លោកស្រី Melania Trump បានធ្វើដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ព្រំដែនអាមេរិក – ម៉ិកស៊ិកកាលពីថ្ងៃព្រហស្បតិ៍ ខណៈរដ្ឋបាលរបស់ស្វាមីលោកស្រីព្យាយាមទប់ទល់នឹងការរិះគន់លើការបំបែកបំបាក់គ្រួសារអន្តោប្រវេសន៍ ស្របពេលសមាជិកសភាគណបក្សសាធារណរដ្ឋត្រូវបង្ខំចិត្តពន្យារពេលការបោះឆ្នោតលើវិបត្តិនេះ។
ខណៈពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងខិតខំដើម្បីបង្កើតជំហានបន្ទាប់នោះ មន្ទីរបញ្ចកោណបានបង្ហាញសញ្ញាថា ក្រុមមន្ត្រីកំពុងត្រៀមខ្លួនសម្រាប់ការអូសបន្លាយរយៈពេលយូរ។ យោធាបាននិយាយថា ខ្លួននឹងត្រៀមរៀបចំកន្លែងសម្រាប់ជនអន្តោប្រវេសន៍ដែលគ្មានសាច់ញាតិរហូតដល់២០,០០០នាក់នៅមូលដ្ឋានរបស់ខ្លួន។
ដំណើរដោយមិនបានប្រកាសជាមុនរបស់ជំទាវទីមួយរូបនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីបានបញ្ជាឲ្យបញ្ចប់ការបំបែកបំបាក់ក្រុមគ្រួសារអន្តោប្រវេសន៍។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានផែនការភ្លាមៗដើម្បីប្រមូលផ្តុំកុមារជាង២,៣០០នាក់ដែលត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេនោះទេ។
នៅទីក្រុង McAllen នៃរដ្ឋតិចសាស, លោកស្រី Melania Trump បានទៅមើលជំរករបស់អង្គការ Upbring New Hope Children ដែលជាទីតាំងផ្តល់មូលនិធិដោយសហព័ន្ធដែលផ្ទុកកុមារប្រហែល៥៥នាក់មកពីប្រទេសហុងឌូរ៉ាស ហ្គាតេម៉ាឡានិងអែលសាល់វ៉ាឌ័រដោយមានអាយុពី៥ទៅ១៧ឆ្នាំ។
លោកស្រី Melania បាននិយាយនៅក្នុងកិច្ចពិភាក្សាតុមូលមួយជាមួយបុគ្គលិកសង្គមនិងមន្ត្រីរដ្ឋាភិបាលថា “ខ្ញុំរីករាយដែលខ្ញុំមកទីនេះហើយខ្ញុំទន្ទឹងរង់ចាំដើម្បីជួបក្មេងៗ។ ខ្ញុំក៏ចង់សួរអ្នកផងដែរពីរបៀបដែលខ្ញុំអាចជួយកុមារទាំងនេះឲ្យរួបរួមគ្នាឡើងវិញជាមួយក្រុមគ្រួសាររបស់ពួកគេឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន”។
ស្របពេលជាមួយគ្នានោះ ជំទាវទីមួយរូបនេះបានអំពាវនាវឲ្យមានការសម្រុះសម្រួលផ្នែកនយោបាយដើម្បីបញ្ចប់ការបំបែកបំបាក់ដែលជាលទ្ធផលនៃគោលនយោបាយ “គ្មានការអត់ឱន” របស់រដ្ឋបាលដែលបានចាប់ផ្តើមកាលពីដើមខែឧសភា។ គោលនយោបាយនេះបានបញ្ជាក់ថា អ្នកដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់នឹងត្រូវបានកាត់ទោសជាប្រព័ន្ធហើយកូនៗរបស់ពួកគេត្រូវបំបែកចេញពីពួកគេ៕ AFP
Source: Kampuchea Thmey Daily
0 Comments