Ad Code

កម្ពុជា​ ស្នើ​សុំ​បន្ថែម​ អនុគ្រោះ​ពន្ធគយ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​ លើ​មុខទំនិញ​ សំលៀក​បំពាក់ និង​វាយនភ័ណ្ឌ​ ស្បែកជើង ​កង់​ និង​ស្ករស



មូស្គូ​ ៖​ លោក​ស្រី តឹក​រ៉េត កំរង​ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​រួម​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​សម្រាប់​កម្ពុជា បាន​ស្នើ​សុំ​បន្ថែម​អនុគ្រោះ​ពន្ធគយ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​(The Joint Scheme of tariff preferences of the EAEU)​ លើ​មុខទំនិញ ​សំលៀក​បំពាក់ និង​វាយនភ័ណ្ឌ​ ស្បែកជើង កង់ ​និង​ស្ករស។

ការ​ស្នើ​​សុំ​របស់​លោក​ស្រី បាន​ធ្វើ​ឡើង ក្នុង​ជំនួប​ក្រុម​ការងារ​រួម​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEC) ​ កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ក្នុង​ទីក្រុង​មូស្គូ​ សហព័ន្ធ​រុស្ស៊ី។

កិច្ចប្រជុំ​លើក​ទី​២​នេះ​ បាន​ដឹកនាំ​ដោយ​សហប្រធាន​ចំនួន​២​រូប គឺ​លោក​ស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​រួម​នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី​សម្រាប់​កម្ពុជា រួម​ជាមួយ​លោកស្រី តាត​យ៉ាន​ណា វ៉ា​លូ​វ៉ា​យ៉ា (Tatiana VALOVAYA) សមាជិក​ក្រុមប្រឹក្សាភិបាល​សមាហរណកម្ម និង​ម៉ាក្រូសេដ្ឋកិច្ច នៃ​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​តំណាង​អង្គទូត​មកពី​ប្រទេស​ជា​សមាជិក​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EAEU)​។​

ក្រសួង​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ ភាគី​កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​កត់សម្គាល់​អំពី​សារៈសំខាន់​នៃ​ការបង្កើត​ឲ្យ​មាន​ដៃគូ​សន្ទនា​ផ្ទាល់ រវាង​ក្រុមការងារ​ជំនាញ​នៅ​ក្រោម​ក្របខ័ណ្ឌ​នៃ​អនុស្សរណៈ​យោគយល់​គ្នា ដែល​ជា​មូលដ្ឋានគ្រឹះ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​។ ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ជាមួយ​ប្រទេស​ជា​សមាជិក EAEU ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​រ​បស់​ក្រុមការងារ​រួម។ ជាមួយ​គ្នា​នេះ ភាគី​ទាំង​ពីរ​ បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់ នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​លើ​វិស័យ​សំខាន់ៗ​រួមមាន ​៖​ ឧស្សាហកម្ម​, កសិកម្ម​, ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​, វិនិយោគ​, កិច្ច​សម្រួល ពាណិជ្ជកម្ម និង​ពន្ធគយ​, ស្តង់ដា ការវាយតម្លៃ​ទទួលស្គាល់ និង​អនុលោម​ភាព​, អនាម័យ និង​ភូតគាម​អនាម័យ​, កម្មសិទ្ធិបញ្ញា​, និង​សេដ្ឋកិច្ច​ឌីជីថល រួម​ទាំង​ការពិចារណា​បង្កើត​ឲ្យ​មាន​អនុ​ក្រុមការងារ​ជំនាញ​លើ​វិស័យសេដ្ឋកិច្ច​ឌីជីថល។

លើសពីនេះ​ទៀត ភាគី​ទាំង​ពីរ​ បាន​គូសបញ្ជាក់​ឡើងវិញ​អំពី​ការប្តេជ្ញាចិត្ត ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​តំណាង​ផ្នែក​ឯកជន និង​លើកទឹកចិត្ត​ឲ្យ​ផ្នែក​សាធារណៈ រួម​នឹង​សហគមន៍​ធុរកិច្ច​របស់​ភាគី​ទាំងពីរ បង្កើន​កិច្ច​សន្ទនា ក៏ដូចជា​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​សំខាន់ៗ​ផង​ដែរ។

ក្រសួង បន្ថែម​ថា នៅក្នុង​ឱកាស​នោះ ភាគី​កម្ពុជា​ក៏បាន​លើកឡើង​នូវ​សំណើសុំ​បន្ថែម​មុខទំនិញ ដែល​ស្ថិត​ក្រោម​គម្រោង​អនុគ្រោះ​ពន្ធគយ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (The Joint Scheme of tariff preferences of the EAEU) រួមមាន​៖ សំលៀកបំពាក់ និង​វាយនភ័ណ្ឌ ស្បែកជើង កង់ និង​ស្ករស។ គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី បាន​ទទួលយក​ជំហរ​របស់​កម្ពុជា អំពី​បំណង​សិក្សា​លើ​លទ្ធភាព​បង្កើត​ក្របខ័ណ្ឌ​ការងារ​សម្រាប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (Free Trade Agreement) នៅពេល​អនាគត។

ជា​កិច្ចបញ្ចប់ មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមការងារ​រួម​បាន​ឯកភាព​គ្នា​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ត​ទៀត​៕​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu