អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សក្នុងចំនួនកំណត់ត្រា៦៨.៥លាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ ដោយសារតែសង្គ្រាម អំពើហិង្សា និងការធ្វើទុក្ខបុកម្នេញនៅទីតាំងនានាជាពិសេសក្នុងប្រទេសមីយ៉ាន់ម៉ា និងស៊ីរី។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារជនភៀស UN បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៧ ចំនួននេះគឺខ្ពស់ជាងឆ្នាំមុនជិត៣លាននាក់ហើយបានបង្ហាញពីការកើនឡើង៥០ភាគរយបើធៀបនឹងចំនួន៤២.៧លាននាក់ដែលបានចាកចេញពីផ្ទះរបស់ពួកគេកាលពីទសវត្សរ៍មុន។
របាយការណ៍ដដែលបាននិយាយថា តួលេខបច្ចុប្បន្នគឺស្មើនឹងចំនួនប្រជាជនរបស់ប្រទេសថៃទាំងមូលហើយចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំគឺស្មើនឹងមនុស្សម្នាក់ក្នុងចំណោម ១១០នាក់នៅទូទាំងពិភពលោក។
ឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវមុនការបង្ហាញរបាយការណ៍នេះថា “ប្រហែល៧០ភាគរយនៃចំនួននោះគឺជាមនុស្សមកពីប្រទេសត្រឹមតែ១០ប៉ុណ្ណោះ”។
លោកបានបន្តថា “ប្រសិនបើមានដំណោះស្រាយចំពោះជម្លោះក្នុងប្រទេសទាំង១០នោះឬក្នុងចំណោមពួកគេមួយចំនួននោះ តួលេខដ៏ធំដែលកើនឡើងជារៀងរាល់ឆ្នាំគឺអាចនឹងធ្លាក់ចុះ”។
ស្របពេលជាមួយគ្នានោះដែរ លោកបានអំពាវនាវឲ្យមានឆន្ទៈនយោបាយបន្ថែមទៀតដើម្បីបញ្ឈប់វិបត្តិនេះដែលកំពុងជំរុញឲ្យមនុស្សចាកចេញពីផ្ទះរបស់ពួកគេ។
របាយការណ៍នេះបានបង្ហាញទៀតថា មនុស្សចំនួន១៦.២លាននាក់បានផ្លាស់ប្តូរទីលំនៅថ្មីកាលពីឆ្នាំមុននិងរាប់បញ្ចូលទាំងអ្នកដែលបានបង្ខំចិត្តភៀសខ្លួនជាលើកដំបូងព្រមទាំងអ្នកដែលបានភៀសខ្លួនកាលពីមុនផងដែរ។
UNHCR បាននិយាយថា នេះស្មើទៅនឹងមនុស្សចំនួន៤៤,៥០០នាក់ដែលកំពុងត្រូវបានជំរុញឲ្យចាកចេញពីផ្ទះរបស់ពួកគេជារៀងរាល់ថ្ងៃឬស្មើនឹងមនុស្សម្នាក់ក្នុងរយៈពេល២វិនាទី។
គិតត្រឹមបំណាច់ឆ្នាំ២០១៧ មានអ្នកផ្លាស់ទីលំនៅក្នុងប្រទេសចំនួន៤០លាននាក់នៅទូទាំងពិភពលោកដែលចំនួននេះមានការធ្លាក់ចុះបន្តិចបន្តួចបើធៀបទៅនឹងឆ្នាំមុននោះដោយប្រទេសកូឡុំប៊ី ស៊ីរីនិងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានចំនួនច្រើនជាងគេបំផុត៕ AFP
Source: Kampuchea Thmey Daily
0 Comments