ភ្នំពេញ ៖ បុរសជនជាតិ បែលហ្ស៊ិកម្នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម កាលពីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់អស់មួយជីវិត និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន៨០លានរៀល ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន ជួញដូរសារធាតុញៀនឆ្លងដែនតាមមាត្រា៤០នៃច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។
ការសម្រេចនេះ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសជនជាប់ចោទកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨។
សាលក្រមនេះ បើកផ្លូវអោយជនត្រូវចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់បើមិនសុខចិត្ត។ជនជាប់ចោទឈ្មោះ CATRY DAVID NOEL ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ បែលហ្ស៊ិក ត្រូវបានចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនឆ្លងដែនប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យ៉ាងហោចណាស់មានគ្រឿងញៀនប្រភេទកូកាអ៊ីនទម្ងន់១០០៣,២៤ក្រាម មានសារធាតុសុទ្ធចំនួន៨០ ,៤១ភាគរយត្រូវបានរឹបអូសពីវ៉ាលិសរបស់ជនជាប់ចោទ ពេលធ្វើដំណើរតាមយន្តហោះមកដល់កម្ពុជា។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ខ្លួនគេពិតជា បានស៊ីឈ្នួលបុរសជនជាតិប្រេស៊ីលម្នាក់ ក្នុងតម្លៃ៣ម៉ឺនដុល្លារ ដើម្បីយកកូកាអ៊ីនទាំងនោះមកដល់កម្ពុជា។
ជនជាប់ចោទបានសារភាពទៀតថា រូបគេបានស្គាល់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ តាំងហ្គី អេជីខូល័រ នៅក្នុងក្រុងភ្នំពេញ។ ក្រោយមកដោយសារបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួនដោះស្រាយមិនចេញ ខ្លួនក៏បានសុខចិត្តស៊ីឈ្នួលតាំងហ្គ៊ី ដើម្បីទៅប្រទេសប្រេស៊ីលយកគ្រឿងញៀនដែលគេបានរៀបចំរួចជាស្រេច ជិះយន្តហោះមកប្រទេសថៃឡង់ដ៍ ហើយចុងក្រោយក៏ចូលមកដល់កម្ពុជាត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
អាជ្ញាធរកម្ពុជា បានស្វែងរកឈ្មោះតាំងហ្គ៊ី អេជីខូល័រ យ៉ាងតិច៤ដងនៅតាមសណ្ឋាគារនានាដែលគេធ្លាប់រស់នៅ តែរកមិនឃើញដានទាល់តែសោះ។
តំណាងអយ្យការលោក ស្រី ម៉ាកនី បានធ្វើសេចក្ដីសន្និដ្ឋានរក្សាបទចោទប្រកាន់លើបុរសបែលហ្សិក ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ហើយស្នើអោយក្រុមប្រឹក្សាតុលាការផ្ដន្ទាទោសជនត្រូវចោទតាមច្បាប់។
ចំណែកជនជាប់ចោទ បានសុំអោយតុលាការបន្ធូរបន្ថយទោសដល់ខ្លួនផង ប៉ុន្តែនាពេលប្រកាសសាលក្រមចៅក្រម បានសម្រេចផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារអស់មួយជីវិត៕
Source: Kampuchea Thmey Daily
0 Comments