ភ្នំពេញ ៖ តារាកំប្លែងល្បីឈ្មោះចំនួន២រូបគឺនាយ កុយ និងក្រឹម កាលពីថ្មីៗនេះ បាននាំយកថវិកានិងសម្ភារៈមួយចំនួនរបស់សមាគមសិល្បករខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានទៅជួយសម្រួលការលំបាកដល់ក្រុមគ្រួសារនាយ ក្តិប ដែលកំពុងធ្លាក់ខ្លួនឈឺ ត្រូវសង្គ្រោះនៅមន្ទីរពេទ្យកេតុមាលា។
បើតាមការបញ្ជាក់ពីលោក ហេង ឡុង អនាគតស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងថា សុំជួយស៊ែរលើកទឹកចិត្តសប្បុរសជនម្នាក់១ផង ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ លោក កុយ និងលោកក្រឹម បាននាំយកថវិកាដែលជាមូលនិធិសិល្បករចាស់ជរាជូននាយ ក្តិប ដែលកំពុងមានជំងឺទឹកចូលសួត បេះដូង និងឡើងជាតិស្ករ នៅមន្ទីរពេទ្យកេតុមាលា (179)។
ប្រភពបានបន្តថា សមាគមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់"មូលនិធិសិល្បករចាស់ជរា" ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។
លោក ហេង ឡុង បានបន្ថែមថា សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឲ្យមានសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត។
សូមបញ្ជាក់ថា តារាកំប្លែងនាយ ក្តិប គឺជាតារាប្រុសជើងចាស់មួយរូបដែលមានឈ្មោះល្បីស្ថិតក្នុងក្រុមរបស់នាយ ក្រឹម។ ការសាងកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំរបស់នាយ ក្តិប លើវិស័យសិល្បៈនេះដែរបានធ្វើឲ្យមហាជនមិនតិចនាក់នោះឡើយបន្តការគាំទ្រនិងលើកសរសើរពីសមត្ថភាពកំប្លែងរបស់តារាប្រុសវ័យចំណាស់រូបនេះ៕
Source: Kampuchea Thmey Daily
0 Comments