ភ្នំពេញ ៖ តារាសម្តែងប្រុសតែងបង្ហាញសកម្មភាពការងារជួយសង្គមតាមរយៈការជីកអណ្តូងទឹក និងសម្ភារៈសិក្សាដល់កុមារតាមសហគមន៍ នៃតំបន់ដាច់ស្រយាល លោក សាវិន ហ្វីលីព ថ្មីៗនេះក៏ស្រាប់តែយករូបថតរបស់ខ្លួនកាលពី២១ឆ្នាំមុន មករំលឹកបង្កឲ្យមានការចាប់អារម្មណ៍ដល់មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកស្ទើរគ្រប់គ្នា។
បង្ហោះភ្ជាប់ជាមួយរូបថតអនុស្សាវរីយ៍កាលពីជាង២០ឆ្នាំមុនលោក សាវិន ហ្វីលីព បានសរសេរថាល្ងាចនេះមកលេងផ្ទះម៉ែ បានឃើញរូបថតច្រើនសន្លឹក កាលពី២១ឆ្នាំមុន ដោយចៃដន្យ រូបទាំងនេះថតក្នុងឆ្នាំ១៩៩៧គឺពេល ដែលខ្ញុំចាកចេញពីពិភពសម្ដែង ភាពយន្តជាលើកដំបូង ដើម្បីទៅបន្តការសិក្សាក្នុងប្រទេសសិង្ហបូរី។
លោក សាវិន ហ្វីលីព បាននិយាយទៀតថា កាលណោះម៉ែនិយាយប្រាប់ថា កើតមកជាកូនប្រុស គឺត្រូវតែមានចំណេះដឹងបន្ថែម លើរូបរាងកាយសង្ហានោះពិតជាប្រសើរបំផុត ព្រោះសម្រស់មិនស្ថិតស្ថេរទ្បើយ។ ពេលវេលាពិតជាលឿនមែន ព្រោះពេលនេះខ្ញុំមានអាយុជិត៥០ឆ្នាំហើយ។ ខ្ញុំពេញចិត្តនៅអ្វីដែលខ្ញុំកំពុងធ្វើ ដោយមានការគាំទ្រពីក្រុមគ្រួសារ ដ៏កក់ក្ដៅតូចមួយរបស់ខ្ញុំ។
បើតាមការកត់សម្គាល់មិនត្រឹមតែមានឈ្មោះល្បីល្បាញខ្លាំងនៅលើអាជីពសម្តែងសិល្បៈនោះទេលោក សាវិន ហ្វីលីព កន្លងមកក៏ជាបុគ្គលដ៏សំខាន់ម្នាក់លេចធ្លោលើកិច្ចការងារសង្គមតាមរយៈសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា និងជនក្រីក្រនៅទីជនបទនៃតំបន់ដាច់ស្រយាលតាមបណ្តាខេត្តជិតឆ្ងាយមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះលោកក៏តែងប្រកាសស្វែងរកថវិកាសប្បុរសធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋតាមសហគមន៍ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments