បព្វជិតឥណ្ឌូនេស៊ីឈ្មោះ Aman Abdurrahman ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃសុក្រពីបទដឹកនាំការវាយប្រហារភេរវកម្មរដ្ឋឥស្លាមឆ្នាំ២០១៦ ដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅក្នុងហាងកាហ្វេ Starbucks ។
ប៉ូលិសប្រដាប់ដោយអាវុធបានយាមកាមនៅឯសវនាការមួយនៅតុលាការក្រុងហ្សាកាតាដែលកាលពីមុនបានរកឃើញថា លោក Abdurrahman មានកំហុសក្នុងការបញ្ជាឲ្យវាយប្រហារដែលបានសម្លាប់មនុស្សចំនួន៤នាក់នៅក្នុងរដ្ឋធានីនេះ។
វាគឺជាការវាយប្រហារលើកដំបូងដែលអះអាងដោយបណ្តាញភេរវកម្មអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចៅក្រម Akhmad Jaini ដែលបានលើកឡើងពីការចូលរួមរបស់លោក Abdurrahman នៅក្នុងផែនការដទៃទៀតបាននិយាយថា “ចុងចោទត្រូវបានគេបង្ហាញថាបានប្រព្រឹត្តអំពើអំពើភេរវកម្ម។ គាត់នឹងត្រូវកាត់ទោសប្រហារជីវិត”។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់លោក Abdurrahman ឈ្មោះ Asludin Hatjani បានពិពណ៌នាសេចក្តីសម្រេចនេះថា “មិនយុត្តិធម៌” ដោយលើកឡើងពីកង្វះភស្តុតាងដែលភ្ជាប់លោក Abdurrahman ទៅនឹងការវាយប្រហារសម្លាប់មនុស្សនោះ។
ការប្រហារជីវិតត្រូវបានអនុវត្តន៍ដោយការបាញ់កាំភ្លើងនៅក្នុងប្រទេសកាន់សាសនាឥស្លាមភាគច្រើនធំបំផុតរបស់ពិភពលោកមួយនេះដែលបានតស៊ូជាមួយពួកសកម្មប្រយុទ្ធឥស្លាមនិយម។
កាលពីខែមុន រដ្ឋអាជ្ញាបានទាមទារឲ្យលោក Abdurrahman ត្រូវបានកាត់ទោសប្រហារជីវិតដោយសារតួនាទីរបស់គាត់នៅក្នុងការវាយប្រហារនោះ។
ដោយត្រូវបានគេចាត់ទុកថាជាប្រធាននៃពួកអ្នកគាំទ្រក្រុម IS នៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះ, លោក Abdurrahman ដែលត្រូវបានគេជឿថាមានអាយុ៤៦ឆ្នាំក៏ជាអ្នកដឹកនាំខាងសាសនានៃបណ្តាញជ្រុលនិយមក្នុងស្រុក Jamaah Ansharut Daulah (JAD) ផងដែរ។
អាជ្ញាធរបាននិយាយថា JAD បានចូលរួមក្នុងការវាយប្រហារនៅប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំ ២០១៦និងរលកនៃការបំផ្ទុះគ្រាប់បែកនាពេលថ្មីៗនេះក្នុងទីក្រុង Surabaya ។
យ៉ាងណាក្តី អាជ្ញាធរមិនបានចោទប្រកាន់ Abdurrahman អំពីការវាយប្រហារនៅ Surabaya នោះទេ៕ AFP
Source: Kampuchea Thmey Daily
0 Comments