សៀមរាប ៖ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ ពលរដ្ឋប្រមាណជា៦០០នាក់មកពីសង្កាត់អំពិលនៃក្រុងសៀមរាបបានលើកគ្នាទៅតវ៉ានៅមុខតុលាការដើម្បីទាមទារឲ្យមានការដោះលែងលោកចៅសង្កាត់ឈ្មោះហ៊ាង សារីចេញពីពន្ធនាគារ បន្ទាប់ពីចៅក្រមបានសម្រេចឃុំខ្លួនកាលពីថ្ងៃទី៣០ខែធ្នូកន្លងទៅ។
ស្ថាប័នតុលាការបានតម្រូវឲ្យតំណាងពលរដ្ឋ៥ទៅ៦នាក់ ចូលទៅនិយាយគ្នា។
ស្ត្រីជាប្រពន្ធលោកហ៊ាង សារី ចៅសង្កាត់អំពិល បានឲ្យដឹងថា ក្នុងពេលរូបគាត់ និងតំណាងពលរដ្ឋចូលជួបតុលាការ គេបានតម្រូវឲ្យពួកគាត់រកមេធាវី ហើយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធផងដើម្បីឲ្យខាងតុលាការពិនិត្យ។ ដូច្នេះពលរដ្ឋទាំងអស់បានវិលទៅផ្ទះរៀងខ្លួនវិញហើយ ព្រោះថាការដែលនាំគ្នាមកឈរស្រែកតវ៉ានេះប្រសិនបើគ្មានមេធាវី និងគ្មានឯកសារឲ្យតុលាការពិនិត្យទេ គឺមិនអាចដោះលែងឡើយ។ ស្ត្រីរូបនោះបន្តថា ពីមុនមកប្តីគាត់(ចៅសង្កាត់) បានពឹងពាក់មេធាវីម្នាក់រួចមកហើយតែចាប់តាំងពីពេលតុលាការឃុំខ្លួនប្តីរបស់គាត់មក ក៏បាត់មុខមេធាវីនោះរហូត។ ចឹងពួកគាត់សម្រេចប្តូរមេធាវីមុននោះចេញហើយជ្រើសយកមេធាវីមកពីអង្គការការពារសិទ្ធិមនុស្សអាដហុកវិញម្តង។
ប្រពន្ធលោកចៅសង្កាត់បញ្ជាក់ថា ក្រោយប្តូរមេធាវី គាត់រំពឹងថាលោកហ៊ាងសារី(ប្តីគាត់)អាចបាននៅក្រៅឃុំជាបណ្ដោះអាសន្នវិញ។ តែមកទល់ពេលនេះ គាត់នៅមិនទាន់បានជួបមេធាវីមុនដើម្បីផ្ទេរសិទ្ធិនៅឡើយទេ។
លោកសួស ណារិន មន្ត្រីស៊ើបអង្កេតអង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាបបានឲ្យដឹងថា ខាងលោកបានត្រៀមមេធាវីសម្រាប់ការពារក្តីរឿងនេះដែរ។ ប៉ុន្តែខាងលោកក៏នៅមិនទាន់អាចទទួលយកបាននៅឡើយទេ ដោយសារមិនទាន់មានការផ្ទេសិទ្ធិពីមេធាវីមុនហើយខាងលោករង់ចាំគ្រប់ពេលចំពោះការផ្តល់មេធាវីនេះ។
សូមរំលឹកថា លោកចៅសង្កាត់អំពិលឈ្មោះហ៊ាង សារីដែលមកពីគណបក្សសមរង្ស៊ីកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ចៅក្រមសាលាដំបូងខេត្ត លោកឈុន ច័ន្ទសីហាបានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្នតាមបណ្តឹងអាជ្ញាធរជាតិអប្សរាបន្ទាប់ពីគាត់(ចៅសង្កាត់)ចូលខ្លួនទៅបំភ្លឺនៅតុលាការ។ រូបគាត់ត្រូវអាជ្ញាធរជាតិអប្សរា ប្តឹងចំនួនពីរករណី ដែលទី១ផ្តល់ឯកសារដោយទុច្ចរិត និងទី២ បទសមគំនិតដែលជាអំពើប៉ះពាល់សម្បត្តិសាធារណៈ។
បន្ទាប់ពីមានការចាប់ខ្លួន នៅថ្ងៃទី៣១ខែធ្នូ២០១៥ ក្រុមពលរដ្ឋមកពីសង្កាត់អំពិលបានលើកគ្នាទៅតវ៉ាសុំឲ្យមានការដោះលែងលោកចៅសង្កាត់ តែសមត្ថកិច្ចបានឲ្យពួកគាត់វិលទៅផ្ទះវិញ ដោយធ្វើជាលិខិត ផ្តិតមេដៃដាក់ជូនតុលាការ។ រហូតនៅព្រឹកថ្ងៃទី៤ ខែមករា ២០១៦នេះក្រុមពលរដ្ឋបានលើកគ្នាទៅតវ៉ាម្តងទៀតបំណងសុំឲ្យដោះលែងលោកចៅសង្កាត់តែជាលទ្ធផលនៅតែមិនទាន់មានដដែលនៅឡើយទេ៕
ពលរដ្ឋ៦០០នាក់លើកគ្នាតវ៉ានៅមុខតុលាការសុំឲ្យដោះលែងចៅសង្កាត់អំពិលជាលើកទីពីរ
0 Comments