Ad Code

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ៖​ ការ​ដាក់​ឲ្យ​ដំណើរការ​APP​តាក់ស៊ី ​និង​តុ​ក​តុ​ក​TAP ON​ នឹង​ចូលរួម​ចំណែក​​​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា



ភ្នំពេញ ​៖​ លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​បញ្ជាក់​ថា ​ការដាក់​ឲ្យ​ដំណើរការ​APP ​តាក់ស៊ី​ និង​តុ​ក​តុ​ក​TAP ON​ នឹង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​កម្ពុជា ​ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​បង​ប្អូន​ដែល​ប្រកបមុខរបរ​មួយ​នេះ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​ផង។

ការ​ថ្លែង​បញ្ជាក់​របស់ លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ខាងលើនេះ​ បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំណើរការ​នូវ​App តាក់ស៊ី និង​តុ​ក​តុ​ក TAP ON នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩​កន្លង​មក​នេះ។

លោក​បាន​មានប្រសាសន៍​ទៀត​ថា ​ខ្ញុំ​សូម​លើកទឹកចិត្ត​ចំពោះ​តំណាង​នានា​ចូលរួម​បង្កើន​ប្រសិទ្ធភាព ​នៃ​ការផ្តល់សេវា ​និង​គុណភាព​ នៃ​ផលិតផល​ ឬ​ទំនិញ​របស់​ខ្លួន​ដើម្បី​ឲ្យ​អតិថិជន​កាន់តែ​មាន​ភាព​ពេញចិត្ត​ និង​ប្រើប្រាស់​សេវា​របស់ខ្លួន​កាន់តែច្រើន។

លោក អង មង្គល បាន​បន្តទៀតថា​ ក្រុមហ៊ុន​បានរៀបចំ​កម្មវិធី​នេះ​ឡើង​ក្នុង​គោលបំណង​ដាក់​ឲ្យ​ដំណើរការ​សេវាកម្ម App តាក់ស៊ី និង​តុ​ក​តុ​ក TAP ON ដែលមាន​តម្លៃ​សមរម្យ​ជាង​ក្រុមហ៊ុន​នានា​ដើម្បី​ជួយ​សម្រួល ​និង​បម្រើ​ដល់​អតិថិជន​ដែល​ប្រកប​អាជីវកម្ម​រត់​តាក់ស៊ី​ និង​តុ​ក​តុ​ក​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​យ៉ាង​ឆាប់រហ័ស​ជាមួយ​អតិថិជន​ដែល​មាន​តម្រូវការ​ប្រើប្រាស់​លើ​មធ្យោបាយ​មួយ​​​នេះ​។​

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ លោក​ អង មង្គល​ បាន​គួរ​បញ្ជាក់​ទៀត​ថា ​បច្ចុប្បន្ន​មាន​ក្រុម​ជាច្រើន​ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ និង​មាន​ទីតាំង​របស់​ខ្លួន​នៅ​កម្ពុជា​ដែល​បាន​ចរាចរ​ដាក់​លក់​ផលិត​ផល ​ឬ​ទំនិញ​របស់​ខ្លួន​នៅ​លើ​ទីផ្សារ ​ឬ​ខ្លះ​ទៀត​បម្រើ​ផ្នែក​សេវាកម្ម​នានា​ជាដើម​។​ ដោយ​ការវិវត្តន៍​ នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទីផ្សារ​អន​ឡាញ​ បាន​និង​កំពុង​រីក​រាលដាល ​និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ជាច្រើន​ពី​អតិថិជន​។

លោក​បាន​បន្ថែមថា ​ទន្ទឹមនឹងនោះ ​ការរីក​រាលដាល​ នៃ​សេវា​ដឹក​អ្នកដំណើរ​តាម​តាក់ស៊ី និង​តុ​ក​តុ​ក​ដោយ​ប្រើប្រាស់ App ក៏​ពេញនិយម​សម្រាប់​មនុស្ស​នា​សម័យ​ទំនើប​មួយ​នេះ ដោយ​អតិថិជន​គ្រាន់​តែ​បញ្ចូល​កម្មវិធី​មួយ​នេះ ទៅក្នុង​ទូរស័ព្ទ​វៃឆ្លាត (Smart Phone) របស់​ពួកគាត់​នឹង​ទទួល​បាន​សេវាកម្ម ដឹក​អ្នកដំណើរ​រហ័ស​ទាន់​ចិត្ត នៅពេលដែល​ចុច​បញ្ជា​ហៅ​ការប្រើប្រាស់​ភ្លាម​។ តួយ៉ាង​ដូចជា App តាក់ស៊ី និង​តុ​ក​តុ​ក របស់​ក្រុមហ៊ុន TAP ON មួយ​នេះ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ភ្លាម បន្ទាប់ពី​កម្មវិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រួចរាល់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu