ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមិថុនានេះ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន ៣។
សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលចុះហត្ថលេខា និងត្រា ដោយលោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បានឱ្យដឹងថា របៀបវារៈទី១-កិច្ចប្រជុំ នឹងពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤។ របៀបវារៈទី២-ការពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខេមបូឌា អ៊ិនធើរណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែនគ្រុប ទៅក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤។ និងរបៀបវារៈទី៣-ការអនុម័តកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី១ ព្រឹទ្ធសភា នីតិកាលទី៤៕
Source: Kampuchea Thmey Daily
0 Comments