ភ្នំពេញ ៖ ដើម្បីសិស្សានុសិស្សទាំងអស់ពេលដែលទិញអ្វីហូបចុកហើយ ត្រូវចេះវេច្ចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនោះ នៅព្រឹកថ្ងៃអង្គារ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំចែកធុងសំរាម ដល់សាលាចំនួន១៥សាលាក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ធុងសំរាមដែលលោក អភិបាលខណ្ឌដូនពេញចុះចែកជូនសាលានាព្រឹកនោះដែរ គឺជាជំនួយរបស់ សហគមន៍អឺរ៉ុប (EU),UNDP ( កម្មវិធី អភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ ) និងប្រទេស Sweden ដោយបានសហការជាមួយក្រសួងបរិស្ថាន និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងកម្មវិធី " Cambodia Climates Change Alliance-CCCA-កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា "។
ក្នុងនោះរដ្ឋបាលខណ្ឌដូនពេញ បានបែងចែកធុងសំរាមទាំងនោះដល់សាលាចំនួន១៥សាលានៅក្នុងមូលដ្ឋានខណ្ឌដូនពេញទី១-វិទ្យាល័យព្រះស៊ីសុវត្ថិចំនួន១២ធុង ទី២-វិទ្យាល័យ វត្តកោះចំនួន០៨ធុង ទី៣-វិទ្យាល័យអនុវត្ត ចំនួន៨ធុង ទី៤-វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ ចំនួន១០ធុងទី៥-អនុវិទ្យាល័យ-ចតុមុខ ចំនួន៨ធុង ទី៦-សាលាបឋមសិក្សារព្រះនរោត្តម ចំនួន៨ធុង ទី៧-សាលាបឋមសិក្សារកូលាបទី១ ចំនួន១២ធុង ទី៨-សាលាបឋមសិក្សារចតុមុខ ចំនួន៨ធុង ទី៩-សាលាបឋមសិក្សារវត្តបទុម ចំនួន៤ធុង ទី១០-សាលាបឋមសិក្សា ភ្នំដូនពេញ ចំនួន៦ធុង ទី១១-សាលាបឋមសិក្សារវត្តកោះ ចំនួន៤ធុង ទី១២-សាលាបឋមសិក្សាហាំងង៉ោស្រះចក ចំនួន៤ធុង ទី១៣-សាលាបឋមសិក្សាអនុវត្តចំនួន៤ធុង ទី១៤-សាលាមត្តេយ្យ៨មីនា ចំនួន២ធុង និងទី១៥-សាលាមត្តេយ្យវត្តកោះ ចំនួន២ធុងសរុបចំនួន១០០ធុង។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌដូនពេញ ក៏បានផ្តាំផ្ញើឲ្យប្អូនៗ និងក្មួយៗ ត្រូវខិតខំរៀនសូត្រធ្វើយ៉ាងណាកុំសេពគប់មិត្ត ដែលមិនល្អ ដែលឲ្យយើងខូចអនាគត ព្រោះយើងទាំងអស់នឹងហើយជាទំពាំងស្នងឫស្សី និងសសរទ្រូងប្រទេសជាតិតទៅមុខទៀត។
លោកអភិបាលបានបន្តទៀតថា ចំណែកធុងសំរាមដែលរដ្ឋបាលខណ្ឌដូនពេញបានផ្តល់ជូននោះសូមប្អូនៗសិស្សានុសិស្សទាំងពេលដែលហូបចុកហើយ ត្រូវចេះទុកដាក់សំរាមទៅធុងឲ្យបានត្រឹមត្រូវដើម្បីឲ្យបរិវេណសាលារបស់យើងមានសោភណភាព និងបរិស្ថានល្អ៕
Source: Kampuchea Thmey Daily
0 Comments