ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ តាមគំរោងក្រុមអង្គការសង្គមស៊ីវិល សហគមន៍ប្រជាពលរដ្ឋ និងសហជីព បានកំណត់ធ្វើការជួបជុំគ្នារៀបចំរំលឹកវិញ្ញាណក្ខន្ធកម្មករនៅផ្លូវវេងស្រេង ចន្លោះពីសួនវឌ្ឍនៈ ដល់សួនឧស្សាហកម្មកាណាឌីយ៉ា តែមិនទទួលជោគជ័យទេ ដោយសារមានការរារាំងពីសមត្ថកិច្ចអាជ្ញាធរ តែនៅព្រឹកនោះដែរ គណបក្សអំណាចខ្មែរដឹកនាំដោយលោក សួន សេរីរដ្ឋា បានយកកម្រងផ្កាទៅដាក់នៅទីនោះ ហើយគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅទីនោះ បានដោយជោគជ័យ។
តាមស្ថានភាពជាក់ស្តែងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នេះ នៅលើកំណាត់ផ្លូវវេងស្រេងចាប់ពីម៉ោង៨ ព្រឹក មានតំណាងសហជីព សង្គមស៊ីវិល និងប្រជាពលរដ្ឋបឹងកក់មួយចំនួនបានទៅកាន់ទីនោះ ដើម្បីព្យាយាមដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤។ អ្នកបានចូលទៅដល់ទីនោះ មានដូចជាអ្នកស្រី ទេព វន្នី អ្នកស្រី បូវ សោភា លោក ច័ន្ទ ពុទ្ធិស័ក្ត …លោក អ៊ី សារុំ ប្រធានសមាគមធាងត្នោត ព្រះតេជគុណ លួន សាវ៉ាតជាដើម បានព្យាយាមជួបជុំគ្នានៅតាមបណ្តោយផ្លូវចោមចៅនោះ ប៉ុន្តែការព្យាយាមជួបជុំនោះត្រូវបានបំបែក ដោយសារគំរោងនេះមិនត្រូវបានអនុញ្ញាតពីសាលាក្រុងទេ។
អ្នកស្រី បូវ សោភា អ្នកភូមិបឹងកក់ ដែលបានចូលរួមពិធីនោះ ហើយដែលត្រូវបានសមត្ថកិច្ចចាប់សែងចេញនោះ បានស្រែកខ្លាំងៗថា បើគ្មានការសម្លាប់កម្មករទេ មិនមានការធ្វើបែបនេះទេ។ ដោយឡែកអ្នកចូលរួមមួយរូបទៀតបានថ្លែងប្រាប់អ្នកសារព័ត៌មានថា គំរោងនេះយើងបានសុំទៅសាលារាជធានីភ្នំពេញដែរ តែមិនត្រូវបានអនុញ្ញាតទេ ហើយសសកម្មភាពនេះ យើងគ្រាន់តែរំលឹកដល់បងប្អូនកម្មករ កម្មការនី ដែលរងគ្រោះថ្នាក់តែប៉ុណ្ណោះ មិនមានបំណងអ្វីទេ។ លោកបញ្ជាក់ថា “ការរំលឹកនេះ ដូចយើងបានដឹងហើយកាលពីឆ្នាំ២០១៤ គឺនៅថ្ងៃទី១ ទី២ និងទី៣ នៅទីនេះ គឺមានការបាញ់យ៉ាងសាហាវពីសំណាក់កងទ័ព ដូច្នេះដើម្បីឲ្យកម្មករគាត់បានរំលឹកនូវការឈឺចាប់របស់គាត់យើងត្រូវរៀបចំពិធីនេះ”។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃដដែលនោះ បន្ទាប់ពីសមត្ថកិច្ចបានបំបែកក្រុមអង្គការសង្គមស៊ីវិល សហជីព ប្រជាពលរដ្ឋមិនឲ្យដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់នៅផ្លូវវេងស្រេងនោះ នៅម៉ោងប្រមាណ៩ និង៤៧ នាទី ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា បានដឹកនាំក្រុមការងាររបស់ខ្លួនប្រមាណជាង១០ នាក់ទៅដាក់កម្រងផ្កានៅទីនោះ បានសម្រេច ដោយមិនមានការរារាំងទេ តែក្រោយពីដាក់កម្រងផ្កា និងសូត្រធម៌រួច ទើបមានកំលាំងអាជ្ញាធរទៅបំបែក និងយកដកយកកម្រងផ្កានោះ។
លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅកន្លែងដាក់កម្រងផ្កានោះថា គណបក្សអំណាចខ្មែរមិនមែនជាអ្នកសម្លាប់គេ ហើយក៏មិនមែនជាអ្នកនាំគេទៅស្លាប់ដែរ ដូច្នេះអ្នកស្លាប់ ទោះជាស្លាប់នៅក្នុងរូបភាពណាក៏ដោយ លើកលែងតែស្លាប់ដោយជំងឺនោះអត់បញ្ហាទេ តែអ្នកស្លាប់នៅទីនេះ ស្លាប់ដោយទាមទារសេរីភាព ទាមទារលទ្ធិប្រជាធិបតេយ្យ ដូច្នេះគណបក្សអំណាចខ្មែរ នឹងមកគោរពវិញ្ញាណក្ខន្ធរាល់ឆ្នាំលុះត្រាតែអ្នកស្លាប់ទទួលបានយុត្តិធម៌។ ចំពោះការរារាំងមិនឲ្យរៀបចំនេះ លោក សួន សេរីរដ្ឋា បានអះអាងថា នោះជាទង្វើមិនសមរម្យរបស់រាជរដ្ឋាភិបាល និងអ្នកកាន់អំណាច ពីព្រោះការធ្វើបុណ្យទានតាមបែបព្រះពុទ្ធសាសនា ដើម្បីរំលឹកវិញ្ញាណក្ខន្ធអ្នកស្លាប់ គឺជាទម្លាប់របស់ជនជាតិខ្មែរ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះគ្រាន់តែបើកពេលវេលា១ព្រឹក ឬមួយម៉ោង ២ម៉ោង ដើម្បីឲ្យសាច់ញាតិប្រារព្ធពិធីទៅមិនមានបញ្ហាអ្វីទេ ប៉ុន្តែនៅពេលដាក់កម្លាំងគគ្រឹកគគ្រេងមករុញច្រាន វាទៅជារូបភាពមួយអាក្រក់។
សូមបញ្ជាក់ថា គំរោងដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធនោះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតទេ ហើយលោក ប៉ា សុជាតិវង្ស លោកអភិបាលរាជធានីភ្នំពេញ ក៏បានព្រមានចាត់វិធានការផ្លូវច្បាប់ ទៅលើជនណាដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសាធារណៈផងដែរ នេះបើយោងតាមលិខិតរបស់លោកប៉ា សុជាតិវង្ស ជម្រាបជូនអភិបាលខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
លិខិតសាលាក្រុងបានសរសេរថា តាមប្រភពព័ត៌មាននៅថ្ងៃទី៣ ខែមករា មានសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន គ្រោងប្រើប្រាស់ការជួបជុំដោយខុសច្បាប់តាមរូបភាពសាសនា ដើម្បីប្រារព្ធពិធីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ឆ្នាំ២០១៤ តាមបណ្តោយផ្លូវចោមចៅ (ផ្លូវវេងស្រេង) ដូច្នេះដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ពិសេសបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ក្នុងតំបន់នោះ សាលារាជធានីភ្នំពេញមិនអនុញ្ញាតរៀបចំការជួបជុំណាតាមទីសាធាណៈក្នុងតំបន់នោះឡើយ៕
ការព្យាយាមអុជធូបរំលឹកដល់អ្នកស្លាប់នៅផ្លូវវេងស្រែងត្រូវបានរារាំងដោយសំអាងថា គ្មានការអនុញ្ញាត
0 Comments