Ad Code

លោក​វេង សាខុន ផ្តល់​ចំណង​ដៃ​ថ្មី​ដល់​ អ្នក​ស្រុក​តំបែរ គឺ​(កើត ការ និង មរណភាព) ទទួល​ការឧបត្ថម្ភ​១០ម៉ឺនរៀល និង​ធ្វើ​សំបុត្រ​កំណើត ​អាពាហ៍ពិពាហ៍ ​និង​មរណភាព



ភ្នំពេញ ​៖​ លោក​ វេ​ង សាខុន ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ ស្រុក​តំបែរ បាន​ប្រកាស​ឲ្យ​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ ចុះ​អនុវត្ត​គោល​ នយោបាយ ក​៣ (​កើត ការ និង​ការទទួល​មរណ​) ដោយ​ត្រូវ​ជួយឧបត្ថម្ភ ១០​ម៉ឺន​រៀល សម្រាប់​ពិធី​នីមួយៗ ហើយ សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​ធ្វើ​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំបុត្រ​មរណភាព​ដល់​ទី​កន្លែង​ដោយ​គ្មាន​យក​កម្រៃ​សេវា​ជូន​ប្រជាជន។

លោក​វែង សាខុន ថ្លែង​បែបនេះ ​បាន​ធ្វើ​ឡើង នៅក្នុង​ពិធី សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​ចំនួន ១៧០០​នាក់ ដើម្បី​ធ្វើការ​ សំណេះសំណាល សាកសួរ​សុខទុក្ខ និង​ស្តាប់​នូវ​រាល់​បញ្ហា​ដែល​កំពុង​កើតមាន​ទាំង​ក្នុង​ការងារ ​បង្កបង្កើនផល និង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន រួច​ព្យាយាម​កែលម្អ និង​ដោះស្រាយ​ជូន​ជា​ជំហានៗ​ទៅតាម​ការចាំបាច់​។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​បរិវេណ​វត្ត​ខ្នុរ ភូមិ​ខ្នុរ ឃុំ​នាង​ទើត ស្រុក​តំបែរ​។​

​លោកពូ​សាំង សឿន មេឃុំ​នាង​ទើត បាន​អាន​របាយការណ៍ ដោយ​សង្ខេប​ពី​សមិទ្ធផល​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល បាន​កសាង​និង​អភិវឌ្ឍ​ក្នុង​ឃុំ ពិសេស​ដោយ​ទទួល បានការ​យកចិត្តទុកដាក់ ​ឧបត្ថម្ភ គាំទ្រ​ពី​ឯកឧត្តម​ប្រធាន​ក្រុមការងារ សហការី និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ធ្វើ​ឲ្យ​ឃុំ​នាង​ទើត​មារ​ការ​កែប្រែ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ​។​

​ឆ្លៀត​យក​ឱកាស នោះ លោក វេ​ង សាខុន បានធ្វើការ​សំណេះសំណាល សាកសួរ​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ និង​សូម​សម្តែង​នូវ​អំណរ​សាទរ សប្បាយរីករាយ​ដោយ​បាន​ឃើញ​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ម្លប់​សុខសន្តិភាព​ដ៏​ប្រពៃ​ដែល​សម្តេច​តេ​ជោ​សែន​បាន​ខិតខំ​តស៊ូ ពុះពារ​គ្រប់​ឧបសគ្គ​នាំយកមក​ជូន​ជនរួមជាតិ​។ ជានិច្ចកាល ទោះ​ឋិត​ក្នុង​កាលៈទេសៈ​ណាក៏ដោយ សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ដោយ​មិន​ព្រងើយកន្តើយ ជាក់ស្តែង​ថ្ងៃនេះ​តាមរយៈ​លោក សម្តេច​តេ​ជោ​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​ក្រហមប្រាក​កម្ពុជា បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​បងប្អូន​ដែលមាន វត្តមាន​នៅទីនេះ នៅ​ទូទាំង​ស្រុក​តំបែរ និង​សូម​ជូនពរ​ឲ្យ​ទទួលបាន​នូវ​ពុទ្ធិ​ពរ​ទាំង​៤ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​លោក​បាន​ជម្រាបជូន​អង្គពិធី​ថា ​ក្រោយពី​ប្រទេសជាតិ ទទួលបាន​សុខសន្តិភាព ស្ថិរភាព​ពេញលេញ នាំ​ឲ្យ​ប្រទេស​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជីវភាព​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​កែ លម្អ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ត្រូវបាន​អភិវឌ្ឍ​ជា បណ្តើរៗ សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​។ ទោះជា​យ៉ាងនេះ​ក្តី ក្រោម​ការដឹកនាំ​របស់​សម្តេច រាជរដ្ឋាភិបាល​កំពុង​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត និង​រិះរក​គ្រប់​មធ្យោបាយ ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ និង​គាំពារ​សង្គម សមស្រប​ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម សេចក្តីត្រូវការ កំណើនសេដ្ឋកិច្ច​គ្រួសារ កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ​ចំណាកស្រុក ជា​ជំហានៗ​ធានាបាន​នូវ​សុខ សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និង​ការរីកចម្រើន​ដោយ​និរន្តរភាព ស្របតាម ទស្សនវិស័យ​នា​ឆ្នាំ ២០៣០ របស់​រាជរដ្ឋាភិបាល​គឺ​ចង់​ប្រែក្លាយ​ប្រទេស​យើង​ឲ្យ​ទៅជា​ប្រទេស​មាន​ចំណូល មធ្យម​កម្រិត​ខ្ពស់​។ ដើម្បី​សម្រេច បាន​នូវ​ឆន្ទៈ​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ នូវ​ផែនការ​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូប​វ័ន​សំខាន់ៗ​ដូចជា ការពង្រីក គមនាគមន៍​ផ្លូវទឹក ផ្លូវគោក និង​អាកាស ដើម្បី​បង្ក​លក្ខខណ្ឌ​ល្អ​សម្រាប់​ការវិនិយោគ ទេសចរណ៍ ការនាំចេញ​កសិផល បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោល នយោបាយ​ដ៏​ត្រឹមត្រូវ​និង​ច្បាស់លាស់​នេះ​។​

​លោក​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ត្រូវខិតខំ​យកចិត្តទុកដាក់​ថែរក្សា​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​ទាំងអស់​ដែល​យើង​បាន​រួមគ្នា​កសាង​កន្លងមក​។ ដូច្នេះ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ឃុំ​នាង​ទើត និង​នៅ​ទូទាំង​ស្រុក​តំបែរ​សូម​អញ្ជើញ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន រូប​សញ្ញា​ទេវតា​បាចផ្កា លេខ​រៀង​ទី​២០ ស្រួល​ចាំ ស្រួល​គិត និង​ស្រួយ​គូស ដើម្បី​ផ្តល់ជូន​សម្តេច​តេ​ជោ​សែន​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​នៅ អាណត្តិ​ក្រោយៗ​ទៀត​។​

ជា​ចំណងដៃ​ថ្មី​មួយទៀត​សម្រាប់​ស្រុក​តំបែរ លោក​បាន​ឲ្យ​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​អនុវត្ត​គោល នយោបាយ ក​៣ (​កើត ការ និង​ការ​ទទួល​មរណៈ​) ដោយ​ត្រូវ​ជួយឧបត្ថម្ភ ១០​ម៉ឺន​រៀល សម្រាប់​ពិធី​នីមួយៗ ហើយ សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​ធ្វើ​សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំ​បុត្រ​មរណភាព​ដល់ទី​កន្លែង​ដោយ​គ្មាន​យក​កម្រៃ​សេវា​ជូន​ប្រជាជន៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu