Ad Code

លំនៅដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ច្រាំង​បាក់ ​ជួប​គ្រោះធម្មជាតិ​ បាក់​រលំ​ចូល​ទឹក​អស់​



ភ្នំពេញ ៖ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដែល​សង់​ប្រប​មាត់ច្រាំង​ទន្លេ​បាសាក់ ​ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ បាន​ជួប​គ្រោះធម្មជាតិ​ បាក់​ចូលទៅក្នុង​ទន្លេ ​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​កើត​ទុក្ខ​យំ​មិន​ចេញ​។​

តាម​ប្រភពពី​ម្ចាស់​ដែល​រងគ្រោះ​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​៩​មេសា​នេះ​ថា​ ផ្ទះ​របស់គាត់ ​បាន​ជួសជុល​ស្នាក់នៅ​នា​ចុងឆ្នាំ​២០១៨​ ដោយ​ចាក់​ជា​សសរ​បេតុង​ក្រាល​ឈើ​សម្រាប់​រស់នៅ​ និង​ប្រកប​របរ​លក់​កាហ្វេ​។ ​ប៉ុន្តែ​ពេល​សាងសង់​រួចរាល់​ជា​ស្ថាពរ​ ដោយ​ពុំ​ទាន់​ធ្វើ​ពិធី​ឡើងផ្ទះ​ផង ​ក៏​ស្រាប់តែ​បាក់ស្រុត​ចូលទៅក្នុង​ទន្លេ​បាត់​ទៅ​។​ អ្វីដែល​គួរ​ឲ្យ​ខ្លោចផ្សា​នោះ ​គឺ​លុយ​ក៏​អស់ ហើយ​ពុំ​មាន​ជម្រក​ស្នាក់​នៅ​ទៀតផង​។​

ម្ចាស់ផ្ទះ​រងគ្រោះ​បាន​បន្តថា​ មកដល់​ថ្ងៃនេះ​ គាត់​កំពុង​ចរចា​ជាមួយ​អ្នកម៉ៅការ​សាងសង់​ ដោយ​ភាគី​ម៉ៅការ​ទាមទារ​ថ្លៃ​បុក​គ្រឹះ​អស់​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ​។​ ទោះជា​យ៉ាងណា ​ក៏​ម្ចាស់ផ្ទះ​ ត្រូវតែ​ធ្វើ​ព្រោះ​បើ​ពុំ​ដូច្នោះ​ គាត់​ពុំ​ដឹង​ទៅ​រស់​នៅឯណា​ទេ ព្រោះ​ដី​លំនៅដ្ឋាន​នេះ​ គឺជា​ដី​កេរ្តិ៍​ពី​ដូនតា ​ហើយ​ជួប​គ្រោះធម្មជាតិ​រហូត​សល់​ដី​តែមួយ​តួ​ផ្ទះ​ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់​ថា​ ដី​ភូមិ​ច្រាំង​បាក់​នេះ ​គឺ​ពី​ដើម​ឡើយ ​រហូតដល់​កោះ​ពេជ្រ​ឯណោះ ​ប៉ុន្តែ​ដោយសារ​ជួប​គ្រោះធម្មជាតិ​បង្ក​ឲ្យ​បាក់​ដី​ធ្លាក់​ទៅ​ទន្លេ​ជា​រៀងរាល់​ឆ្នាំ​សឹង​អស់​ដី​ភូមិ​ដែល​មកដល់ពេលនេះ ​គឺ​នៅ​តែ​ឈ្មោះ​ប៉ុណ្ណោះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu