Ad Code

លោក Trump និយាយ​ថា សហរដ្ឋអាមេរិក​មិន​មែន​ជា “​ជំរំ​អន្តោប្រវេសន៍​ទេ​” ចំពេល​មាន​វិបត្ដិ​បំបែកបំបាក់​គ្រួសារ



ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​សន្យា​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋអាមេរិក​នឹងមិន​ក្លាយជា “​ជំរំ​អន្តោប្រវេសន៍​” ទេ ​ខណៈពេលដែល​លោក​កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ដើម្បី​ឲ្យ​បញ្ចប់​ការ​បំបែក​ក្រុមគ្រួសារ​ជនអន្តោប្រវេសន៍​នៅតាម​ព្រំដែន​ភាគខាងត្បូង​រប​ស់​អាមេរិក​។​

ខណៈពេលដែល​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​បាន​គាំទ្រ​គោលនយោបាយ “​មិន​អត់ឱន​” របស់លោក Trump ចំពោះ​អ្នក​ដែល​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​ការអនុញ្ញាត​ហើយ​ទទូចថា កុមារ​កំពុង​ត្រូវបាន​ឃុំឃាំង​នៅក្នុង​លក្ខខណ្ឌ​មនុស្សធម៌​នោះ​, ការរិះគន់​បាន​កើនឡើង​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​សិទ្ធិមនុស្ស​និង​នៅក្នុង​គណបក្ស​សាធារណរដ្ឋ​របស់លោក​ប្រធានាធិបតី​ផ្ទាល់​។​

ខណៈ​វិបត្តិ​នៅតាម​ព្រំដែន​អាមេរិក​បាន​ចោទ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ​ចំពោះ​តំណែង​ប្រធានាធិបតី​របស់គាត់​នោះ​, លោក Trump នៅតែ​រឹង​ចចេស​បើទោះបីជា​សមាជិក​សភាគ​ណ​បក្ស​ប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​ថា​បានដាក់​កុមារ​នៅក្នុង “​ទ្រុង​” ដាច់ដោយឡែក​ពី​ឪពុកម្តាយ​របស់​ពួកគេ​ហើយ​អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​ប្រដូច​ការអនុវត្តន៍​នេះ​ដូច “​ការធ្វើ​ទារុណកម្ម​” ក៏ដោយ​។​

លោក Trump បាន​និយាយ​នៅ​សេត​វិមាន​ថា “​សហរដ្ឋអាមេរិក​នឹង​មិនមែនជា​ជំរំ​អន្តោប្រវេសន៍​ទេ​ហើយ​វា​នឹង​មិនមែនជា​កន្លែង​ឃុំឃាំង​ជនភៀសខ្លួន​ដែរ​”​។​

លោក​បាន​បន្តថា “​ចូរ​អ្នក​មើលទៅ​អ្វីដែល​កំពុង​កើតឡើង​នៅក្នុង​ទ្វីបអឺរ៉ុប​ទៅ អ្នក​ក្រឡេកមើល​អ្វីដែល​កំពុង​កើតឡើង​នៅ​កន្លែង​ផ្សេងទៀត​ទៅ យើង​មិនអាច​អនុញ្ញាត​ឲ្យ​រឿង​នោះ​កើតឡើង​ចំពោះ​សហរដ្ឋអាមេរិក​បានទេ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump បាន​និយាយថា លោក​ចង់​ឲ្យ​ការ​បំបែក​ក្រុមគ្រួសារ​ត្រូវ​បញ្ចប់​ប៉ុន្តែ​បាន​បដិសេធ​ទទួលខុសត្រូវ​និង​ស្តីបន្ទោស​គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​គណបក្ស​មាន​សំឡេង​ភាគតិច​នៅក្នុង​សភា​ថា​បាន​រារាំង​ច្បាប់​ស្តីពី​បញ្ហា​ដ៏​ធំ​នៃ​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់។​

ទិន្នន័យ​ថ្មី​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​បានបង្ហាញ​ថា មាន​កុមារ​ចំនួន​២,៣៤២​នាក់​ត្រូវបាន​បំបែក​ចេញពី​ឪពុកម្តាយ​ឬ​អាណាព្យាបាល​របស់​ពួកគេ​ចាប់តាំងពី​ដើមខែ​ឧសភា​មក​នៅពេលដែល​រដ្ឋបាល​បាន​និយាយថា ខ្លួន​នឹង​ចាប់ខ្លួន​និង​ចោទប្រកាន់​ជនអន្តោប្រវេសន៍​ទាំងអស់​ដែល​ឆ្លងដែន​ខុសច្បាប់​ពី​ព្រំដែន​ម៉ិ​ក​ស៊ិ​កដោយ​មិន​គិតថា​តើ​ពួកគេ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន ឬក៏​អត់​នោះទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu