ភ្នំពេញ ៖ មជ្ឈមណ្ឌលឱកាសខ្ញុំ ជាមជ្ឈមណ្ឌលបង្កើតឡើងជួយដល់យុវជន និងយុវនារីដែលរងគ្រោះដោយគ្រឿងញៀន និងព្យាបាល ស្ដានីតិសម្បទា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយមជ្ឈមណ្ឌលនេះបង្កើតឡើងក្នុងឆ្នាំ២០០៦ ដែលមានទីតាំងនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមរយៈរបាយការណ៍មជ្ឈមណ្ឌលឱកាសខ្ញុំនេះមានចែកចេញជាអគារស្នាក់នៅបុរសមួយ ខ្នងមានប្រាំបន្ទប់ និងមួយខ្នងទៀតមានបីបន្ទប់។ មានអគារស្នាក់នៅសម្រាប់នារីមួយខ្នង ស្មើនឹងដប់បន្ទប់។ មានអគាររោងបាយមួយខ្នង(ក្នុងរូបភាព)។ មានអគាររដ្ឋបាលងាយស្រួលលើការគ្រប់គ្រងផ្នែកបុរស និងនារី។ មានទីលានបាល់បោះ និងមីនីម៉ាតសម្រាប់លក់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ តាមសេចក្ដីត្រូវការរបស់យុវជន យុវនារី។
នៅក្នុងនោះ មជ្ឈមណ្ឌលឱកាសខ្ញុំ ចែកចេញជា០៦ផ្នែក គឺផ្នែករដ្ឋបាល និងផ្គត់ផ្គង់ ផ្នែកគ្រប់គ្រងបុរស ផ្នែកគ្រប់គ្រងនារី ផ្នែកសុខភាព ផ្នែកអប់រំប្រឹក្សាយោបល់ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងផ្នែកកសិកម្ម និងសំណង់។ មកពី០៦អង្គភាព គឺសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្ទីរកិច្ចការនារីភ្នំពេញ ស។ អស់រយៈពេល០៩ឆ្នាំកន្លងមកមជ្ឈមណ្ឌលនេះ បានទទួលយុវជន យុវនារី រងគ្រោះដោយគ្រឿងញៀនមកអប់រំ ព្យាបាល ស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចំនួន១១.៥៥៩នាក់ ស្រី៥១១នាក់ និងបានបញ្ជូនទៅឲ្យយក្រុមគ្រួសារ និងសហគមន៍គ្រប់គ្រងវិញចំនួន១០.៩១២នាក់ ស្រី៤៧៤នាក់ នៅសល់កំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៦៧៤នាក់ ស្រី៣៧នាក់ ដែលចំនួននេះ គឺបានជួយសម្រួលការលំបាកយ៉ាងច្រើនដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ដោយឡែកឆ្នាំ២០១៥នេះ ទទួលជនរងគ្រោះបានចំនួន២.០៦០នាក់ ក្នុងនោះស្រី១០២នាក់ បណ្ដុះបណ្ដាលជំនាញកាត់ដេរ កុំព្យូទ័រ សម្អាងការ បានចំនួន៧៥៥នាក់ និងបានក្លាយជាមណ្ឌលអប់រំកែប្រែយុវជន និងយុវនារីបានកសាងខ្លួនទៅជាពលរដ្ឋល្អប្រសើរឡើងវិញ៕
ស្វែងយល់មជ្ឈមណ្ឌលឱកាសខ្ញុំគំរូ ស្ថិតក្នុងចំណោមមជ្ឈមណ្ឌលទាំង១៤ក្នុងរាជធានី
0 Comments