ព្រះសីហនុ ៖ កប៉ាល់ទេសចរធុនយក្សមួយគ្រឿង នាំក្រុមភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង២ពាន់នាក់ បានចូលចតយ៉ាងសុវត្ថិភាពនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។
បើតាមការគ្រោងទុកកប៉ាល់ដ៏ធំមហិមា ដែលធ្វើដំណើរមកពីប្រទេសថៃនេះ នឹងនាំភ្ញៀវចាកចេញពីខេត្តព្រះសីហនុប្រទេសកម្ពុជាឆ្ពោះទៅប្រទេសវៀតណាមនៅល្ងាចថ្ងៃដដែលនេះ។
មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តោប្រវេសន៍កំពង់ផែក្រុងព្រះសីហនុ បានឲ្យដឹងថា កប៉ាល់ធុនយក្សនេះ មានឈ្មោះ NORWEGIAN JEWEK មានសញ្ជាតិ BAHAMAS បណ្ដោយប្រវែង ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ និងជម្រៅទឹក ៨.២០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិ សាសន៍មកពីប្រទេសថៃ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីវេលាម៉ោង៧ និង ១០នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩។ នាវា NORWEGIAN JEWEK មានគម្រោងចាកចេញពីកំពង់ផែអន្តរ ជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ១៧ និង៣០នាទីយប់ថ្ងៃដដែល។
មន្ត្រីដដែល បានឲ្យដឹងទៀតថា ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមកប៉ាល់នេះ មានចំនួនសរុប ២.៤៥៣នាក់ ស្រី ១.៣២៤នាក់ មាន ៥៥សញ្ជាតិ និងមាននាវិក១.០៧៦នាក់ ស្រី២៦២នាក់ មាន ៥៨សញ្ជាតិ។ ភ្ញៀវទេសចរ ដែលមានសញ្ជាតិច្រើន ជាងគេមាន USA ៨៤០នាក់ Australia ៣៦៩នាក់ British ២៤៤នាក់។
បន្ទាប់ពីចូលចតរួច គេឃើញមានរថយន្តក្រុងជាច្រើនគ្រឿងបានឈប់ចតនៅក្នុងកំពង់ផែដើម្បីត្រៀមដឹកក្រុមភ្ញៀវទេសចរ ដែលភាគច្រើនជាមនុស្សមានវ័យចំណាស់នេះ ធ្វើដំណើរទៅទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាននានា ក្នុងទីប្រជុំជនផ្សារ តាមតំបន់មាត់សមុទ្រ ក្នុងក្រុងព្រះសីហនុ និងតាមតំបន់នេសាទ(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ និងទៅទស្សនាតំបន់ផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាយើងនេះ៕
Source: Kampuchea Thmey Daily
0 Comments