ប្រជាជនអ៊ីស្រាអែលបានចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃអង្គារនៅក្នុងការបោះឆ្នោតដ៏ធំមួយដែលនឹងសម្រេចថាតើត្រូវពន្យារពេលការកាន់កាប់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែរឬក៏អត់បើទោះបីជាមានការចោទប្រកាន់ពីអំពើពុករលួយក៏ដោយឬត្រូវជំនួសគាត់ជាមួយអតីតមេដឹកនាំយោធាមួយរូប។
ការបោះឆ្នោតត្រូវបានគេរំពឹងថានឹងមានភាពតានតឹងហើយទំនងជានាំឲ្យមានការចរចាដ៏ស្មុគស្មាញដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយនៅពេលលទ្ធផលត្រូវបានបញ្ចេញខណៈការស្ទង់មតិបានបង្ហាញ លោក Netanyahu គឺជាអ្នកនាំមុខ។
ការបោះឆ្នោតបានបើកនៅវេលាម៉ោង៤ព្រឹកហើយលទ្ធផលចុងក្រោយមិនត្រូវបានគេរំពឹងទុកទេរហូតដល់ព្រឹកថ្ងៃពុធ។
អតីតមេបញ្ជាការយោធាលោក Benny Gantz បានពង្រឹងកម្លាំងយ៉ាងខ្លាំងដើម្បីប្រឈមមុខជាមួយនាយករដ្ឋមន្ត្រីជើងចាស់ ដោយលោកបានសន្យាថានឹងជួសជុលការខូចខាតនូវអ្វីដែលលោកនិយាយថា លោក Netanyahu បានធ្វើឲ្យប្រទេសនេះមាននយោបាយបែកខ្ញែក។
លោក Netanyahu បានចេញការសន្យាដ៏ចម្រូងចម្រាសមួយ បីថ្ងៃមុនការបោះឆ្នោតដោយនិយាយថា លោកគ្រោងនឹងកាត់យកកន្លែងតាំងទីលំនៅថ្មីនៅតំបន់ West Bank ប្រសិនបើលោកឈ្នះ។
ការពង្រីកអធិបតេយ្យភាពរបស់អ៊ីស្រាអែលក្នុងតំបន់ West Bank អាចជាទីបញ្ចប់នៃក្តីសង្ឃឹមតិចតួចសម្រាប់ដំណោះស្រាយរដ្ឋពីរជាមួយប៉ាឡេស្ទីន។
លោក Netanyahu ក៏បានព្យាយាមបង្ហាញខ្លួនឯងថាជារដ្ឋបុរសដ៏មានសារៈសំខាន់របស់ប្រទេសអ៊ីស្រាអែលផងដែរដោយលោកបានជួបជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump, ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro មុនការបោះឆ្នោត។
លោកបានគូសបញ្ជាក់ការទទួលស្គាល់របស់លោក Trump នៃទីក្រុងយេរូសាឡឹមថាជារដ្ឋធានីរបស់អ៊ីស្រាអែលនិងការអះអាងរបស់អ៊ីស្រាអែលអំពីអធិបតេយ្យភាពលើតំបន់ Golan Heights ខណៈលោកក៏បាននិយាយផងដែរថា មេដឹកនាំអាមេរិកយល់ដឹងអំពីផែនការកាត់បញ្ចូលរបស់លោក៕ AFP
Source: Kampuchea Thmey Daily
0 Comments