Ad Code

គ្រូ​បង្រៀន​ម្នាក់​ រស់នៅ​ក្នុង​តូប​លក់​ចាប់ហួយ​៣៥​ឆ្នាំ ​ពេល​ចង់​សង់​តូប​ថ្មី មេ​ឃុំ​​ចេញ​លិខិត​អោយ​ផ្អាក​បន្តបន្ទាប់ ថា​សង់​លើ​ដី​រដ្ឋ, ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ស្វាយរៀង មិន​ខ្វល់ ពេល​ឃើញ​កូនចៅ​មានទុក្ខ



ស្វាយរៀង​ ៖​ លោក​សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ សុខ សារឹម អាយុ​៧២​ឆ្នាំ បម្រើការ​ងារ​ជា​គ្រូបង្រៀន​និង​ជា​នាយករង​នៅ​ក្នុង​សាលាបឋមសិក្សា​ហ៊ុន សែន​ឈើទាល ស្ថិត​ក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ​ ខេត្ត​ស្វាយរៀង។

លោក​សាស្ត្រាចារ្យ​បាន​សង់​តូប​លក់​ចាប់ហួយ​រស់នៅ​លើដី​រដ្ឋ​ទល់មុខ​សាលា​ជាមួយ​ភរិយា​អស់​រយៈពេល​៤០​ឆ្នាំ​មកហើយ តែ​ពេលនេះ​គាត់​បាន​ចូលនិវត្តន៍ ជិត​៣​ឆ្នាំ​ហើយ ប៉ុន្តែ​សាលា​នៅតែ​ត្រូវការ​រូបគាត់​អោយមក​ប្រើការ​ងារ​ជា​គ្រូ​ជាប់​កិច្ច​វិញ​ម្តង។ ក្រោយពេល​ចូលនិវត្តន៍​កម្លាំង​ក៏​កាន់តែ​ទ្រុឌទ្រោម លោក​សាស្ត្រាចារ្យ​បាន​ទុកដាក់​ជីវភាព​ប្រចាំថ្ងៃ​ទៅលើ​តូប​ចាប់ហួយ​និង​ភរិយា​ទាំងស្រុង។ ប៉ុន្តែ​ដោយសារ​តូប​ចាប់ហួយ​វា​ចាស់​ទ្រុឌទ្រោម​និង​ធ្លុះធ្លាយ​ដំបូល​អស់ កាលពីដើម​ខែមីនា ឆ្នាំ​២០១៩​លោក​សាស្ត្រាចារ្យ​បាន​ជួល​ជាង​មក​សង់ផ្ទះ​ថ្មី​ធ្វើ​ពី​ដែក អោយ​អ្នកផង​មើល​ឃើញ​សមរម្យ​នឹង​គេ ប៉ុន្តែ​គ្រាន់តែ​ជាង​ចាប់ផ្តើម​ផ្សារ​សសរ​ឡើង​នៅ​ថ្ងៃទី​១១​ខែមីនា ឆ្នាំ​២០១៩​លោកស្រី នង សានី មេឃុំ​ឈើទាល បានចេញ​លិខិត​មួយច្បាប់​អោយ​ផ្អាក​ការសាងសង់។

ដោយស៊ូ​ទ្រាំ​នឹង​ការរស់នៅ​ក្រោម​ដំបូល​ពុកផុយ​មិនបាន នៅ​ថ្ងៃទី​០៧​ខែមេសា​ លោក​សាស្ត្រាចារ្យ​បាន ហៅ​ក្រុម​ជាងសំណង់​មក​បន្ត​ការសាងសង់​ទាំង​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល និង​សមាជិក​ក្រុមប្រឹក្សាឃុំ​ជាច្រើន​នាក់​អម​ជាមួយ​លិខិត​គំរាមកំហែង​របស់​អ្នកស្រី​មេឃុំ​មួយច្បាប់​ទៀត ចុះហត្ថលេខា​នៅ​ថ្ងៃ​សៅរ៍​ទី​០៦​ខែមេសា​ឆ្នាំ​២០១៩​ថា បើ​លោក​សាស្ត្រាចារ្យ​សុខ សារឹម មិន​ព្រម​ផ្អាក​ការសាងសង់​នេះ​ទេ អាជ្ញាធរ​ឃុំ​នឹង​ចុះ​រុះរើ​ដោយ​គ្មាន​សំណង​ការខូចខាត​ឡើយ។ ការប្រឈមមុខ​ដាក់គ្នា​នេះ​បានអូសបន្លាយ​ពេល​ជាង​២​ម៉ោង ប៉ុន្តែ​ការសាងសង់​មិនបាន​ត្រូវ​ផ្អាក​តាម​លិខិត​ហាម​ឃាត​របស់​អាជ្ញាធរ​ឃុំ​ឡើយ។ ទោះជា​យ៉ាងណា​នៅក្នុង​ស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​នេះ ភាគី​អាជ្ញាធរ អ្នកស្រី​មេឃុំ​បាន​លើកឡើងថា លោកស្រី​ចេញ​លិខិត​ផ្អាក​នេះ​ដោយសារតែ​ការសាងសង់​ស្ថិតនៅលើ​ទីតាំង​ដី​មណ្ឌល​សុខភាព​របស់​ឃុំ​មាន​ប្លង់​ត្រឹមត្រូវ។ ប៉ុន្តែ​ភាគី​ខាង​លោក​សាស្ត្រាចារ្យ​សុខ សារឹម បាន​លើកឡើងថា អ្នក​ដែល​រស់​នៅលើ​ទីតាំង​ដី​មណ្ឌល​សុខភាព​នេះ​គឺមាន​មន្ត្រី​ច្រើន​នាក់​ណាស់ ប៉ុន្តែ​មេឃុំ​ចាស់​បាន​លក់​យកលុយ​អស់ហើយ ចំណែក​លោក​សាស្ត្រាចារ្យ​ក៏បាន​ទិញ​ពី​លោក​មេឃុំ​ចាស់​ដែរ​។ ប៉ុន្តែ​ទោះបី​បាន​ទិញ​លក់​ឬ​មិនបាន​ក៏​នៅមាន​លិខិត​របស់​ឯក​ឩ​ត្ត​ម ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​អនុសាសន៍​សម្តេច​តេ​ជោ បញ្ជា​អោយ​កាត់​ដី​ទាំងនេះ​ជូន​ពលរដ្ឋ​និង​មន្ត្រីរាជការ​ហើយ​ដែរ ប៉ុន្តែ មេឃុំ​មិនបាន​យក​លិខិត​បញ្ជា​នេះ​មក​អនុវត្ត​ឡើយ។

ប្រភព​មន្ត្រីខេត្ត​ស្វាយរៀង​ជាច្រើន​បាន​រិះគន់ថា លោក​ប្រធាន​មន្ទីរអប់រំ​ខេត្តស្វាយរៀង និង​អភិ​បាល​ខេត្ត មិនគួរ​មើលរំលង​រឿង​ដ៏​ក្តៅគគុក​មួយ​នេះឡើយ ទោះបី​លោក​សាស្ត្រាចារ្យ​សុខ សារឹម បាន​ចូលនិវត្តន៍​​ហើយ​ក៏ដោយ​ក្តី តែ​លោកគ្រូ​នៅ​ក៏​នៅ​ទទួលបាន​ប្រាក់ខែ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​របស់​មន្ទី​រ​អប់រំ​ដដែល​ទេ មិនមែន​កូន​ក្រៅ​ខោ​ឯណា ហេតុនេះ​លោក​ប្រធាន​មន្ទីរ គួរ​ធ្វើ​គំរូ​អោយ​មន្ត្រី​ចូលនិវត្តន៍​ក្រោយៗ​អស់សង្ឃឹម​ដូច្នេះ​ទៀត។

ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ​សហការី​កាសែត​កម្ពុ​ជាថ្មី​ព្យាយាម​ទំនាក់ទំនង​តាម​ប្រព័ន្ធ​whatsapp​និង​ទូរស័ព្ទ​ទៅ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​ដើម្បី​សុំ​ការ​បំភ្លឺ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​មាន​អ្នក​ទទួល​ចំណែក​whatsapp​ក៏​មិន​មាន​ការ​ឆ្លើយតប​នោះ​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu