ភ្នំពេញ ៖ ស្ត្រីអូស្ត្រាលីដើមកំណើតវៀតណាមម្នាក់ ត្រូវបានក្រុមប្រឹក្សាតុលាការរាជធានីភ្នំពេញនាំខ្លួនមកកាត់ទោស ពាក់ព័ន្ធបទល្មើសស៊ីឈ្នួលដឹកជញ្ជូនហេរ៉ូអ៊ីន ចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលី។
ជនជាប់ចោទ ឈ្មោះ Tran ve thy អាយុ៣៨ឆ្នាំ ដើមកំណើតជាវៀតណាមចូលសញ្ជាតិអូស្ត្រាលី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយនឹងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់១.៧៥០ក្រាម ត្រូវបានគេរកឃើញនៅក្នុងគែមវ៉ាលិស ពណ៌ក្រហមមួយរបស់ជនសង្ស័យ។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តុលាការកម្ពុជា បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគាររហូតដល់ថ្ងៃកាត់ទោសនេះ។
ក្នុងសវនាការ ត្រាន់ វេធី បានសារភាពថា ពេលនៅប្រទេសអូស្ត្រាលី នាងបានចូលលេងល្បែងនៅកាស៊ីណូ ចាញ់អស់ប្រាក់ចំនួន៥.០០០ដុល្លារ ដែលប្រាក់នោះ នាងបានខ្ចីពី ឈ្មោះ ចាង។ បន្ទាប់មកឈ្មោះចាងបានទារប្រាក់ជំពាក់នោះ ហើយពេលនាងអត់មានប្រាក់សង ឈ្មោះចាង ក៏បានគំរាមឲ្យនាងមកយកអីវ៉ាន់មួយកញ្ចប់នៅកម្ពុជា ជាថ្នូរលស់បំណុល ហើយបើយកទៅដល់អូស្ត្រាលីគេនឹងឲ្យប្រាក់នាង១ម៉ឺនដុល្លារ ប៉ុន្តែបើនាងមិនព្រមមកយក គេនឹងចាប់យកកូននាងទាំង២ចេញពីសាលា ។ ដោយគ្មានជម្រើស នាងក៏មកកម្ពុជាចូលទៅកាស៊ីណូណាហ្គា ជួបនឹងបុរសវៀតណាម២នាក់ យកវ៉ាលីស៍ក្រហមមួយមកឲ្យនាងយកទៅសណ្ឋាគារ ដាយមិនផាលេស។ លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នាងក៏ចេញដំណើរមកអូស្ត្រាលីវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្ដង។
ក្រុមប្រឹក្សាតុលាការព្រហ្មទណ្ឌ បានកំណត់យកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹកដើម្បីប្រកាសសាលក្រម៕
Source: Kampuchea Thmey Daily
0 Comments