ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន៥៦២គ្រួសាររស់នៅអមសងខាងប្រឡាយស្ទឹងមានជ័យ បានស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកដីកម្មសិទ្ធិហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាក់ដីបំពេញ រួចក្នុងជំហានទី១នេះ។
ពិធីចាប់ឆ្នោតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ។
គួរបញ្ជាក់ថា ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៤៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ។ លើគម្រោងនេះ យើងបានបែងចែកជា៤ដំណាក់កាល ដោយដំណាក់កាលទី១. មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងដំណាក់កាលទី១នេះ ក្រុមការងារ បានសម្រុកការងាររបស់ខ្លួនបាន៩៥ភាគរយហើយ។ ក្រៅពីចាក់បេតុងស៊ីផាយហើយនោះ ការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយក្រុមការងារ បានចាក់បំពេញបានមួយរយភាគរយហើយ។ ចំណែកការកាយភក់ចេញពីបាតប្រឡាយ គឺយើងអនុវត្តការងារសម្រេចបាន១០០ភាគរយហើយដែរ។
ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញ គ្រោង នឹងធ្វើការអភិវឌ្ឍ ឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យ និងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណ និង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅនឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យ នឹងត្រូវសាងសង់ឡើង ដោយបុកបេតុងស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្ដាញទឹក ភ្លើងអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្គោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត។
ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទម្លាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យ មានទំហំ៨ម៉ែត្រ ចិញ្ចើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះ និងក្រោយផ្ទះកន្លះម៉ែត្រ៕
Source: Kampuchea Thmey Daily
0 Comments