អ្នកប្រដាល់ជើងខ្លាំងកម្ពុជាពីរនាក់ នឹងឡើងប្រកួតជាមួយអ្នកប្រដាល់បរទេសនៅក្នុងកម្មវិធីប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិ Boostrong Fighter On Fire នៅលើសង្វៀនSEATV នាថ្ងៃទី០៩ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងនោះ មាស ច័ន្ទមាន អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ ត្រូវជួបប្រកួត ជាមួយអ្នកប្រដាល់ថៃPhach Ka ក្នុងទម្ងន់៦៣,៥០០គ.ក្រ ឯ អ៊ុំ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ ត្រូវជួបអ្នកប្រដាល់អឺរ៉ុបJastin ក្នុងទម្ងន់៧១គ.ក្រ ។
អ្នកប្រដាល់ថៃ Phach Ka ដែលមកប្រកួតជាមួយមាស ច័ន្ទមាននោះ គេបានវាយចាញ់ រឿង សារ័ត្ន ដោយពិន្ទុ កាលពីថ្ងៃទី០៥ឧសភា២០១៨ កន្លងមកនេះ ។ អ្នកប្រដាល់ថៃរូបនេះ គេមានក្បាច់គុនប្រដាល់ល្អដែរ មិនចាញ់មាស ច័ន្ទមាន ប៉ុន្មាននោះទេ ។ ទន្ទឹមនេះ Phach Ka មានផ្លែល្អ កណ្តាប់ដៃនិងជង្គង់ ក៏ល្អដែរ ។
មាស ច័ន្ទមាន ជាអ្នកប្រដាល់ដែលមានកម្លាំងស៊ុហ្វខ្លាំង រឹងមាំ ស្នៀតទាត់ កែង និងជង្គង់របស់គេខ្លាំងហើយលឿនរហ័ស ។ ច័ន្ទមាន ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ថៃច្រើន នាក់មកហើយ ម្ល៉ោះហើយបទពិសោធន៍របស់គេ គឺមិនធម្មតាឡើយ ។
អ្នកប្រដាល់មាស ច័ន្ទមាន មានប្រវត្តិប្រកួតចំនួន១៣៧លើក ឈ្នះ១០១លើក ចាញ់៣១លើក និងស្មើ០៥លើក ។ចំណែក Phach Ka គេមានប្រវត្តិប្រកួតចំនួន៧៣លើក ឈ្នះ៦២លើក ចាញ់១០លើក និងស្មើ០១លើក ។ ចាំមើល រវាងមាស ច័ន្ទមាន និង Phach Ka តើអ្នកណាឈ្នះនោះ ? ។
ចំពោះ អ៊ុំ ចំរើន អ្នកប្រដាល់ជើងខ្លាំង នៃក្លិបតាឡីដំរីមានរិទ្ធ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់អាមេរិកJustin ដោយជួបគ្នាក្នុងទម្ងន់៧១គ.ក្រ ។
អ្នកប្រដាល់អាមេរិកJustin រូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងហើយកន្លងមក ដោយវាយឈ្នះហ៊ឹម សារ៉ាន់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។អ្នកប្រដាល់អាមេរិកJustin នេះ មិនត្រឹម តែខ្ពស់ទេ គឺចេះក្បាច់គុនប្រដាល់ល្អថែមទៀត។ Justinមានប្រវត្តិប្រកួតតែ២០លើកប៉ុណ្ណោះ ក្នុងនោះឈ្នះ១៦លើក ចាញ់០៤លើក ។
ទោះជាយ៉ាងនេះក្តី អ៊ុំ ចំរើន ដែលមានកម្រិតសមត្ថភាពបច្ចេកទេសល្អនិងមានប្រវត្តិប្រកួតច្រើនសន្ថឹកសន្ធាប់នោះ គេមិនអាចធ្វេសប្រហែសជាមួយអ្នកប្រដាល់អាមេរិកនេះបានទេ ព្រោះអ្នកប្រដាល់អាមេរិករូបនេះ គេហ្វឹកហាត់នៅថៃ ។
តែយ៉ាងណា អ្នកប្រដាល់អាមេរិកJustin មិនប្រាកដថាអាចយកឈ្នះលើអ៊ុំ ចំរើន បាននោះឡើយ ហើយចំរើន ក៏មិនអាចមើលស្រាលអ្នកប្រដាល់អាមេរិកនោះបានដែរ ។អ៊ុំ ចំរើន មានប្រវត្តិប្រកួតចំនួន ១១២លើក ឈ្នះ៧៦ លើក ចាញ់៣៦លើក មិនដែលស្មើ ។ ចាំមើល តើអ៊ុំ ចំរើន ឬ Justin ដែលឈ្នះក្នុងការជួបគ្នានេះ? ។
ទោះជាយ៉ាងណា ការឈ្នះចាញ់រវាងអ៊ុំ ចំរើន និង Justin នេះ ពុំមាននរណាហ៊ានទាយមុនថាអ្នកណាឈ្នះនោះទេ ព្រោះថាចំរើន គេឡើងប្រកួត៤លើកចុងក្រោយនេះ មិនទទួលបានលទ្ធផលល្អនោះទេ គឺវាយចាញ់ទាំង៤លើក ។ហើយមួយទៀតអ្នកប្រដាល់អាមេរិករូបនេះ ក៏មិនងាយស្រួលអោយអ៊ុំ ចំរើន យកឈ្នះងាយៗនោះដែរ ។
ចំពោះ ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ វៀត ប៊ុនឌឿន អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ត្រូវគេផ្គូអោយជួបប្រកួតជាមួយ កូយ ឡាយ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១។ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៦០ គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments