ភ្នំពេញ ៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងទទួលទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់ នគរបាលប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ នៅក្នុងមូលដ្ឋានខណ្ឌ ដឹកនាំដោយលោក ចេង មុនីរ៉ា និងលោកស្រី នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រហ្មលើក រាសី សុំសេចក្តីសុខ ចម្រុងចម្រើន ពីទេវតាឆ្នាំថ្មី និងសូមឲ្យតាមជួយបីបាច់ថែរក្សា ចៀសផុតឧបទ្រពចង្រៃ ទាំងឡាយទាំងពួង សូមឲ្យគ្រប់សកម្មភាពការងារ និងរបររកទទួលទាន ទាំងឡាយ បានទទួលជោគជ័យ ព្រមទាំងមានសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងរាប់បាត្របង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។
លោក ចេង មុនីរ៉ា បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅពេលឆ្នាំថ្មីចូលមកដល់ លោក ព្រមទាំងមន្ត្រីចៅសង្កាត់ តែងតែជួបជុំគ្នា និមន្តព្រះសង្ឃ បង្សុកូល និងរាប់បាត្រព្រះសង្ឃ ៤២អង្គ ដើម្បីកាត់ផ្ដាច់នូវ រាល់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ ចាប់យក សិរីសួរស្ដី នៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនប្រជាពលរដ្ឋ នាឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោកអភិបាល បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយនេះ ជារៀងរាល់ឆ្នាំ ហើយវាជាគុណតម្លៃរបស់ដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
ពិធីនោះក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ព្រះនាម ទុង្សាទេវីដែលនឹងយាងចូលមកថែរក្សាគ្រប់គ្រង់ព្រះរាជាណាចក្រកម្ពុជា ជំនួសទេវតាឆ្នាំចាស់ ជួយប្រោះព្រំពរជ័យស័ពសាធុការដល់ថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសកម្មភាពជួយប្រជាពលរដ្ឋដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខណ្ឌច្បារអំពៅទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ ចៀសវាងការលេងប៉ាតម្សៅ ជះទឹកដាក់គ្នា ព្រោះនេះមិនមែនជាប្រពៃណីខ្មែរទេ និងត្រូវមានការប្រុងប្រយ័ត្ន នូវរាល់ភ្លើងធូបទៀន គ្រោះអគ្គិភ័យ ជាយថាហេតុ។
បន្ទាប់ពីបញ្ចប់ពិធីសូត្រមន្តចម្រើនព្រះបរិត្ត នៅសាលាខណ្ឌរួចហើយ លោក ចេង មុនីរ៉ា រួមនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាខណ្ឌ រាប់បាត្រព្រះសង្ឃ៤២អង្គ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏មានរបាំត្រុដរាំដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញ និងជាទីបញ្ចប់នៅកម្មវិធីក៏មានរបាំជូនពរដល់គណៈអភិបាលខណ្ឌ និងមន្ត្រីរាជការ នៃសាលាខណ្ឌផងដែរ។
សង្ក្រាន្តឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី១០កើត ខែចេត្រ ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ដោយមានរយៈពេល៣ថ្ងៃ៕
Source: Kampuchea Thmey Daily
0 Comments