លោកណយផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជាបានប្រាប់ឲ្យដឹង ថា ប្រទេសចំនួន១១ក្នុងតំបន់អាស៊ី បានបញ្ជូនកីឡាករវ័យក្មេង និង គ្រូបង្វឹក គ្រូជំនួយ ទៅចូលរួមក្នុងព្រឹត្តិការណ៍ការបោះជំរំហ្វឹកហាត់ នៅប្រទេសថៃ “ Training Camp MAG Coaches Bangkok”នេះ។លោកបញ្ជាក់ថា មានគ្រូបង្វឹកចំនួន៣០រូប បានចូលរួមក្នុងព្រឹត្តិ ការណ៍នេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
លោកណយផាណា បានអោយដឹងទៀតថា កម្ពុជាបានបញ្ជូន គ្រូជំនួយ២រូប និង កីឡាករកាយសម្ព័ន្ធមួយរូប ទៅចូលរួមការបោះ ជំរំហ្វឹកហាត់ នៅប្រទេសថៃ “ Training Camp MAG Coaches Bangkok” នេះ តាំងពីថ្ងៃទី១០ មិថុនា មកម្ល៉េះ ហើយពេលនេះបានត្រឡប់ មកដល់កម្ពុជាវិញហើយ។
គ្រូជំនួយទាំង២រូបនោះ មានលោកវាស សារិទ្ធ និងលោកសោសុផេង រួមជាមួយ កីឡាករអៀ សៀវម៉ី ដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍“ Training Camp MAG Coaches Bangkok” នេះ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បញ្ជាក់ថា ជាមួយនឹង ការចូលរួមក្នុងវគ្គនេះ គ្រូជំនួយកម្ពុជាទាំង ២ រូបរួមជាមួយគ្រូមកពីហ្វីលីពីន មួយរូប បានទទួលសញ្ញាប័ត្របញ្ចប់វគ្គAcademy Level-1កម្រិតអន្តរជាតិ ដែលជាវគ្គមួយ លំ បាកក្នុងការប្រជែងយក ជាទីបំផុត។
គ្រូជំនួយលោកវាស សារិទ្ធ និង សោសុផេង គឺជាជនកម្ពុជាដំបូងគេ ដែលបានទទួល ការទទួល ស្គាល់ពីសហព័ន្ធអាស៊ី និងសហព័ន្ធកាយសម្ព័ន្ធថៃ។ ចំពោះកីឡាករវ័យក្មេងកម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ក៏បានទទួលបាននូវការកោតសរសើរ ពីសហព័ន្ធតំបន់ និង ទ្វីបអាស៊ីដែរ។
សូមបញ្ជាក់ថា វគ្គនេះត្រួតពិនិត្យដោយអ្នកជំនាញការជាន់ខ្ពស់ មកពីទ្វីបអាស៊ីដែល ជាជនជាតិកូរ៉េខាងត្បូង៕
Source: Kampuchea Thmey Daily
0 Comments