Ad Code

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា ​ស្លាប់​មនុស្ស​៣​នាក់ និង​របួសធ្ងន់​៣​នាក់​



កំពង់ស្ពឺ​ ៖ ​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​លើផ្លូវ​ជាតិ​លេខ​៤ បាន​សម្លាប់​ជីវិត​មនុស្ស​៣​នាក់ និង​៣​នាក់​ទៀត រង​របួស​ធ្ងន់។

ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ ​បាន​កើតមានឡើង​នៅ​ម៉ោង​០៥​និង​១៨​នាទី​ព្រឹក នា​ថ្ងៃ​ពុធ ទី​១០ ខែ​មេសា ​ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​០៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ (៦៣-៦៤) ត្រង់​ចំណុច​ក្រាំង​ខ្វាវ ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឲ្យ​ដឹងថា រថយន្ត០១​គ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2C-7377 បើកបរ​ដោយ ​ឈ្មោះ នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ ខេត្ត​ព្រះសីហនុ ជា​អ្នក​បើក​រថយន្តឈ្នួល មាន​ដឹក​អ្នកដំណើរ​ចំនួន​០៦​នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បុក​ជាមួយ​រថយន្ត​គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ​ពាក់​ស្លាក​លេខ ក​.​ព 8658 អ្នកបើកបរ​រថយន្ត​ឈ្មោះ ភាព ភេទ​ប្រុស អាយុ​​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​ទិសដៅ​បញ្ច្រាស​ទិសដៅ​គ្នា។

នគរបាល​ចរាចរណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ រួម​មាន ​៖
១-​ឈ្មោះ ស្រីអូន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ ស្រុក​បារាយ ខេត្ត​កំពង់ធំ របួស​ធ្ងន់​, ២-​ឈ្មោះ ម៉ៃ អន​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ត្នោត​ថ្មី ឃុំ​បារាយ​ខេត្ត​កំពង់ធំ​(​ស្លាប់​), ៣-​មិន​ស្គាល់​ឈ្មោះ ភេទ​ប្រុស របួស​ធ្ងន់​, ៤-​មិន​ស្គាល់ឈ្មោះ ភេទ​ស្រី ស្លាប់​នៅ​កន្លែងកើតហេតុ​, ៥-​មិន​ស្គាល់ឈ្មោះ ភេទ​ស្រី ស្លាប់​នៅ​កន្លែងកើតហេតុ និង​៦-​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស របួស​ធ្ងន់។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា មុន​កើត​ហេតុ​រថយន្ត Highlender បាន​បើកបរ​ពី​ទិស​ខាង​លិច​ទៅ​ទិសខាងកើត​ លុះ​មកដល់​ចំណុច​ខាងលើ​បាន​បុក​រថយន្ត​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ​ ក​.​ព​8658 ពេញ​មួយ​ទំហឹង​ បណ្តាលឲ្យមាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​នាក់​បែប​នេះ​។​

បច្ចុប្បន្ន ជនរងគ្រោះ​រង​របួស​ធ្ងន់​នគរបាល​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត និង បន្ដ​ទៅ​រាជធានី​ភ្នំពេញ​។​

ចំណែក​អ្នកស្លាប់​ ត្រូវបាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
ក្រោយពី​វាស់វែង​មធ្យោបាយ​បង្ក​ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu