តាកែវ ៖ ជនរងគ្រោះពីរនាក់ឪពុក និងកូនស្រី បានរងរបួសយ៉ាងដំណំ ខណៈពេលកំពុងបើកបរម៉ូតូលើដងផ្លូវសុខៗ ត្រូវរថយន្តសាំយុង របូតកង់ក្រោយ វិលទៅបុកម៉ូតូ បណ្ដាលឲ្យដួល។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង០៨និង០៥នាទី ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២ ក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
ជនរងគ្រោះបើកបរម៉ូតូឈ្មោះ ភួង សុភាព ភេទប្រុស អាយុ៥៣ឆ្នាំ រងរបួសត្រូវជើងឆ្វេងចំនួន៣កន្លែង ចំណែកកូនស្រីឈ្មោះ ភួង លីណា អាយុ១២ឆ្នាំ ត្រូវចំមុខខាងឆ្វេងបណ្ដាលឲ្យដាច់យ៉ាងដំណំ ដែលទាំងពីរនាក់ឪពុក និងកូនរស់នៅភូមិដំណាក់ធំ២ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ម៉ាកPCX ពាក់ស្លាកលេខភ្នំពេញ 1HG.7224 រងការខូចខាតខាងមុខផងដែរ។ ដោយឡែក រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌.ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2AG.9570 និងមិនត្រូវបានស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយទេ ព្រោះបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
បច្ចុប្បន្ន រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ច នៃអធិការនគរបាលស្រុកសំរោងយកមករក្សាទុក ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យទាំងអស់គ្នា៕
Source: Kampuchea Thmey Daily
0 Comments