ភ្នំពេញ ៖ បុរសពីរនាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំងចាប់ឃាត់ខ្លួន បន្ទាប់ពីកាន់ដាវពីរដើមចូលទៅផឹកស៊ីកន្លែងលក់ដូរមួយកន្លែង នៅពេលឆែកឆេរអត់មានលុយគ្រប់គ្រាន់សម្រាប់ឲ្យថ្លៃផឹកស៊ីនោះ។
ជនសង្ស័យ ត្រូវបាននាំយកទៅសួរនាំនៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅកន្លែងលក់ដូរមុខផែស្ងួតតែងឡាយស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១.ឈ្មោះព្រុំ ម៉ារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅភូមិ ជម្ពូវ័នសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តស្វាយរៀង ទី២ឈ្មោះជា ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករលើកកាតុងក្នុងផែតេងឡាយ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រែកជ្រៃឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីនារីអ្នកលក់ដូរនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលសមត្ថកិច្ចចុះមកឃាត់ខ្លួន, គាត់បានឃើញជនសង្ស័យម្នាក់ដើរដោយថ្មើរជើង និងម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាកធូដេ ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ1AP-2857 មកដល់មុនក្រោយគ្នាបន្តិចប៉ុណ្ណោះ។ ពេលនោះ គាត់បានឃើញមានរបស់អ្វីម្យ៉ាងដូចជាដំបងបន្ដិច ឬដាវបន្ដិច ព្រោះគេរុំនឹងកំណាត់យកមកដាក់ក្រោមតុផឹកស៊ី ហើយហៅស្រាផឹកស៊ីជាមួយគ្នាគេពីរនាក់នឹង តែគាត់ក៏មិនបានរាយការណ៍ប្រាប់សមត្ថកិច្ចដែរ ព្រោះមិនច្បាស់ថាជារបស់អីឲ្យពិតនោះទេ មិនដឹងថាអ្នកណារាយការណ៍ឬសមត្ថកិច្ចដឹងដោយរបៀបណាទេ។
ប្រភពបានបន្តទៀតថា ខណៈពួកគេកំពុងអង្គុយផឹកស៊ី ស្រាប់តែសមត្ថកិច្ចមកដល់ចាប់ឆែកឆេរស្រាប់តែឃើញដាវនៅក្រោមតុផឹកស៊ី ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅកន្លែងនោះ។ សមត្ថកិច្ចបានឲ្យដឹងដែរថា ពេលទៅដល់រកឃើញដាវចំនួន២ដើមនៅក្រោមតុ ហើយសួរនាំជនសង្ស័យទាំង២នាក់នេះ គេបានបដិសេធថា ដាវនេះមិនមែនជារបស់ខ្លួនឡើយ ទោះយ៉ាងណាសមត្ថកិច្ចហៅយកទៅកាន់ប៉ុស្តិ៍ដើម្បីសួរនាំបន្ដទៀត។ តែហៀបនឹងចេញទៅអ្នកលក់បានគិតលុយថ្លៃផឹកស៊ីជនសង្ស័យទាំង២នាក់មិនមានលុយថ្លៃផឹកស៊ីនោះគ្រប់ឡើយ ដោយនៅលើខ្លួនពីរនាក់មានលុយតែ៤ពាន់រៀលប៉ុណ្ណោះ នៅខ្វះជាង១ម៉ឺនរៀលទៀត៕
Source: Kampuchea Thmey Daily
0 Comments