ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងពង្រីកសាលាជំនាន់ថ្មីឲ្យបានច្រើនថែមទៀតនៅទូទាំងប្រទេសដើម្បីផលិតធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យាដែលហៅកាត់ថាស្ទែមប្រកប ដោយគុណភាពខ្ពស់។
លោក អូន ព័ន្ធមុនីរត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគម្រោងចង់បង្កើតសាលារៀនជំនាន់ថ្មីឲ្យបានច្រើនជាបន្តបន្ទាប់ទៀតនៅតំបន់សំខាន់នានាក្នុងប្រទេសប្រកបដោយស្តង់ដារ មានផាសុកភាពជាមួយនឹងបំពាក់នូវសម្ភារៈបរិក្ខារទំនើបៗសម្រាប់សិស្សបានសិក្សារៀនសូត្រតាមបែ បទំនើបដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ពិភពលោក។
ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ អគារវិទ្យាសាស្ត្រ មជ្ឈមណ្ឌល បណ្តុះបណ្តាលធុរកិច្ចថ្មី«តេជោ»និងសមិទ្ធផលនានានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីរសៀលថ្ងៃទិ៨ខែមេសាឆ្នាំ២០១៩ លោក ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការបង្កើតសាលាជំនាន់ថ្មីបន្ថែមនេះគឺដោយសារតែវិស័យស្ទែមមានការរីកចម្រើនខ្លាំងដែលតម្រូវឲ្យប្រទេសនីមួយៗត្រូវបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាពនិងជំនាញថ្មីៗទាំងបច្ចុប្បន្ននិងទោថ្ងៃអនាគត។
ទន្ទឹមនឹងនេះ លោកបានស្នើឲ្យក្រសួងអប់រំយុវជននិងកីឡាត្រូវតែធ្វើបច្ចុប្បន្នភាពនិងកែលំអកម្មវិធិសិក្សាលើមុខវិជ្ជាស្ទែមនេះឲ្យមានលក្ខណៈជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងស្របទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះដែរ ត្រូវបង្កើនការស្រាវជ្រាវជាអន្តរវិស័យទាំងផ្នែកសង្គមនិងវិទ្យាសាស្ត្រនិងបង្កើតដៃគូឲ្យបានច្រើនពិសេសផ្នែកឧស្សាហកម្មដើម្បីលើកទឹកចិត្តនិងបណ្តុះគំនិតថ្មីៗបញ្ចូលគ្នាឲ្យក្លាយជាដំណោះស្រាយជាក់ស្តែងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមព្រមទាំងបញ្ចូលជំនាញសហគ្រិនភាពនិងជំនាញទន់ដែលជួយឲ្យនិស្សិតមានសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងបរិបទការងារថ្មីទាំងបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បច្ចុប្បន្ននេះក្រសួងបានបង្កើតសាលាជំនាន់ថ្មីនេះបានចំនួន១១កន្លែងរួចហើយដោយមានបង្កើតជា បណ្ណាល័យសតវត្សរ៍ទី២១ បង្កើតថ្នាក់រៀនទំនើប ដែលបង្រៀនតាមបច្ចេកវិទ្យាព័ត៌មានដែលជួយធ្វើឲ្យសិស្សចេះគិតពិចារណានិងចេះដោះស្រាយបញ្ហានានានៅក្នុងសង្គម។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីបានបន្តថា ក្រសួងអប់រំក៏បានកំពុងតែខិតខំធ្វើការកែទម្រង់ប្រព័ន្ធអប់រំចាប់ពីកុមារតូចទៅដោយ បណ្តុះទាំងនីតិសម្បទា បំនិនសម្បទា និងចរិយាសម្បទាដើម្បីឲ្យពួកគេក្លាយជាធនធានមនុស្សដ៏ល្អនិងមានសមត្ថភាពខ្ពស់នៅក្នុងសេដ្ឋកិច្ចឌីជីថលនេះ។
ពាក់ព័ន្ធនឹងអគារមជ្ឈមណ្ឌលធុរកិច្ចថ្មីតេជោ លោក អូន ព័ន្ធមុន្នីរត្ន បានមានប្រសាសន៍ថាការបង្កើតនូវមជ្ឈមណ្ឌលធុរកិច្ចថ្មីៗនេះមានបេសកកម្មថ្មីបង្កើតនិងបណ្តុះធុរកិច្ចថ្មីឲ្យលូតលាស់ក្លាយជាអាជីវកម្មជោគជ័យតាមរយៈអនុវត្តគោលការណ៍នវានុវត្តន៍និងបច្ចេកវិទ្យាថ្មីជឿនលឿនតាមរយៈកម្មវិធីសិក្សា កម្មវិធីវប្បកម្ម កម្មវិធីនវានុវត្តន៍ កម្មវិធីបំប៉នឬជំរុញសន្ទុះនិងកម្មវិធីវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងអប់រំបន្តសហការជាមួយគ្រប់គ្រឹះស្ថានឧត្តមសិក្សានិងគ្រឹះ ស្ថានបណ្តុះបណ្តាលដទៃទៀតផងដែរដើម្បីផ្តល់ឱកាសដល់គ្រប់និស្សិតទទួលបាននូវសេវាពីមជ្ឈមណ្ឌលនេះ។
គួរបញ្ជាក់ថា អគារវិទ្យាសាស្ត្រ មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ»នេះចំណាយថវិកាប្រមាណជាង៣លានដុល្លារអាមេរិក៕
Source: Kampuchea Thmey Daily
0 Comments