កំពង់ចាម ៖ ជាងបាញ់ថ្នាំរថយន្តម្នាក់ ត្រូវសមត្ថកិច្ច នគរបាល ស្រុកជើងព្រៃចាប់ខ្លួនពីបទរំលោភទំនុកចិត្តដោយលក់រថយន្តមួយគ្រឿងប្រើកាតគ្រី ក្លែងក្លាយ។
ប៉ូលិសបានអោយដឹងថា កាលពីថ្ងៃទី05 ខែមិថុនា ឆ្នាំ2018វេលាម៉ោង 12-00 នគរបាលស្រុកជើងព្រៃ បានទទួលបណ្ដឹងពីជនរងគ្រោះ ឈ្មោះ ញ៉ែមសម្ផស្ស ភេទស្រីអាយុ25ឆ្នាំ នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយបានមកប្តឹងនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃថា ខ្លួនត្រូវជនសង្ស័យឈ្មោះ ហ៊ាងម៉េងសាន ភេទប្រុស អាយុ26ឆ្នាំ នៅភូមិកោះត្រែង ឃុំកោះពីរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ មានមុខរបរជាជាង តោនបាញ់ថ្នាំរថយន្តស្នាក់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើព្រៃ(ជួលដីគេប្រកបមុខរបរ) បានលក់រថយន្ត ប្រើកាតគ្រីក្លែងក្លាយ អោយខ្លួន ញែម សម្ផស្ស ក្នុងតម្លៃប្រាក់ចំនួន4100$(បួនពាន់មួយរយដុល្លារ)។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃទី31-5-2018វេលាម៉ោង12 ឈ្មោះ ហ៊ាង ម៉េងសានភេទប្រុស អាយុ26ឆ្នាំ មុខរបរជាជាងបាញ់ថ្នាំរថយន្ត ស្នាក់នៅភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានទូរស័ព្ទមកខ្លួនឈ្មោះ(ញ៉ែមសម្ផស្ស) និងប្តី ឈ្នោះ វ៉ាន់ ផល្លី អាយុ32ឆ្នាំ នៅភូមិសង្កែពង មុខរបរជាងម៉ាស៊ីនរថយន្ត ថា ឈ្មោះ ហា៑ង ម៉េងសាន ចង់លក់រថយន្ត ម៉ាកសាំយ៉ុង មួយគ្រឿងហើយក៏មានការតថ្លៃគ្នា រហូតត្រូវគ្នាក្នុងតំលៃ4100$ដោយ ខ្លួនពុំបានពិនិត្យឯកសារកាតគ្រីច្បាស់លាស់។
ស្ត្រីរងគ្រោះបន្តថា លុះ03ថ្ងៃក្រោយមក មានគេមករកទិញរថយន្តនោះ ហើយគេបានមើលកាតគ្រី រថយន្តនោះ ទើបដឹងថា ក្លែងក្លាយ ហើយគេបានអោយ មន្ត្រីសាធារណការឆែកមើល ម្តងទៀតក៏ឃើញថាក្លែងក្លាយ មែន និងថាលេខរថយន្តនោះជាលេខរថយន្តកាមរីទៅវិញ។
បន្ទាប់មក ខ្លួនឈ្មោះញ៉ែមសម្ផស្ស និងប្តីបានប្រាប់ទៅឈ្មោះហ៊ាង ម៉េងសានថាអោយប្រាក់4100$មកវិញ ហើយយករថយន្តរបស់ខ្លួនទៅវិញទៅចុះ តែឈ្មោះហ៊ាងម៉េងសានមិនព្រមអោយលុយវិញឡើយ។
ជនរងគ្រោះបញ្ជាក់ថា ឈ្មោះហ៊ាងម៉េងសាននេះ ជួលដីគេបាញ់ថ្នាំរថយន្តដល់អាណត្តិត្រូវបញ្ឈប់ និងបម្រុងគេចខ្លួនផងនោះ និងម្យ៉ាងទៀតអ្នកស្រីខ្លាចរថយន្តនោះមានការពាក់ព័ន្ធករណីផ្សេងទៀតក៏សម្រេចចិត្តមកប្តឹងនគរបាលជួយអន្តរាគមន៍ជួយដោះស្រាយអោយឃាត់ធ្វើតាមច្បាប់។
ប៉ូលិសបាន បញ្ជាក់ថា ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments