ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ខ្លួនរួចទៅហើយ។ លោកបានលើកឡើងបែបនេះ បន្ទាប់ពីអ្នកសង្កេតការណ៍ជាច្រើនបានចោទសួរអំពីលទ្ធផលនៃជំនួបជាប្រវត្តិសាស្ត្ររបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
លោក ត្រាំ បាននិយាយនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា “ពួកគេបានបំផ្ទុះទីតាំងសាកល្បងដ៏ធំមួយរួចទៅហើយ។ តាមការពិត វាជាទីតាំងទីបួននៃកន្លែងធ្វើតេស្តដ៏ធំរបស់ពួកគេ។ រឿងដ៏ធំគឺថា វានឹងក្លាយជាការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងដែលកំពុងចាប់ផ្តើមរួចទៅហើយ”។
កាលពីចុងខែឧសភាពោលគឺមុនកិច្ចប្រជុំកំពូល ត្រាំ-គីម នៅថ្ងៃទី១២ខែមិថុនានៅក្នុងប្រទេសសិង្ហបុរី, ក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានកម្ទេចទាំងស្រុងនូវកន្លែងសាកល្បងនុយក្លេអ៊ែរតែមួយគត់ដែលគេស្គាល់។
អ្នកកាសែតបរទេសដែលត្រូវបានអញ្ជើញឲ្យទៅកន្លែងសាកល្បង Pungyye-ri នៅក្នុងខេត្ត Hamgyong ភាគខាងជើងបានរៀបរាប់ពីការបំផ្ទុះជាបន្តបន្ទាប់ពេញមួយថ្ងៃដែលក្នុងនោះមានការផ្ទុះបីលើកនៅច្រកចូលផ្លូវរូងក្រោមដីហើយបន្ទាប់មកមានការបំផ្ទុះដែលបំផ្លាញបន្ទាយនៅក្បែរនោះនិងរចនាសម្ព័ន្ធផ្សេងទៀត។
ទីតាំង Punggye-ri បានក្លាយជាមូលដ្ឋានសម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរទាំង៦លើករបស់កូរ៉េខាងជើងរួមទាំងការសាកល្បងលើកចុងក្រោយបំផុតនិងមានឥទ្ធិពលបំផុតកាលពីខែកញ្ញាឆ្នាំមុនផងដែរដែលក្រុងព្យុងយ៉ាងអះអាងថាជាគ្រាប់បែកអ៊ីដ្រូសែន។
នៅឯកិច្ចប្រជុំកំពូលរបស់ពួកគេ, លោក ត្រាំ និងលោក គីម បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បី “ធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរពេញលេញពីឧបទ្វីបកូរ៉េ”។
ការប្តេជ្ញាចិត្តក្នុងកិច្ចប្រជុំកំពូលនោះត្រូវបានបន្តដោយការផ្អាកសមយុទ្ធរួមរវាងសហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក ត្រាំ និងលោក គីម ក៏បានយល់ស្របលើការប្រគល់អដ្ឋិធាតុរបស់ទាហានអាមេរិកដែលបានស្លាប់ក្នុងកំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments