការបាត់បង់​ជីវចម្រុះ និង​ភាពក្រីក្រ​ជាដើម​។ ក្នុងនោះ​លោក​អ៊ុំ​រាត្រី​ក៏បាន​មានប្រសាសន៍​ដែរ​ថា​ ផលវិបាក​អំពី​បញ្ហា​សំរាម​ដែល​កើតឡើង​កន្លងមក និង​ឥទ្ធិពល​អាក្រក់​ដែល​អាច​កើតឡើង​នាពេល​អនាគត​នោះ​លោក​ក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ គួរ​ចូលរួម​ក្នុង​កិច្ចការពារបរិស្ថាន​តា​ម​សមត្ថភាព លទ្ធភាព និង​ភារកិច្ច​ជំនាញ​របស់ខ្លួន ហើយ​សូម​ស្វែងយល់​អំពី​បញ្ហា​បរិស្ថាន និង​គ្រប់គ្រង​បញ្ហា​ទាំងនោះ​ឲ្យ​បាន​សមស្រប​តាម​គោលការណ៍​គ្រប់គ្រង​បរិស្ថាន ដូចជា ការកាត់បន្ថយ​ការប្រើប្រាស់ ការប្រើប្រាស់​ឡើងវិញ និង​ការកែច្នៃ​ឡើងវិញ​ជាដើម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu